ភ្នំពេញៈ ចិនប្តេជ្ញាមិនបញ្ឈប់ការផ្តល់ជំនួយដល់កម្ពុជា ហើយនៅតែបន្តគាំទ្រដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតដល់ជំងឺនេះត្រូវបានបិទបញ្ចប់។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ចិននិងកម្ពុជាជាមិត្តដែកថែប ដែលបានរួមគ្នាកសាងខ្សែការពារដែលមិនអាចបំបែកបានសម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបង្កើតបានជាគំរូសាមគ្គីប្រយុទ្ធប្រឆាំងជំងឺនេះសម្រាប់សហគមន៍អន្តរជាតិ។ នេះបើយោងតាមហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី៥ វិច្ឆិកា។

លោក Wang Wenbin ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសចិន កាលពីថ្ងៃទី៤ វិច្ឆិកា។

លោកថ្លែងថា៖ «យើងនឹងបន្តជួយគាំទ្រដល់ភាគីកម្ពុជាក្នុងកិច្ចទប់ស្កាត់ជំងឺវីរុស ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ»។

លោក Wang Wenbin បន្តថា៖ «យើងរីករាយសហការជាមួយប្រជាជនកម្ពុជាដែលជាបងប្អូនរបស់ចិន បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យកាន់តែស៊ីជម្រៅ ដើម្បីជួយស្តារសេដ្ឋកិច្ចដល់ភាគីកម្ពុជា កែលម្អជីវភាពរស់នៅរបស់ប្រជាជន ដើម្បីឱ្យមិត្តភាពចិននិងកម្ពុជារឹងជាងដែក មាំជាងថែប»។

មន្ត្រីអ្នកនាំពាក្យរូបនេះបានកោតសរសើរចំពោះវិធានការទប់ស្កាត់ជំងឺកូវី១៩ ដែលកំណត់ដោយកម្ពុជា និងបានសម្ដែងការរីករាយចំពោះ «សមិទ្ធផលផ្លែផ្កា» ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកម្ពុជាទទួលបាន៕