​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្តេជ្ញា​លើកកម្ពស់​ប្រព័ន្ធ​ស្បៀង​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ ដោយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​នានា ខណៈ​កម្ពុជា​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ​២០២២​។​

​លោក​ថ្លែង​ដូច្នេះ​តាមរយៈ​សារលិខិត​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ​៦ វិច្ឆិកា ដើម្បី​អបអរ​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​៨ ថ្ងៃទី ​៦ ខែ វិច្ឆិកា ឆ្នាំ ​២០២១ ក្រោម​ប្រធានបទ «​ការពង្រឹង​ប្រព័ន្ធ​ស្បៀង​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ក្នុង​បរិបទ​វិបត្តិ​កូ​វីដ ​១៩ កម្ពុជា​មិន​ត្រឹមតែ​អាច​បញ្ចៀស​បាន​វិបត្តិ​ស្បៀងអាហារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ចាប់យក​ឱកាស​វិបត្តិ​កូ​វីដ ​១៩ ​នេះ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ស្បៀង​តាមរយៈ​ការដាក់ចេញ​វិធានការ​ផលិត​និង​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​និង​ស្បៀងអាហារ​មានគុណ​ភាព និង​សុវត្ថិភាព​ទៅ​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។

​លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ ដោយ​ឈរលើ​កត្តា​សន្តិភាព ​និង​ស្ថិរភាព​នយោបាយ ដែល​បង្កើតបាន​នូវ​បរិយាកាស​មួយ​ដ៏​រឹងមាំ​ឈានទៅ​សម្រេចបាន​ចក្ខុវិស័យ​ស្តីពី​ប្រព័ន្ធ​ស្បៀង​ឆ្នាំ​ ២០៣០​។ រាជរដ្ឋាភិបាល​បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​និង​ពិភពលោក​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្តថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ​២០២២ រាជរដ្ឋាភិបាល​នឹង​បន្ត​ជំរុញ​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន និង​ថែរក្សា​តួនាទី​របស់​អាស៊ាន​ដែលជា​តំបន់​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ពាណិជ្ជកម្ម ការវិនិយោគ និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​របស់​ពិភពលោក​។

​លោក ហ៊ុន សែន ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​នឹង​បន្ត​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​នានា ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​ស្បៀង​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ ធន់​នឹង​ភាព​ងាយ​រងគ្រោះ​វិបត្តិ និង​បញ្ហា​ផ្សេងៗ ការពារ​បរិស្ថាន​និង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការជំរុញឱ្យ​ប្រព័ន្ធ​ស្បៀង​ឆ្ពោះទៅរក​ការអភិវឌ្ឍ​បៃតង​»៕​