​ភ្នំពេញៈ មន្ត្រី​បរិស្ថាន​កម្ពុជា​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​មូលនិធិ​ពី​បណ្តា​ប្រទេស​នានា​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ក្នុងដំណាក់កាល​នៃ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ក្រោយ​វិបត្តិ​កូ​វីដ ​១៩​។

​លោក ស៊ុំ ធី អគ្គលេខាធិការរង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ថ្លែងថា​៖ «​ប្រទេស​កម្ពុជា ​ត្រូវការ​ការគាំទ្រ​ពី​គ្រប់​ដៃគូ​ទាំងអស់ រួមទាំង​មូលនិធិ​បរិស្ថាន​សកល មូលនិធិ​អាកាសធាតុ​បៃតង និង​ជំនួយ​ទ្វេភាគី ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​ក្នុងដំណាក់កាល​នៃ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩»​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី ​៦ វិច្ឆិកា​។​

​លោក​ថ្លែង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក Carlos Manuel Rodriguez នាយក​មូលនិធិ​បរិស្ថាន​សកល (GEF) ក្នុង​ឱកាសលោក​ចូលរួម​សន្និសីទ​លើក​ទី​២៦ បណ្តា​ភាគី​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP26) នៅ​ទីក្រុង​ក្លាស​ហ្កូ (Glasgow) ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃទី​៥ វិច្ឆិកា​។

​លោក ស៊ុំ ធី បន្តថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​ដឹកនាំ​រៀបចំ​ចំណាត់​អាទិភាព និង​វិធាន​ការបន្ថែម​ពាក់ព័ន្ធ​នឹង​ភាព​ធន់​នឹង​អាកាសធាតុ និង​ការស្តារ​បៃតង​នៅក្នុង​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឆ្នាំ​ ២០២១-២០២៣​។

​កម្ពុជា​បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ រយៈពេល​ ១០ ​ឆ្នាំ និង​បាន​ដាក់ជូន​លេខាធិការដ្ឋាន​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នូវ​ផែនការ​បច្ចុប្បន្នភាព​ការចូលរួមចំណែក​ជាតិ (Updated NDC)​។

​លោក​បន្តថា កម្ពុជា​ចង់ឃើញ​ការគាំទ្រ​ទាំង​បច្ចេកវិទ្យា និង​ហិរញ្ញប្បទាន​សម្រាប់​អនុវត្ត​ផែនការ​ដែលមាន​ស្រាប់​ ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​សហគមន៍ និង​សេដ្ឋកិច្ចជាតិ​៕​