ភ្នំពេញៈ​កម្ពុជា-ថៃ បាន​ឯកភាព​គ្នា​បន្ត​កិច្ច​សហប្រតិ​បត្តិការ​ក្នុងការ​ស្វែង​រក​វិធីសាស្ត្រ​និង​មធ្យោ​បាយ​គាំទ្រ​ ដើម្បី​បំផ្លាញ​ក្រុម​អង្គការ​ចាត់​តាំង​នៃ​ក្រុម​ឧក្រិដ្ឋ​ជនដែល​ជា​មេខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​កាន់​ព្រំដែន​នៃ​ប្រទេស​ទាំង២​ បន្ទាប់​ពីកម្ពុជា​បាន​បង្ក្រាប​បទ​ល្មើស​ធំៗ​ចំនួន ​២ ករណី កាល​ពី​ពេល​ថ្មី​នេះ ដែល​មាន​ជាប់​ព័ន្ធ​នឹង​ជន​ជាតិ​ថៃ​មួយ​ចំនួន​ ។

លោក មាស វិ​រិ​ទ្ធ អគ្គ​លេខា​ធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ថា រូប​លោក និង លោក វី​ចៃ ចៃ​ម៉ុង​ខន អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ថៃកាល​ពីថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ​នេះ បាន​ពិភាក្សា​គ្នា​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ឆ្លង​កាត់​ព្រំដែន ​ដោយ​បាន​ពិនិត្យ​វាយ​តម្លៃ​ទៅលើ​ផ្លូវ​ចរាច​រណ៍​គ្រឿង​ញៀន​នេះថា ​វា​ចេញ​មកពី​ប្រភព​ណា និង​ទិស​ដៅ​សំខាន់​ទៅ​ទីណា​។

លោក​បាន​បន្ត​ថា​ ភាគី​ទាំង​ ២ បាន​ឯក​ភាព​បន្ត​ជួយ​គ្នា​ទៅវិញ​ទៅមក​ តាម​រយ​:កា​រផ្លាស់ប្តូរ​ព័ត៌មាន ​ការតាម​ដាន​ផ្លូវ​ចរាចរណ៍ ខ្សែ​បណ្តាញ​ក្រុម​ឧក្រិដ្ឋ​ជន​និង​បទ​ល្មើស​សម្អាត​ប្រាក់ ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​កិច្ច​សហ​ប្រតិបត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ពិសេស​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿ​ងញៀន​ឆ្លង​កាត់​ព្រំដែន​។

លោក​បាន​បញ្ជាក់​ថា៖ «យើងរួ​មគ្នា​ធ្វើការ​វិភាគ​ទៅលើ​ទិដ្ឋភាព​បច្ចេក​ទេស និ​ង​ក្រប​ខ័ណ្ឌ​នៃ​កិច្ចស​ហប្រតិបត្តិ​ការក្នុងការ​អនុវត្ត​ច្បាប់ ដោយ​បាន​កំណត់​ថាប្រ​ភព​គ្រឿង​ញៀ​នេះមាន​ចេញ​មកពី​តំបន់​ត្រីកោណ​មាស​ហើយ​ក្រុម​ឧក្រិដ្ឋ​ជន​ដែល​បាន​ចរាចរ​ណ៍គ្រឿ​ង​ញៀ​ន​ចេញ​ពី​តំបន់​ផលិត​ទៅរក​ទីផ្សារ​ប្រើ​ប្រាស់ និង​យក​ទៅ​កាន់​ប្រទេស​ទី ៣ បាន​ប្រឹ​ព្រឹត្ត​សម្រេច​ជា​ច្រើនលើក​»។

លោក​បញ្ជាក់​ទៀត​ថាឈ​រលើ​មូល​ដ្ឋាន​នៃ​កិច្ចស​ហកា​រ​នេះភាគី​ថៃ​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​មួយ​ចំនួន ​នៅក្នុង​ទឹកដី​ថៃដែល​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ទៅនឹ​ង​ការ​ប្រព្រឹត្ត​បទល្មើស​ឬ​ចូលរួម​ប្រព្រឹត្ត​បទ​ល្មើស​គ្រឿង​ញៀន​ទាំង ២ ​ករណី​នេះនៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ដោយ​បាន​អនុវត្ត​ច្បាប់​ស្រប​ទៅ​តាម​នីតិ​វិធី​ភ័ស្ដុ​តាង​ដែល​ភាគី​កម្ពុជា បង្ក្រាប​បាន និង​ភ័ស្តុ​តាង​បច្ចេ​កទេស។​

បើតាម លោក​ មាស វី​រិ​ទ្ធិ​ ភាគី​ថៃក៏បាន​ស្នើសុំ​កិច្ច​សហ​ការ​ដោយ​បញ្ជូន​អ្នកប​ច្ចេកទេ​សមក​ចូល​រួម​ស្តាប់​ចម្លើយ​ និងកា​រសួរ​សំណួរ​ទៅ​លើ​ជនជាតិ​ថៃ​ទៅតាម​បច្ចេក​ទេស​របស់​ន​គរបាល​យុត្តិ​ធម៌ ​ដែល​ប្រមូល​បាន​ភ័ស្ត​តាង ​និង​ព័ត៌មាន​ដែល​អាច​បញ្ជាក់ថា​ក្រុម​ជនល្មើស​ប្រព្រឹត្ត​បទ​ល្មើស​ចាប់ពី​ពេល​ណា​មក ​និង​មាន​ចំណង​ទាក់​ទង​នឹង​ការដឹក​ជញ្ជូន​គ្រឿង​ញៀន​ចេញ​ទៅ​កាន់​ប្រទេស​ទី ៣ ដែល​ឆ្លង​កាត់​ប្រទេស​កម្ពុជា​ ។

យោង​តាម​របាយ​ការណ៍​​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ចេញ​កាល​ពីថ្ងៃទី ៥ ​វិច្ឆិកា​បាន​បង្ហាញ​ថាបញ្ហា​​បទល្មើ​ស​គ្រឿង​ញៀន​ឆ្លង​កាត់​ព្រំដែន​ នៅតែ​មាន​ស្ថាន​ភាព​ស្រួច​ស្រាល់​ដែល​តម្រូវឱ្យ​ប្រទេស​កម្ពុជា-ថៃ​​រួមគ្នា​ដោះ​ស្រាយ​ បង្ការ បង្ក្រាប ឱ្យ​ដល់​ឫស​គល់​នៃ​ក្រុម​ឧក្រិដ្ឋ​ជន​មាន​អង្គការ​ចាត់​តាំង ​ដើម្បី​សុវត្ថិ​ភាព​សន្តិសុខ​និង​សុខុមាល​ភាព​រស់នៅ​រប​ស់​ប្រជា​ពលរដ្ឋ​នៃ​ប្រជា​ជាតិ​យើង​ទាំង ២។

​របាយកា​រណ៍​ដដែល​ប​ន្ត​ថាក្នុង​កាលៈទេ​សៈ​ពិភព​លោក​ប្រឈម​នឹង​បញ្ហា​ជំងឺ​រាតត្បាត​កូ​វីដ ១៩ ​ព្រំដែន​របស់​បណ្តា​ប្រទេស​លើ​លោក​ត្រូវ​បាន​បិទ​ខ្ទប់​យ៉ាង​តឹង​រ៉ឹង ទោះបីថា ​ពិបាក​ក្នុងការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លងកា​ត់ ប៉ុន្តែ​ការ​ផលិត​គ្រឿង​ញៀន​របស់​ក្រុម​ឧក្រិដ្ឋជន​នៅ​បន្ត​មាន​សកម្ម​ភាព​ខ្លាំង​ក្លា រួមទាំង​វិធីសាស្ត្រ​លួច​លាក់​ធ្វើ​សកម្ម​ភាព​កាន់​តែមាន​ភាពប្រែ​ប្រួល និង​ស្មុគ​ស្មាញ​ឡើង។

ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះកម្លាំ​ង​សម​ត្ថកិច្ច​របស់​កម្ពុជា​បាន​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ចំនួន ​២ ក​រណី​ធំៗ ដែល​ជាប់​ព័ន្ធ​នឹង​ជន​ជាតិ​ថៃ ដោយ​ករណី​ទី ១ កាលពី​ថ្ងៃទី ២២ ខែតុ​លា ឆ្នាំ ២០២១ សមត្ថ​កិច្ច​បាន​ចុះ​បង្ក្រាប និង​ឃាត់​ខ្លួន ជន​សង្ស័យ​ចំនួន ៣ ពាក់ព័ន្ធ​​នឹង​ករណី​ជួញដូរគ្រឿង​ញៀ​នជាង ​២៥ ​គីឡូ​ក្រាម​នៅ​ខេត្ត​បន្ទាយ​មានជ័​យ និង​សៀមរាបដោយ​ចាប់ខ្លួន​បាន​ជនជាតិ​ថៃ​ម្នាក់ និង ខ្មែរ ​២ ​នាក់​ ។

ករណី​ ១ ​ទៀត គឺកាល​ពី​ថ្ងៃទី ​២២ ខែតុលា សមត្ថកិច្ច​ខេត្ត​កោះកុ​ងបាន​បង្ក្រាប​គ្រឿង​ជាង​ ២០​០ គីឡូក្រាម ​ដែល​ត្រៀម​នាំចេញ​ទៅ​ប្រទេស​ថៃ ដោយ​បាន​ឃាត់​ខ្លួន​មេខ្លោ​ង​ជា​ជនជាតិ​ថៃ​ចំនួន ​២ ​នាក់ និង​កម្មករ​ខ្មែរ៥​នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់។

បើ​តាម​របាយ​ការ​ណ៍រ​បស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រ​ឆាំង​គ្រឿង​ញៀន​រយ:ពេល ​៩ ខែ កម្ពុ​ជា​ចាប់​ជន​សង្ស័យ​សរុប​ប្រមាណ​ជា​ង ១ ម៉ឺន​នាក់ ​(ជ​នជាតិខ្មែរ​ ៩ ​៧៣១ ​នាក់​និង​ជន​បរទេស​ ២៧៧​ នាក់)​ក្នុង​នោះ ​ករណី​ជួញ​ដូរ​រក្សាទុក ​៦ ១៤១ នាក់,ករណី​ប្រើប្រាស់​គ្រឿង​ញៀន​ ៣​ ៨៤១ នាក់ , ករណី​ដាំ​ដុះ ៩ នាក់ និងក​រណី​កែច្នៃ ​១៧ នាក់៕