ភ្នំពេញៈអាជ្ញាធរ​ខណ្ឌ​កំបូល និងមន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ម្ចាស់​រោងចក្រ CUCU Cambodia International Co., Ltd ប្រសិន​បើ​​រោង​ចក្រ​​នេះ នៅ​តែ​បន្ត​ដុត​កម្ទេច​ក្រណាត់​ ដើម្បី​ដំណើរការ​ឡ​ម៉ាស៊ីនកំដៅ​ ដើរ​ដោយ​ថាមពល​ចំហាយ​ទឹក ដែល​ធ្វើ​ឱ្យ​មាន​ផ្សែង និង​ក្លិន​ឈ្ងៀម​ បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​រស់​នៅ​ក្នុង​តំបន់​នោះ​។

លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​​ថ្ងៃទី ០៧ វិច្ឆិកា ថា ក្រោយពី​ទទួលបាន​សេចក្ដី​រាយការណ៍ ​ពី​ប្រជាពលរដ្ឋ និង​លោកគ្រូ​អ្នកគ្រូ​មួយចំនួន​ នៅ​សាលាបឋមសិក្សា​អូ​ឌឹ​ម​ថា ផ្សែង​និង​ក្លិន​ឈ្ងៀម ដែល​ភាយ​ចេញពី​រោងចក្រ​កាត់ដេរ ​និង​បោក​អ៊ុត​សម្លៀកបំពាក់​របស់​​រោង​ចក្រ​​ CUCU កំពុង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ដល់​សុខភាព​ផ្លូវដង្ហើម​របស់​ពួកគេ ពិសេស​ក្មេងតូចៗ ដែលជា​សិស្សសាលារួចមក រដ្ឋបាល​ខណ្ឌ​កំបូល បាន​សហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​ នៃ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ដល់ទី​តាំង​ក្រុមហ៊ុន​រោងចក្រ​។

ក្រុម​មន្ត្រី​ជំនាញ​ ​បាន​ណែនាំ​ឱ្យ​ភាគី​ក្រុមហ៊ុន បញ្ឈប់​ការយក​កម្ទេចក្រណាត់​មក​ដុត ដើម្បី​ដំណើការ​ឡ​ម៉ាស៊ីនកំដៅ ដើរ​ដោយ​ថាមពល​ចំហាយ​ទឹក សម្រាប់​ការបោក​គក់ និង​អ៊ុត​សម្លៀកបំពាក់​​នោះ​តទៅទៀត។

លោក ស៊ុន​សូ​ដា ​​បាន​ព្រមាន​ថា៖ «ក្រុមការងារ​យើង​ បានធ្វើ​ការណែនាំ និង​ជំរុញ​ឱ្យ​ភាគី​តំណាង​រោងចក្រ​ ចុះកិច្ចសន្យា បញ្ឈប់​ការយក​កម្ទេច​ក្រ​ណាត់​មក​ដុត​បង្កាត់ភ្លើង ដើម្បី​ដំណើការ​ឡ​ម៉ាស៊ីនកំដៅ​ ដើរ​ដោយ​ថាមពល​ចំហាយ​ទឹក​នោះ​តទៅទៀត។ ក្នុងករណី​មិន​អនុវត្តតាម​សេចក្ដីណែនាំ អាជ្ញាធរ​យើង នឹង​ចាត់វិធានការ​តាមច្បាប់​រដ្ឋបាល»។

បើតាម​លោក​ស៊ុន​សូ​ដា អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​ភាគី​ក្រុមហ៊ុន ប្រើប្រាស់​អុស​និង​ធ្យូង ជំនួសកម្ទេច​ក្រ​ណាត់ សម្រាប់​ដុត​ដំណើការ​ឡ​ម៉ាស៊ីនកំដៅ​នោះ ព្រោះ​វា​មិន​បង្ក​ជា​ផ្សែង ​និង​ក្លិន​ឈ្ងៀម​ដូចជា​កម្ទេច​ក្រណាត់​នោះទេ។

ជាមួយគ្នានេះ​ លោក គាត​ រង្សី​ ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ខែ​មុន ក្រុមការងារ​របស់លោក បាន​ចុះ​ពិនិត្យ និងណែនាំ​ដល់​ភាគី​​រោង​ចក្រ ​ឱ្យ​បញ្ឈប់​ការដុតកម្ទេច​ក្រណាត់ សម្រាប់​ដំណើការ​ឡ​ម៉ាស៊ីនកំដៅ​ដើរ​ដោយ​ថាមពល​ចំហាយ​ទឹក​នោះ​ ម្ដង​រួចមកហើយ ដោយបាន​ព្យ​ល់​ថា ផ្សែង និង ក្លិន​ឈ្ងៀម នៃ​ការដុត​កម្ទេច​ក្រ​ណាត់ បាន​បង្ក​ឱ្យខ្យល់អាកាស​មិន​បរិសុទ្ធ មាន​ជាតិ​ពុល ធ្វើ​ឱ្យប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម​ របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ទីតាំង​រោងចក្រ។

លោក​​បាន​ព្រមាន​ថា៖ «នេះ​ជា​លើក​ទី២ហើយ ដែល​ក្រុមការងារ​យើង​ បាន​ចុះ​ពិនិត្យ​ណែនាំ​ដល់​ភាគី​រោងចក្រ CUCU ឱ្យ​បញ្ឈប់​ការដុត​កម្ទេច​ក្រណាត់។ យើង​នឹង​ចាត់វិធានការ​ច្បាប់ ប្រសិនបើ​ភាគី​រោងចក្រ​ នៅតែ​បន្ត​ ដុត​កម្ទេចក្រណាត់​ ដើម្បី​ដំណើការ​ឡ​ម៉ាស៊ីនកំដៅ​នោះ​តទៅទៀត ​ផ្ទុយ​ពី​សេចក្ដីណែនាំ​របស់​យើង»។

ជុំវិញ​ករណីនេះ មិនអាច​ទាក់ទង ខាង​ភាគី​​រោង​ចក្រ​ CUCU ដើម្បី​ស្នើសុំ​អធិប្បាយ​បានទេ ​កាលពី​ថ្ងៃទី០៧ វិច្ឆិកា​។

ទោះយ៉ាងណា លោក នុត សោភា ដែល​រស់នៅ​ក្បែរ​ទីតាំង​ក្រុមហ៊ុននេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយពី​រដ្ឋបាល​ខណ្ឌ​កំបូល រួមទាំង​សមត្ថកិច្ច​ជំនាញ​ បាន​ចុះ​ពិនិត្យ ​និង​ណែនាំ​រួចមក មិនឃើញ​មាន​ផ្សែងខ្មៅ​ និង​ក្លិន​ឈ្ងៀមនៃ​កម្ទេច​ក្រណាត់​ភាយ​ចេញពី​រោងចក្រ​នោះ​ទៀតឡើយ។

លោក​សោភា ​ថ្លែងថា៖ «នៅពេលនេះ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ព្រោះ​កន្លងមក​ ខ្ញុំ​នឹង​អ្នកភូមិ​ដែល​រស់នៅ​ក្បែរ​រោងចក្រ​នេះ ដកដង្ហើម​សឹង​មិន​រួច​ ដោយសារតែ​ក្លិន​ឈ្ងៀមកម្ទេច​ក្រណាត់​នោះ បណ្ដាល​ឱ្យ​ឈឺក្បាល វិលមុខ ហើយ​ខ្លះ​ក៏​ធ្លាក់ខ្លួន​ឈឺ​ផ្នែក​ផ្លូវដង្ហើម​រ៉ាំ​រ៉ាំរ៉ៃ»៕