​ព្រះសីហនុៈ​ មនុស្ស​ ប្រុស-​ស្រី១៦នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា​ ករណី​លេង​និង​បើក​ល្បែង​បាញ់ត្រី​ខុសច្បាប់​ ៣ទីតាំង ​ស្ថិត​ក្នុងភូមិ​៣​សង្កាត់​លេខ​៣ ​ក្រុង​-​ខេត្ត​ព្រះ​សីហនុ​។​

លោក​តី​ វិសាល​ អធិការ​នគរបាល​​ក្រុង​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី​៧​វិច្ឆិកា​ថា​ ជន​សង្ស័យ​ទាំង​នោះ​មាន​បុរស​ជា​អ្នក​លេង​ល្បែង​ចំនួន​១០នាក់​និង​ស្ត្រី​អ្នក​គ្រប់​គ្រង​ទីតាំង​ចំនួន​៦​នាក់​។

លោក​ថ្លែងថា​៖«​យើង​បង្ក្រាប​ដោយ​សារ​ល្បែង​បាញ់​ត្រី​ទាំងនេះ​ខុសច្បាប់។​ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​​​បាន​បញ្ជូន​ជន​ប្រុស​ស្រី​ទាំង​១៦​នាក់​ទៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុងព្រះ​សីហនុ​ដើម្បី​ធ្វើការ​ស៊ើបសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសី​ហនុ​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​បន្ត​ទៀ​ត​»​។​​​

លោក​បន្តថា​ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​៧​ទូ​ និង​ទូ​ផ្លែ​ឈើ​ចំនួន​២​។​​

លោក ​សេក ​សុជាតិ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត​ បា​ន​ថ្លែងនៅ​រសៀល​ថ្ងៃទី​៧ ខែ​វិច្ឆិកា​ថា ​សមត្ថ​កិច្ច​គ្រប់គ្រង​នៅ​តាម​មូលដ្ឋាន​ទាំង​នោះ​ អាច​រួម​ដៃ​ជាមួយ​ម្ចាស់​អ្នក​រកស៊ី​ខុស​ច្បាប់​ទាំង​នោះ ​រក​ផល​ប្រយោជន៍​រួ​ម​គ្នា​៕​ ​ ​