កំពង់ចាមៈ កម្លាំង​នៃ​ស្នងការ​ដ្ឋាន​​នគរបាល​ខេត្តកំពង់ចាម នៅ​ល្ងាច​ថ្ងៃទី ៧ វិច្ឆិកា​ បាន​បញ្ជូន​ជន សង្ស័យ​ចំនួន​ ២៣ នាក់ ​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់​ចាម ពាក់ព័ន្ធ​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿង​ញៀនដោយ​ខុសច្បាប់ ​បន្ទាប់​ពី​​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ ១៥ ​ថ្ងៃ​កន្លង​មក​ ។

លោក​ ជីវ សេង​រស់ ស្នងការរង​ ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ខេត្តកំពង់ចាម ថ្លែង​នៅ​ថ្ងៃទី ៧ ខែវិច្ឆិកា​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម ដោយបាន​ការ​អនុញ្ញាត​ពី​លោក​សាន សុភ ព្រះរាជអាជ្ញារង នៃ​អយ្យការ​ អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត រួមជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ អធិការដ្ឋាន​នគរ​បាល​ស្រុក​បាធាយ អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ខ្នុរ​ដំបង បើក​កិច្ចប្រតិបត្តិការ​ចុះ បង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់​ដោយ​ខុសច្បាប់​ នូវ​គ្រឿង​​ញៀន​នោះ។

លោក​ប្រាប់ថា ដំបូង​សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​ម្នាក់ រួម​នឹង​បក្ខពួក​ដែល​នៅ​ជាមួយគ្នា​ចំនួន ២ នាក់ នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម។ បន្ទាប់មក​សមត្ថកិច្ច​បានធ្វើ​ការសួរនាំ​ជនសង្ស័យ​ទាំង ៣ នាក់ ទើប​ស្រាវជ្រាវ​ចាប់បាន​បន្ថែម​ជំ​នួន ៦ នាក់​ទៀត នៅ​ថ្ងៃទី ២២ តុលា។

លោក​ស្នងការរង​បន្តថា តាមរយៈ​ការពិនិត្យ​លើ​ការទំនាក់ទំនង​ទូរ​ស័ព្ទ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ សមត្ថកិច្ច​បាន​សហកា​រ​ជាមួយ​នគ​របាល​រាជធានី​ភ្នំពេញ​​ចាប់​ឃាត់​ខ្លួន​បាន ២ នាក់ និង​បាន​សហការ​ជា​មួយ​សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ឃាត់​ខ្លួន​បាន ​៤ នាក់ និង​ស្រុក​មុខកំពូល ២ នាក់ នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា។

ចំណែក​ក្រៅពីនោះ សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ ​ចាប់​ជនសង្ស័យ​ដែល​បាន​ទំនាក់ទំនង​តាម​ទូរ​ស័ព្ទ​មករក​ទិញ​ថ្នាំញៀន​ដែល​ក្នុង​ប្រតិបត្តិការ ១៥ ថ្ងៃ​គិតពី​ថ្ងៃទី ២២ ខែតុលា ដល់​ថ្ងៃទី ៦ ខែវិច្ឆិកា សមត្ថកិច្ច​ឃាត់​​ខ្លួន​បាន​ជនសង្ស័យ​ទាំងអស់ ២៣ នាក់​ សុទ្ធតែជា​ប្រុស ក្នុងនោះ មាន​ជនជាតិ​ចិន ១ នាក់ ។

លោក​ថ្លែងថា ៖ «ថ្ងៃនេះ​ធ្វើ​នីតិវិធី​ ហើយ​នៅ​ល្ងាច​នេះ (៧វិច្ឆិកា)​ យើង​នឹង​បញ្ជូន​ជនសង្ស័យ​ទាំងអស់​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់» ។

បើតាម​លោក​ ជីវ សេង​រស់ ក្នុង​ប្រតិបត្តិការ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​បន្ត​បន្ទាប់​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំញៀន​ចំនួន ១៧ កញ្ចប់ (ធំ ១ កញ្ចប់) ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ចំនួន ១ គ្រឿង​ទូរស័ព្ទដៃ​ចំនួន ២២ គ្រឿង​ រថយន្ដ​ចំនួន ១ គ្រឿង​ផាស​ស្អាប់​ចំនួន ១ គ្រឿង និង​ម៉ូតូ​ចំនួន ១ គ្រឿង ៕