ស្ទឹង​ត្រែងៈ នគរបាល​ខេត្ត​ស្ទឹងត្រែង កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​ ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្ម ២ នាក់​បន្ថែមទៀត ក្រោយពី​ជនសង្ស័យ​ម្នាក់​ ដែល​ត្រូវបាន​ចាប់ខ្លួន​ កាលពី​ថ្ងៃទី ០៥ វិច្ឆិកា បាន​សារភាពថា ខ្លួន​និង​បក្ខពួក ២ នាក់​ទៀត បាន​រួមដៃគ្នា​ពួនស្ទាក់​វាយ​សម្លាប់​បុរស​ម្នា​ក់ នៅ​កណ្ដាល​ព្រៃ​ កាលពី​យប់​ថ្ងៃទី ៣១ តុលា ។

លោក វ៉ា សុផាន់ ស្នងការរង​ខេត្តស្ទឹងត្រែង ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ថ្ងៃទី ០២ វិច្ឆិកា លោក ភី​ម លៀម អាយុ ៥០ ឆ្នាំ ត្រូវបាន​ក្រុមគ្រួសារ​ និង​សាច់ញាតិ​ ប្រទះឃើញ​ស្លាប់​ នៅក្បែរ​មាត់​អូរ​កណ្ដាល​ព្រៃ​ស្ងាត់​មួយកន្លែង ​ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​កោះ​ស្នែង ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ បន្ទាប់ពី​គាត់​បាន​បាត់​ខ្លួន​ពីផ្ទះ​ចំនួន ៣ ថ្ងៃ។

ក្រោយពី​ទទួលបាន​សេចក្ដីរាយការណ៍​ ពី​ការប្រទះ​ឃើញ​សព​ជនរងគ្រោះ ក្រុម​សមត្ថកិច្ច​ជំនាញ ​បាន​ចុះ​ទៅ​​ធ្វើ​កោ​លស​ល្យ​​​វិ​ច្ច័​យ​សាក​ស​ព​ជនរងគ្រោះ​ នៅនឹងកន្លែង​កើតហេតុ ហើយ​បា​នពិនិត្យ​ឃើញ​ជនសង្ស័យ ​មាន​របួស​ផ្នែក​ក្បាល ដែល​នគរបាល​ជំនាញ​សន្និដ្ឋានថា​ ការស្លាប់​របស់​ជនរងគ្រោះ​ជា «អំពើ​ឃាតកម្ម» សម្លាប់​ប្លន់​យក​ទ្រព្យ ព្រោះ​សាច់ញាតិ​អះអាងថា ជនរងគ្រោះ​ពេល​ចេញពីផ្ទះ​ បាន​ជិះ​ម៉ូតូ​មួយគ្រឿង។

លោក​បាន​បញ្ជាក់ថា៖ «ក្រោយពី​ធ្វើការ​ស្រាវជ្រាវ យ៉ាង​ស្ងប់ស្ងាត់ និង​យ៉ាង​ម៉ត់​​ចត់​បំផុត​នោះ នៅ​ថ្ងៃទី ០៥ វិច្ឆិកា ក្រុម​កម្លាំង​សមត្ថកិច្ច​ជំនាញ​យើង ក៏បាន​ចាប់​ឃាត់ខ្លួន ​បុរស​សង្ស័យ​ម្នាក់​ឈ្មោះ ធា សុភា អាយុ ២៤ ឆ្នាំ ជា​អ្នករស់នៅ​ភូមិ​កោះ​ហិប ឃុំ​កោះ​ស្នែង ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ។ ជនសង្ស័យ​បាន​សារភាពថា​ ពួកគេ​មាន​គ្នា​បីនាក់»។

លោក សុផាន់ បាន​ឱ្យ​ដឹង​ទៀតថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ជនរងគ្រោះ​ឈ្មោះ ភឹម លៀម ចេះ​អំពើ​អាប​ធ្មប់ បាន​ធ្វើ​អំពើ​ឱ្យ​​ឪពុក​របស់គេ​ស្លាប់ កាលពី​ប៉ុន្មាន​ឆ្នាំមុន ទើប​នៅ​យប់​ថ្ងៃទី ៣១ ខែតុលា ជនសង្ស័យ និង​បក្ខពួក ២ នាក់​ទៀត ដែលជា​អ្នករស់នៅ​ភូមិ​ជាមួយគ្នា រួមមាន​ឈ្មោះ លៀង ស៊ី​ដា អាយុ ២៨ ឆ្នាំ និង ឈ្មោះ សា សីហា អាយុ២៨ឆ្នាំ បានរួម​គំនិត​គ្នា​ ធ្វើ​សកម្មភាព​ពួនស្ទាក់​វាយ​សម្លាប់​ជនសង្ស័យ​ក្នុងព្រៃ​នោះ ហើយ​នាំគ្នា​យក​ម៉ូតូ​ជិះ​​រត់គេច​ពី​ភូមិ។

លោកបាន​លើកយក​សម្ដីរ​បស់ជនស​ង្ស័​យ​ឈ្មោះ ធា សុភា មក​បញ្ជាក់ទៀតថា «កាលពី​ប៉ុន្មាន​ឆ្នាំមុន គាត់ [ជន​រងគ្រោះ]​ បានធ្វើ​អំពើ​អាប​ធ្មប់​ឱ្យពុក​ខ្ញុំ​ស្លាប់»។

លោក​បញ្ជាក់​ថា​៖ «យ៉ាងណាក៏ដោយ នោះ​គឺជា​ការចោទប្រកាន់ ដោយ​គ្មាន​ភស្ដុតាង និងជា​ចម្លើយ​ដោះសារ​របស់​ជន​សង្ស័យ​ប៉ុណ្ណោះ»។

លោក បាន​បន្តថា គ្មាន​អ្នកភូមិ​ណាមួយ​អះអាងថា ជនរងគ្រោះ​ ចេះ​អំពើ​អាប​ធ្មប់​នោះទេ ពីព្រោះ​ជនរងគ្រោះ​គ្រាន់តែ​ជា​អ្នកនេសាទ​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ ហើយ​គាត់​ក៏​មិន​ធ្លាប់មាន​ទំនាស់​ជាមួយ​អ្នកភូមិ​ណា​ម្នាក់​​ដែរ​។

បើតាម​លោក សុផាន់ ក្រុមមន្ត្រី​នគរបាល​ជំនាញ ​បាន​កសាង​សំណុំរឿង​ចោទប្រកាន់​ជនសង្ស័យ​ក្នុង​បទល្មើស «ឃាតកម្ម​គិតទុក​ជាមុន» នឹង​ត្រៀម​បញ្ជូន​សំណុំរឿង និង ជនសង្ស័យ​ ទៅកាន់​តុលាការ​នៅ​​ព្រឹក​ថ្ងៃ​​ទី ០៨ វិច្ឆិកា​ ដើម្បី​ចំណាត់​ការបន្ត​តាម​នីតិវិធី ហើយ​សមត្ថ​កិច្ច​នឹង​បន្ត​ស្រាវជ្រាវ ស្វែងរក​ជនសង្ស័យ ២ នាក់​ទៀត ដែលជា​បក្ខពួក៕