
សកម្មភាពយុវតីម្នាក់បរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ ហ៊ាន រង្សី
ភ្នំពេញៈ មន្ទីរពេទ្យកុមារគន្ធបុប្ផាអំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ដែលគ្រប់អាយុ និងមានសុខភាពល្អ ចូលរួមបរិច្ចាគឈាមនៅផ្នែកផ្ដល់ឈាមនៃមន្ទីរពេទ្យនេះ ដើម្បីចូលរួមជួយគាំពារ និងសង្គ្រោះដល់កុមារទូទៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីអំពាវនាវ។
លោក មាស សារិទ្ធ ប្រធានរដ្ឋបាលនៃមន្ទីរពេទ្យគន្ធបុប្ផាថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ៧ ខែវិច្ឆិកាថា ការអំពាវនាវនេះ ដោយសារភាពរអាក់រអួលក្នុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ ទើបមន្ទីរពេទ្យអំពាវនាវដល់ក្រុមគ្រួសារក៏ដូចជាសប្បុរសជនទាំងឡាយមានសុខភាពល្អ មិនមានជំងឺប្រចាំកាយ ចូលរួមបរិច្ចាគឈាមនៅផ្នែកផ្ដល់ឈាមក្នុងមន្ទីរពេទ្យ។
លោកថ្លែងថា៖ «យើងអំពាវនាវរហូតមិនឱ្យដាច់ទេ។ យើងធ្វើការអំពាវនាវ គឺអំពាវនាវដល់ក្រុមគ្រួសារអ្នកជំងឺ ឬមួយក៏សប្បុរសជនដែលស្ម័គ្រចិត្ដក្នុងការផ្ដល់ឈាម ដូចជាសិស្ស និស្សិតដែលមានសុខភាពល្អគឺយើងទទួល»។
លោក មាស សារិទ្ធ លើកឡើងថា ធម្មតារឿងឈាមគ្មានអ្នកណាម្នាក់ផលិតបានក្រៅពីមនុស្សទេ។ មានតែមនុស្សទេ ដែលជាអ្នកផលិតឈាម ដូច្នេះ ភាពចាំបាច់ក្នុងការជួយសង្គ្រោះ ដូចជាគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវការឈាម ឬក៏មានជំងឺផ្សេងៗទៀតដែលចាំបាច់ក្នុងការបញ្ចូលឈាម គឺចាំបាច់ណាស់ ដែលឈាមមានប្រយោជន៍ច្រើនក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ។
ឈាមដែលទទួលបានពីសប្បុរសជន គឺសម្រាប់យកទៅប្រើប្រាស់សង្គ្រោះដល់កុមាររងគ្រោះ និងគ្រួសារប្រជាពលរដ្ឋដែលក្រីក្រ ក្នុងករណីមិនអាចរកអ្នកផ្ដល់ឈាមឱ្យបាន គឺឈាមមានការចាំបាច់ណាស់ត្រូវតែផ្ដល់ឈាមឱ្យជនរងគ្រោះ ដោយមិនអាចទុកឱ្យជនរងគ្រោះស្លាប់ទេ។
លោកឧទាហរណ៍ដូចជាស្ដ្រីសម្រាលកូន បើសិនជាហូរឈាមច្រើនបណ្ដាលមកពីការសម្រាលកូននោះ ឬមានបញ្ហាផ្សេងទៀតតាមលក្ខណៈបច្ចេកទេសដោយហូរឈាមមិនឈប់ហើយគ្មានឈាមសម្រាប់បម្រុងទុកនៅក្នុងមន្ទីរពេទ្យ ទម្រាំរត់ទៅរកឈាមពីកន្លែងផ្សេងបាន គឺយឺតពេលសម្រាប់ការជួយសង្គ្រោះជនរងគ្រោះបាត់ទៅហើយ។
លោកបញ្ជាក់ថា៖ «នេះហើយគឺជាភាពចាំបាច់ ដូច្នេះហើយបានជាមន្ទីរពេទ្យគន្ធបុប្ផាមានកន្លែងទទួលឈាម និងកន្លែងស្ដុកឈាមទុក ដែលយើងហៅថា ធនាគារឈាម (Kantha Bopha Blood Bank)»។
លោក មាស សារិទ្ធ ថ្លែងថា ការអំពាវនាវនេះមិនមែនទើបតែធ្វើនៅពេលនេះទេ ឱ្យតែខ្វះឈាម មន្ទីរពេទ្យតែងតែអំពាវនាវរក ជាពិសេសបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ឈាម រាល់ពេលមានកង្វះខាតឈាម។
លោកបានឱ្យដឹងថា ពលរដ្ឋស្ម័គ្រចិត្ដផ្ដល់ឈាមដល់មន្ទីរពេទ្យគន្ធបុប្ផាអាចទៅផ្ដល់ឈាមនៅមន្ទីរពេទ្យ ដែលមាននៅខេត្ដសៀមរាប មន្ទីរពេទ្យគន្ធបុប្ផា វត្ដភ្នំ និងក្រោយព្រះបរមរាជវាំង។ ពលរដ្ឋអាចមកផ្ដល់ឈាមបាននៅក្នុងម៉ោងធ្វើការរបស់មន្ទីរពេទ្យ លើកលែងតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ នៅតាមសាខាមន្ទីរពេទ្យគន្ធបុប្ផានីមួយៗក្នុង ១ ថ្ងៃអាចទទួលឈាមពីប្រជាពលរដ្ឋបានត្រឹម ២០ នាក់ប៉ុណ្ណោះ។
យោងតាមសេចក្តីអំពាវនាវរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផាបានជម្រាបជូនដំណឹងដល់សប្បុរសជន និងក្រុមគ្រួសាររបស់កុមារដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនេះថា ថ្មីៗនេះ មន្ទីរពេទ្យបានបង្កើតឡើងនូវផ្នែកផ្តល់ឈាមនៅក្នុងមន្ទីរពេទ្យផ្ទាល់តែម្ដង គឺក្នុងន័យដើម្បីបង្កើតប្រសិទ្ធភាពក្នុងការជួយស្រោចស្រង់ជីវិតកុមារ ដែលកំពុងប្រឈមមុខនឹងគ្រោះថ្នាក់។
មន្ទីរពេទ្យឱ្យដឹងថា៖ «ស្ថិតនៅក្នុងស្ថានភាពបែបនេះ មន្ទីរពេទ្យកុមារគន្ធបុប្ផាយើងខ្ញុំ សូមអំពាវនាវដល់បងប្អូនសប្បុរសជន និងក្រុមគ្រួសារកុមារដែលមានជំងឺ មេត្តាចូលរួមបរិច្ចាគឈាមនៅផ្នែកផ្ដល់ឈាមឱ្យបានច្រើនកុះករ ដើម្បីជាកិច្ចរួមសហប្រតិបត្តិការក្នុងការជួយគាំពារ និងសង្គ្រោះដល់កុមារទូទៅ»។
យុវតី រ៉ាវី សុភារ័ត្ន បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលម្នាក់នៅភ្នំពេញបានប្រាប់ថា នាងបានចាប់ផ្ដើមផ្ដល់ឈាមកាលពីឆ្នាំ ២០២០។ ប៉ុន្ដែកាលពីដំបូងឡើយនាងបានផ្ដល់ឈាមដល់មន្ទីរពេទ្យកុមារអង្គរស្ថិតក្នុងខេត្ដសៀមរាប ហើយឥឡូវនេះនាងបានកំណត់ខ្លួនឯងផ្ដល់ឈាមជាទៀងទាត់រវាងរយៈពេល ៤ ខែម្ដង។
នាងបានថ្លែងថា៖ «ដូច្នេះ ១ ឆ្នាំខ្ញុំអាចផ្ដល់ឈាម ៣ ដង។ ដូច្នេះខ្ញុំសម្រេចចិត្ដថា ខ្ញុំនឹងបន្តផ្ដល់ឈាមជាទៀងទាត់រៀងរាល់ ៤ ខែម្ដង នេះជាការប្ដេជ្ញាចិត្ដរបស់ខ្ញុំ»។
សុភារ័ត្នបានថ្លែងដោយលើកឡើងថា មូលហេតុដែលនាងសម្រេចចិត្ដផ្ដល់ឈាមទៅដល់មន្ទីរពេទ្យសង្គ្រោះកុមារនេះ ដោយសារតែនាងគិតថា ជាផ្នែកមួយជួយដល់ជីវិតកុមារ។ នាងថា ការផ្ដល់ឈាមដល់មន្ទីរពេទ្យគន្ធបុប្ផា ឬមន្ទីរពេទ្យកុមារ-អង្គរជាជាងទៅផ្ដល់ឈាមនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដោយសារនាងចង់ឱ្យឈាមរបស់នាងទៅដល់កុមារ និងមន្ទីរពេទ្យនេះព្យាបាលកុមារដោយឥតគិតថ្លៃ។ ដូច្នេះការបរិច្ចាគឈាមគឺជាចំណែកមួយជួយដល់កុមាររងគ្រោះដែលត្រូវការសង្គ្រោះជីវិត៕
វីដេអូ៖