ភ្នំពេញៈ បណ្ដា​ប្រទេស​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​ ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ​ប្រកាស​ប្តេជ្ញា​បញ្ចប់​អំពើហិង្សា​លើ​កុមារ ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ និង​រយៈពេល​ក្រោយមកទៀត ខណៈ​មានការ​ប៉ាន់ប្រមាណ​ថា មាន​កុមារ​រហូតដល់ ១ ​ពាន់​លាន​នាក់​នៅ​ទូទាំង​សកលលោក ជួបប្រទះ​អំពើហិង្សា​ក្នុង​ទម្រង់​មួយចំនួន​ជា​រៀងរាល់ឆ្នាំ​។

សេចក្តី​ប្រកាស​ព័ត៌មាន រួមគ្នា​របស់​អង្គការ UNICEF និង​អង្គការ WHO ពី​ទីក្រុង​បាងកក​ និង​ម៉ានីល ពីថ្ងៃ​ទី​ ៥ វិច្ឆិកា បានឱ្យ​ដឹងថា​ថ្នាក់ដឹកនាំ និង​អ្នកតំណាង​រដ្ឋាភិបាល​ពី ២៥ ​ប្រទេស នៅក្នុង​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​បាន​ពង្រឹង​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការបញ្ចប់​អំពើ​ហិង្សា​លើ​កុមារ នៅក្នុង​សន្និសីទ​តាម​ប្រព័ន្ធ​អនឡាញ ដែល​មាន​រយៈពេល ៥ ​ថ្ងៃ ចន្លោះ​ពីថ្ងៃ​ទី​ ១ ដល់​ថ្ងៃទី​ ៥ ខែវិច្ឆិកា​។

សេចក្តីប្រកាស​ដដែល​បន្ត​ថា គណៈប្រតិភូ​កម្ពុជា​មាន​វត្តមាន​ចូលរួម​ប្រមាណ​ជិត​ ៨០ ​រូប និង​មាន​តំណាង​មកពី​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​ជាច្រើនរូប​ទៀត​។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «​សន្និសីទ​រយៈពេល ៥ ​ថ្ងៃ​ដែល​ត្រូវបាន​រៀបចំ​ឡើង​នៅក្នុង​បរិបទ​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ នេះ​មាន​គោលបំណង​បញ្ចប់​អំពើហិង្សា​លើ​កុមារ​នៅលើ​របៀបវារៈ​នៃ​ការស្ដារ​ឡើងវិញ ស្របពេល​អនុវត្ត​ក្របខ័ណ្ឌ​នៃ​ យុទ្ធសាស្ត្រ​ INSPIRE: ​យុទ្ធសាស្ត្រ​ទាំង​ ៧ សម្រាប់​ការបញ្ចប់​អំពើហិង្សា​លើ​កុមារ​ដែល​ត្រូវបាន​រៀបចំ​ដោយ​ WHO ​យូនីសេហ្វ និង​ដៃគូ​ដទៃទៀត​ ដើម្បី​ធ្វើ​សកម្មភាព​នានា​ដោយ​ផ្អែកលើ​ភ័ស្តុតាង​»​។

ការប្រកាស​នេះ​ស្របពេល​មានការ​ប៉ាន់ប្រមាណ​ថា មាន​កុមារ​រហូតដល់ ១ ​ពាន់​លាន​នាក់​នៅ​ទូទាំង​សកលលោក​ជួបប្រទះ​អំពើហិង្សា​ក្នុង​ទម្រង់​មួយចំនួន​ជា​រៀងរាល់ឆ្នាំ ក្នុង​នោះ​រួមមាន​អំពើហិង្សា​លើផ្លូវ​កាយ និង​ផ្លូវភេទ ការមិន​អើពើ ព្រមទាំង​ការធ្វើ​ទុក្ខបុកម្នេញ​។ អំពើហិង្សា​កើតឡើង​នៅ​ទីកន្លែង​ជាច្រើន រួមមាន​នៅផ្ទះ​សាលារៀន សហគមន៍ និង​តាម​ប្រព័ន្ធ​អនឡាញ និង​ត្រូវបាន​ប្រព្រឹត្ត​ដោយ​សមាជិក​គ្រួសារ ដៃគូ​ស្និទ្ធស្នាល គ្រូបង្រៀន អ្នកជិតខាង និង​ជនចម្លែក ខណៈ​អំពើហិង្សា​បែបនេះ​បង្ក​គ្រោះថ្នាក់ ធ្វើឱ្យ​មាន​ការឈឺចាប់ និង​ភាពអាម៉ាស់​ចំពោះ​កុមារ ហើយ​អំពើហិង្សា​ក៏ធ្វើឱ្យ​កុមារ​ស្លាប់​ផងដែរ​។

UNICEF ឱ្យដឹងថា តាម​ទិន្នន័យ​ពី​ការអង្កេត​នានា​បង្ហាញ​ដូចៗ​គ្នា​ថា​ប្រេវ៉ាឡង់​នៃ​អំពើហិង្សា​លើ​កុមារ​នៅផ្ទះ​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​ចាប់តាំងពី​ការចាប់ផ្ដើម​នៃ​ជំងឺ​រាតត្បាត​កូវីដ ដោយសារ​ការដាក់​វិធានការ​រាំងខ្ទប់ និង​ការបិទ​សាលារៀន​។

UNICEF បញ្ជាក់ថា​៖ «​កុមារ​ប្រមាណ ៣៧៥ ​លាន​នាក់ នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​ប្រឈមមុខ​នឹង​ការបិទ​សាលារៀន​អស់​រយៈពេល​ច្រើនជាង ៣០ ​ថ្ងៃ ហើយ​ការរៀនសូត្រ​តាម​ប្រព័ន្ធ​អនឡាញ​បាន​ក្លាយទៅជា​សមាសធាតុ​យ៉ាង​ចាំបាច់​នៃ​ការអប់រំ និង​ការភ្ជាប់​ទំនាក់ទំនង​សង្គម​សម្រាប់​កុមារ​ជាច្រើន​នៅក្នុង​ទូទាំង​តំបន់​នេះ​»​។

លោក Takeshi Kasai នាយក​ប្រចាំ​តំបន់​នៃ​ WHO ​សម្រាប់​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ថ្លែងថា ខណៈ​យើង​ឈានទៅ​បញ្ចប់​ឆ្នាំ​ ២០២១ យើង​បានកំណត់​ឃើញ​មេរៀន​សំខាន់ៗ​ជាច្រើន​។ លោក​ថា​៖ «​មេរៀន​មួយ គឺ​សេចក្ដី​ត្រូវការ​ក្នុង​ការធានាថា កុមារ​មិន​ត្រូវបាន​ទុកចោល​ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា គឺជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ឆ្លើយតប​ចំពោះ​ជំងឺ​កូវីដ​ ១៩ និង​យុទ្ធសាស្ត្រ​ស្ដារឡើងវិញ​»​។

ចំណែក​លោក​ Marcoluigi Corsi​ នាយក​ស្តីទី​យូនីសេហ្វ ប្រចាំ​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​ថ្លែង​ដែរ​ថា អំពើហិង្សា​លើ​កុមារ​អាច​ទប់ស្កាត់បាន​។ មាន​ភ័ស្តុតាង​កាន់តែច្រើន​អំពី​អ្វីដែល​ដំណើរការ​ទៅបាន​នៅក្នុង​ការទប់ស្កាត់ និង​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​អំពើហិង្សា​លើ​កុមារ​នៅ​គ្រប់​ទីកន្លែង​។

លោក​បញ្ជាក់ថា​៖ «​អ្វីដែល​ត្រូវការ គឺ​ឆន្ទៈ​នយោបាយ​ក្នុង​ការប្រែក្លាយ​ភ័ស្តុតាង​នេះ​នៅ​ជា​ចំណាត់ការ​សម្រាប់​កុមារ ហើយ​យើង​ស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត ដែល​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​មេដឹកនាំ​ក្នុង​តំបន់​នេះ​បានធ្វើ​ឡើង​»​។

លោក​ តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៧ ​វិច្ឆិកា​ថា កម្ពុជា​បាន​ចូលរួម​ការប្តេជ្ញា​ចិត្ត​ក្នុង​ការបញ្ចប់​អំពើហិង្សា​លើ​កុមារ​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ និង​រយៈពេល​ក្រោយមកទៀត​ដោយ​ការដាក់ចេញ​នូវ​កម្មវិធី​ជាច្រើន​ ដើម្បី​គាំទ្រ​ដល់​កុមារ​។

លោក​បញ្ជាក់ថា​៖ «​កម្ពុជា​យើង​នឹង​អាច​រួមចំណែក​កាត់បន្ថយ​អំពើហិង្សា​លើ​កុមារ​។ នៅពេលនេះ​ក្រសួង​សង្គមកិច្ច​រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​កំពុងតែ​បង្កើត​កិច្ចការងារ​ជាច្រើន​លើ​បញ្ហា​ទាំងនេះ​»៕