ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​អបអរសាទរ​ខួប​ ១៨ ​ឆ្នាំ​នៃ​របាំ​ព្រះរាជទ្រព្យ បន្ទាប់ពី​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​។ ចំណែក​ក្រសួង​វប្បធម៌​នៅតែ​ទទូច​ដល់​ពលរដ្ឋ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​ថែរក្សា​ការពារ និង​លើកស្ទួយ​វប្បធម៌​ជាតិ​។

លោក​ ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​យ៉ាង​ដូច្នេះ​ថា ថ្ងៃទី​ ៧ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ គឺជា​ខួប​ទី​១៨ ​ឆ្នាំ​ហើយ ដែល​កម្ពុជា​បាន​ចុះបញ្ជី “​របាំ​ព្រះរាជទ្រព្យ​” ជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែមួយគត់ ដែល​បាន​ថែរក្សា​នាដកម្ម​បុរាណ​មួយ​នេះ អស់​រយៈពេល​ដ៏យូរលង់​ណាស់​មកហើយ​។

លោក​បាន​បន្ថែមថា របាំ​ព្រះរាជទ្រព្យ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី​ ៧ ខែ វិច្ឆិកា ឆ្នាំ​ ២០០៣ នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​។ របាំ​ក្បាច់​ខ្មែរ​បុរាណ ឬ​របាំ​ព្រះរាជទ្រព្យ​នេះ គឺជា​ទម្រង់​របាំ​សក្ការ:​មាន​ភាពល្បីល្បាញ​ខាង​កាយវិការ​ទន់ភ្លន់ គួរឱ្យ​ចង់​គយគន់ និង​មាន​ទ្រង់គ្រឿង​ចាំង​ភ្លឺ​ផ្លេកៗ​។

លោក​ថ្លែងថា​៖ «​របាំ​ព្រះរាជទ្រព្យ របាំ​ក្បាច់បុរាណ​ខ្មែរ ជា​ប្រភេទ​របាំ ដែល​នាដករ ប្រើ​ចលនា​កាយវិការ ក្បាច់ និង​មនោសញ្ចោតនា​យ៉ាង​ប៉ិនប្រសប់​ទៅតាម​ការវិវឌ្ឍ​នៃ​សាច់រឿង ដែល​រៀបរាប់​បញ្ជាក់​ដោយ​ទំនុកច្រៀង​នៃ​ក្រុម​ចម្រៀង​ជា​ពួក​នឹង​ត្រូវ​បាន​ប្រគំ​ដោយ​វង់ភ្លេង​ពិណពាទ្យ ដែលមាន​តួនាទី​ប្រគំ​ជូន​របាំ​នេះ​ផងដែរ​»​។

លោក​ ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ថ្លែង​នៅ​ថ្ងៃទី​ ៧ វិច្ឆិកា​ថា ជា​រៀងរាល់​ឆ្នាំ ក្រសួង​តែង​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ធំ​មួយ​ដោយមាន​ការចូលរួម​ពី​សិល្បករ​របាំ​បុរាណ​ ដើម្បី​បង្ហាញ​ដល់​សាធារណជន​ឱ្យ​ស្គាល់​ពីរ​បាំ​ព្រះរាជទ្រព្យ​។ ប៉ុន្តែ​ឆ្នាំនេះ​ខកខាន​ពិធី​ជួបជុំ​ ដោយសារ​តែ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ដោយ​ក្រសួង​គ្រាន់តែ​ធ្វើជា​វីដេអូ​ឯកសារ​ខ្លីៗ​សម្រាប់​បង្ហាញ​លើ​បណ្តាញ​សង្គម​ ដើម្បី​ចូលរួម​អបអរ​ខួប​លើក​ទី​ ១៨ ​នេះ​។

លោក​បញ្ជាក់ថា​៖ «​បើទោះជា​គ្មានអ្វី​មក​វាស់​ស្ទង់​បាន​ជាក់លាក់​អំពី​កំណើន​នៃ​ការចូលរួម​របស់​យុវជន​ខ្មែរ ក្នុង​ការការពារ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន​ខ្មែរ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការថែរក្សា ដោយ​ស្តែងឡើង​តាមរយៈ​ចូលរួម​គ្រប់​កម្មវិធី​ដែល​បាន​បង្កើតឡើង​សម្រាប់​ផ្សព្វផ្សាយ​អំពី​សិល្បៈ​វប្បធម៌​ខ្មែរ​»​។

លោក​ ប៉ុណ្ណា ​ស៊ីរីវត្ថ ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស យុវជន​ចូលរួម​ស្វែងយល់​សម្បត្តិ​វប្បធម៌​ដ៏មាន​តម្លៃ​របស់​ខ្មែរ និង​ត្រូវ​រក្សា​ការពារ​ឱ្យបាន​គង់វង្ស​កុំឱ្យ​បាត់បង់ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បន្តទៀត​។ លោក​បារម្ភ​ថា បើ​វប្បធម៌​បាត់បង់ និង​មិន​ត្រូវបាន​លើកតម្កើង​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជាតិ​ទាំងមូល ដូច​ទ្រឹស្តី​មួយ​ពោល​ថា វប្បធម៌​រលត់ ជាតិ​រលាយ​។

លោក​ថ្លែងថា​៖ «១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ គឺ​យើង​តែងតែ​អំពាវនាវ​ឱ្យ​យុវជន​ចូលរួម​ក្នុងការ​ថែរក្សា​ការពារ​លើកស្ទួយ ហើយ​បើ​គាត់​អាច​ចូលរួម​ជា​សកម្មភាព​បាន​ទៀត​គឺ​កាន់តែ​ល្អ​។ ការចូលរួម​នេះ គឺ​មិនមែន​តែ​ស្ថាប័ន​ណាមួយ ឬ​នរណាម្នាក់​ទេ​ចំពោះ​វប្បធម៌ គឺ​យើង​ត្រូវការ​ការចូលរួម​ទាំងអស់​គ្នា​»៕