មណ្ឌលគិរីៈ លោក សី ទូច ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្តមណ្ឌលគិរី ថ្លែង​នៅ​ថ្ងៃទី​ ៧ ខែវិច្ឆិកា​ថា ជនខិលខូច​បាន​លួច​ទៅ​ចូល​កាប់រានទន្ទ្រាន​ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច​ភ្នំ​ដោះក្រមុំ ក្នុង​ពេល​មាន​ភ្លៀង​ខ្លាំង​ជាប់ៗ​គ្នា​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមក​។

លោក​ថា កាលពី​ថ្ងៃ​ទី​ ៦ ខែវិច្ឆិកា មន្ទីរ​វប្បធម៌ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្តមណ្ឌលគិរី​ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ ជាក់ស្តែង​ឃើញ​មាន​ការកាប់រាន​ដីព្រៃ​ប្រមាណ​ជាង ២ ​ហិកតា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​កំពុង​ស្រាវជ្រាវ​រឿង​ហ្នឹង ហើយ​នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា​នេះ ខ្ញុំ​នឹង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។ យើង​សោកស្តាយ​ដែល​បាន​បាត់​ដើមឈើ ហើយ​យើង​នឹង​ដាំ​ស្តារឡើងវិញ​ផងដែរ​នៅ​ទីតាំង​នោះ​»​។

លោក​ សី ទូច បញ្ជាក់ថា មន្ទីរ​វប្បធម៌​ខេត្តមណ្ឌលគិរី​មាន​បង្គោល​បេតិកភណ្ឌ​ចំនួន​ ៤៧ ​បង្គោល ប៉ុន្តែ​មិនអាច​បោះ​បាន​ដោយសារ​តែ​បញ្ហា​នៅ​មិនទាន់​ដោះស្រាយ​ចប់​។

លោក​ថ្លែងថា​៖ «​បង្គោល​បេតិកភណ្ឌ​វប្បធម៌​យើង​មាន​ហើយ ប៉ុន្តែ​យើង​អត់​បាន​បោះ​ទេ ដោយសារ​វា​នៅមាន​បញ្ហា ខ្លាចបោះ​ទៅ​ចូល​ដី​យើង​ខ្លួនឯង ឬក៏​ទៅ​ប៉ះពាល់​ដី​គេ អ៊ីចឹង​យើង​បោះបង្គោល​តម្រុយ​»​។

លោក គ្រើង តុលា អ្នកប្រឹក្សា​យោបល់​ក្រុមការងារ​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ថ្លែង​នៅ​ថ្ងៃទី​ ៧ ខែវិច្ឆិកា​ថា ការកាប់​រានទន្ទ្រាន​ដី​រដ្ឋ​ជា​អំពើ​ក្បត់ជាតិ​បំផ្លាញ​ជាតិ​ខ្លួនឯង ព្រោះ​ដី​នោះ​មិនមែន​ជា​ដី​សម្រាប់​ទិញ​លក់​នោះទេ គឺជា​ដី​សម្រាប់​អភិរក្ស ការពារ​ដើម្បី​បង្កើតជា​តំបន់​ទេសចរណ៍វប្បធម៌ សារមន្ទីរ​វប្បធម៌ សាលប្រជុំ​វប្បធម៌ និង​ការគោរព​បូជា ជំនឿ​សាសនា​ផ្សេងៗ​ផងដែរ​៕