កំពង់ស្ពឺៈ ក្មេង​ទំនើង​ចំនួន​ ២៣​ នាក់ ​ត្រូវ​បាន​សមត្ថ​កិច្ច​ឱ្យធ្វើ​កិច្ច​សន្យា ​និង​ធ្វើ​ការ​អប់រំ​រួចឱ្យ​ឪពុក​ម្ដាយ​មក​ធានា យកទៅ​ផ្ទះ​វិញ បន្ទាប់​ពី​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី ៧​វិច្ឆិកា​ នៅ​ស្រុក​ចំនួន ២​ ក្នុង​ខេត្តកំពង់​ស្ពឺ​ ពាក់​ព័ន្ធ​នឹងករណី​បង្ក​ការអុក​ឡុក​នៅ​ក្នុង​ភូមិ។

លោក ​ខឹម​ សាម៉ុន អធិការ​នគ​របាល​ស្រុក​ឧដុង្គ​ប្រាប់​នៅ​រសៀល​ថ្ងៃទី ៨ ​វិច្ឆិកា​ថា ​សមត្ថ​កិច្ច​របស់លោក​បាន​ឃាត់​ក្រុម​យុវ​ជន​ទំនើង​ចំនួន ១៣ នាក់​ ដោយ​សារ​ពួកគេ​ដើរ​អុកឡុក​បង្ក​ការរំខាន​តាម​ភូមិ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឧដុង្គ​។

លោក​បាន​បន្តថា ​ពួក​ក្មេង​ទំនើង​ទាំង​នោះ​ច្រើនតែ​បង្ក​ការរំខាន​ដូចជា ​ប្រើ​កាំបិត​ផ្គាក់ និង​ដាវ​ធ្វើ​សកម្ម​ភាព​អូស​នៅ​តាម​ដងផ្លូវ​ថ្នល់។​សកម្ម​ភាព​បែបនេះ​មើលទៅ​ដូចជា ​មនុស្ស​គ្មាន​សី​ល​ធម៌ គ្មាន​ការអប់រំ ​និង​បង្ក​ភាព​គ្មាន​សណ្តាប់​ធ្នាប់​នៅ​ក្នុង​មូល​ដ្ឋាន។​

លោក​ សា ម៉ុន​ បានថ្លែង​ថា៖ «យើង​មិន​ចង់​ឃើញ​ភាព​គ្មាន​សណ្តាប់​ធ្លាប់​នេះ​ទេ​ហើយ​ថា ​ពួកគេ​នឹង​កែប្រែ​ចិត្ត​គំនិត​មិនគួ​រគ​ប្បី​នេះ»​។

លោក​បាន​បញ្ជាក់​ថា ​យុវជន​ទាំង​ ១៣​ នាក់​នោះ ​ត្រូវ​សមត្ថ​កិច្ច​របស់​លោក​ចាប់​កោរស​ក់ និង​ហៅ​ឪពុក​ម្តាយ​ពួកគេ​មក​ធ្វើ​កិច្ច​សន្យា​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ទើប​អនុញ្ញាត​ឱ្យ​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ​។

ចំណែក​វត្ថុ​តាង​ដែល​ដក​ហូត​ពី​ពួកគេ​រួមមាន ដាវ​ដែក​ចំនួន ​៤​ ដើម, កាំបិត​ផ្គាក់ ១ ដើម​ កូន​កាំបិត​ចុង​ស្រួច​ ១។​

ដោយ​ឡែក​លោក​ ឃុ​ត សុផល​ អធិការ​នគរ​បាល​ ស្រុក​សំរោង​ទង​ បាន​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ៨​ វិច្ឆិកា​ដែរ​ថា ពាក់​ព័ន្ធ​ក្មេង​អត់​សណ្តាប់​ធ្នាប់​នេះ​សមត្ថ​កិច្ច​របស់​លោក​ក៏បាន​ឃាត់​ខ្លួន​បាន​ចំនួន ​១០ នាក់ផង​ដែរ។ ការឃាត់​នេះ​ដោយ​សារ​ពួក​គេ​ជិះ​ម៉ូតូ​ឆាប​បង្អើល​មនុស្ស​ក្នុង​ពិធី​បុណ្យ​កឋិន​ទាន​មួយ​កាលពី​ថ្ងៃទី ៧​ វិច្ឆិកា​។

លោក​បន្តថា ​ក្រោយ​ឃាត់ខ្លួន​សមត្ថ​កិច្ច​របស់​លោក​បាន​ហៅ​ឪពុក​ម្តាយ​របស់​យុវជន​ទាំង ១០​ នាក់​នោះ​ មក​ធ្វើ​កិច្ច​សន្យា​កុំឱ្យ​ប្រព្រឹត្ត​អំពើ​គ្មាន​សណ្តាប់​ធ្នាប់​តទៅ​ទៀត។​

លោក​បញ្ជាក់​ថា៖ «ឈ្មោះ​យុវជន​ទំនើង​ទាំង ១០​ នាក់​នោះ​ យើង​កត់​នៅក្នុង​បញ្ជី​ក្មេង​ទំនើង​ទុក​រួច​ហើយ»។ លោក​ថា ​ពួកគេ​ត្រូវ​សមត្ថ​កិច្ច​បង្គាប់​ឱ្យ​លុត​ជង្គង់​សំពះ​សុំទោស​ឪពុក​ម្តាយ​នៅ​ចំពោះមុខ​សមត្ថ​កិច្ច​មុន​អនុញ្ញាត​ឱ្យ​ត្រឡ​ប់ទៅផ្ទះ​រៀងៗខ្លួន​វិញ​៕