ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណ ៧០ នាក់ មកពីភូមិព្រៃទា ១ ព្រៃទា ២ និងចោមចៅ ៣ បាននាំគ្នាទៅតវ៉ានៅសាលាខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី ៨ វិច្ឆិកា ជំទាស់ការបិទផ្សាយការផ្តល់បណ្ណសម្គាល់សិទ្ធិឱ្យបញ្ជាការដ្ឋាន កងវរសេនាតូចការពារអាកាសលេខ ៩១ ដែលជាដីកំពុងមានទំនាស់។

លោក ជា សុខ ជាតំណាងពលរដ្ឋក្នុងការតវ៉ានោះថ្លែងនៅថ្ងៃទី ៨ វិច្ឆិកាថា ពលរដ្ឋក្នុងទំនាស់ដីធ្លីនេះ មានចំនួន ១៤៥ គ្រួសារ ប៉ុន្តែដោយសារបញ្ហាកូវីដ អ្នកមកចូលរួមតវ៉ាមានប្រមាណតែ ៧០ នាក់ប៉ុណ្ណោះ។ ការតវ៉ានេះធ្វើឡើង ដោយសារមានលិខិតស្នើសុំ របស់លោក សុខ ប៉ាង មេបញ្ជាការកងទ័ពវរសេនាតូចការពារអាកាសលេខ ៩១ ត្រូវបានអភិបាលខណ្ឌពោធិ៍សែនជ័យ ចុះហត្ថលេខាលើលិខិតស្នើសុំនោះ ដើម្បីបិទប្រកាសពីភាពត្រឹមត្រូវរបស់អ្នកសុំធ្វើប្លង់នៅលើដីមានទំនាស់។

លោកថ្លែងថា៖ «គេបិទប្រកាសចន្លោះពីថ្ងៃទី ២៥ ខែតុលា រហូតដល់ថ្ងៃទី ៨ ខែវិច្ឆិកា។ បើសិនមិនមានអ្នកតវ៉ាទេនោះ ការចុះបញ្ជីលើដីទំនាស់នោះ បញ្ជាក់ថាត្រឹមត្រូវ។ អ៊ីចឹងបានប្រជាជនសុខចិត្តទៅតវ៉ា នៅមុខសាលាខណ្ឌពោធិ៍សែនជ័យ សុំកុំឱ្យគាត់ចុះបញ្ជីដីហ្នឹង»។

លោក ជា សុខ ប្រាប់ថា ដីបញ្ជាការដ្ឋានវរសេនាតូចកាពារអាកាសលេខ ៩១ នោះ នៅដំបូងឡើយ កងទ័ពខ្ចីពីប្រជាពលរដ្ឋ ដោយសន្យាថា ពេលចប់សង្គ្រាមនឹងប្រគល់ឱ្យពលរដ្ឋវិញ។ ប៉ុន្តែការខ្ចីនោះមិនមានលាយលក្ខណ៍អក្សរទេ រហូតមកដល់ពេលចប់សង្គ្រាម និងឈានដល់ឆ្នាំ ២០០០ មិនឃើញមានការប្រគល់ដីឱ្យពលរដ្ឋវិញឡើយ។

លោកថា៖ «កងទ័ពពេលនោះដកចេញស្ទើរអស់ក្នុងបន្ទាយហើយ បែរជាមានការរុះរោងយាម មានប្រជាពលរដ្ឋសាងសង់លំនៅឋានដូចជាគ្រួសារយោធា និងមានអ្នកផ្សេងទៀតអ៊ីចឹងទៅ។ ប្រជាជនគិតថា កងទ័ពបែបលក់ដីហ្នឹងហើយ ទើបផ្ទុះការតវ៉ាតាំងពីឆ្នាំ ២០០០ មក»។

អ្នកស្រី ម៉ែន គីម តំណាងប្រជាពលរដ្ឋម្នាក់ទៀតថ្លែងថា កងទ័ពវរសេនាតូចលេខ ៩១ បានខ្ចីដីពីប្រជាពលរដ្ឋចំនួនជាង ៩ ហិកតា ហើយមកដល់ពេលនេះដីរួញនៅសល់តែប្រមាណជាង ៥ ហិកតាប៉ុណ្ណោះ។ ចំណែកនៅជុំវិញបន្ទាយបានកាត់ចេញជាឡូត៍ ដែលមកដល់បច្ចុប្បន្នអាចកើនដល់ចំនួនប្រមាណជិត ១៥០ ឡូត៍ ដែលសម្អាងថា ជាដីគ្រួសារកងទ័ព។

អ្នកស្រីមូល សាមឺន ជាមេភូមិព្រៃទា និងជាតំណាងពលរដ្ឋក្នុងទំនាស់ដីធ្លីនេះប្រាប់ថា ពលរដ្ឋមិនសុខចិត្ត ព្រោះពលរដ្ឋក៏មានចំណាពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឱ្យកាត់ដីទំហំជាង ៤ ហិកតាជូនពលរដ្ឋ ១៤៥ គ្រួសារ ប៉ុន្តែមន្ត្រីយោធាវរសេនាតូចលេខ ៩១ មិនបាន អនុវត្តតាម ឡើយ។

អ្នកស្រីថ្លែងថា៖ «ពលរដ្ឋមានឯកសារក្នុងដៃ ស្របទៅតាមផ្លូវច្បាប់ មានទាំងលិខិតពីលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ឱ្យក្រសួងការពារជាតិអនុវត្តតាមចំណាសម្ដេច [ហ៊ុន សែន] លោកជា សុផារ៉ា ក៏ឱ្យអនុវត្តតាមចំណារបស់សម្តេច តែនៅតែមិនអនុវត្ត ហើយឥឡូវ គាត់បែរ ជាសុំចុះបញ្ជីទៀត»។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ថ្លែងនៅថ្ងៃទី ៨ ខែវិច្ឆិកាថា លោកបានចុះហត្ថលេខាជូនដំណឹងពីការបិទផ្សាយអំពីដំណើការធ្វើបណ្ណកម្មសិទ្ធិ ប៉ុន្តែពលរដ្ឋបានយល់ច្រឡំថារូបលោកជាអ្នកចុះហត្ថលេខាប្រគល់ដីនោះឱ្យទៅលោក សុខ ប៉ាង ទើបមានការតវ៉ានេះឡើង។ លោក សុខ ប៉ាង គឺជាម្ចាស់អង្គភាពនៃបញ្ជាការដ្ឋានវរសេនាតូចលេខ ៩១ ហេតុនេះនៅពេលដែលធ្វើបណ្ណកម្មសិទ្ធិ គឺត្រូវដាក់ឈ្មោះគាត់ ប៉ុន្តែគេនឹងបញ្ជាក់ថា ជាទ្រព្យរបស់អង្គភាពមិនមែនទ្រព្យរបស់បុគ្គលនោះទេ។

លោកថ្លែងថា៖ «យើងបានស៊ីញ៉េ ប៉ុន្តែមិនមែនស៊ីញ៉េឱ្យបណ្ណទេ គឺស៊ីញ៉េជូនដំណឹង បានន័យថា រាល់ការធ្វើបណ្ណកម្មសិទ្ធិហ្នឹង គឺគេកសាងឯកសារទាំងអស់។ គេជូនដំណឹងម្តង២ដងអ៊ីចឹងទៅ បើអត់មានពីណារករឿងតវ៉ា អាហ្នឹងបានគេបិទផ្សាយមួយទៀត គឺគេបិទផ្សាយទំហំដីប្លង់អីទាំងអស់ហ្នឹង ហើយបានគេធ្វើបណ្ណ»។

លោកឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយរងសេនាធិការ កងទ័ពជើងគោក និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានការពារអាកាស ថ្លែងនៅថ្ងៃទី៨ ខែវិច្ឆិកាថា ការធ្វើបណ្ណកម្មសិទ្ធិនោះជាបណ្ណរបស់អង្គភាពមិនមែនជាបណ្ណរបស់លោកផ្ទាល់ខ្លួនទេ វាជាអចលនទ្រព្យរបស់រដ្ឋ ហើយលោកមានសជណ ត្រឹមត្រូវ។

រឿងទំនាស់ដីធ្លីនេះធ្លាប់មានការដោះស្រាយច្រើនមកហើយ តាំងពីជំនាន់លោក ជា សុផារ៉ា នៅចៅហ្វាយក្រុងក៏ធ្លាប់ដោះ លោក ប៉ា សុជាតិវង្ស ក៏ធ្លាប់ដោះ លោក ឃួង ស្រេង ក៏ធ្លាប់ដោះ។ តែរឿងពលរដ្ឋនៅតែមានការចោទប្រកាន់នោះ លោកមិនដឹងទេ។

លោកបញ្ជាក់ថា៖«រឿងខាងប្រជាជនហ្នឹងខ្ញុំម៉េចដឹង ខ្ញុំដឹងតែរឿងទាហានខាងខ្ញុំទេ។ ខ្ញុំដឹងថាដីគ្រប់គ្រងដោយកងទ័ព ហើយមាន សជណ ត្រឹមត្រូវ។ ចំណែកពលរដ្ឋមានឯកសារមកពីណា ខ្ញុំអត់ដឹងទេ ខ្ញុំជាកងទ័ព គឺខ្ញុំគោរពតាមក្រសួងគេទម្លាក់មកយ៉ាងម៉េចគឺខ្ញុំធ្វើអ៊ីចឹង»៕