
មន្ត្រីរៀបចំដែនដីចុះដោះស្រាយដីទំនាស់ជូនពលរដ្ឋនៅខេត្តកំពង់ឆ្នាំង។ រូប មន្ទីរដែនដី
ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រាប់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវខិតខំដោះស្រាយបញ្ហាបណ្ណកម្មសិទ្ធិដីធ្លី វិវាទដីធ្លី និងបញ្ហាដីសម្បទានសង្គមកិច្ចឱ្យបានឆាប់ដល់ប្រជាពលរដ្ឋដោយប្រើប្រាស់យន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ។ ការណែនាំនេះក្នុងពេលលោកធ្វើជាអធិបតី ពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី ៨ វិច្ឆិកា។
លោកថ្លែងថា៖ «ឥឡូវខ្ញុំសូមផ្ដាំការងារ ៣ ទី១ បន្តការខិតខំដោះស្រាយ ចេញបណ្ណកម្មសិទ្ធិ [ដីធ្លី] ឱ្យប្រជាពលរដ្ឋ។ ទី២ ខិតខំដោះស្រាយជម្លោះដីធ្លីដែលនៅសេសសល់ ឬកើតមានដោយធ្វើការខិតខំ សម្របសម្រួលក្រៅប្រព័ន្ធតុលាការ អាហ្នឹងដោះឆាប់ចេញហើយតែចូលដល់តុលាការហើយវាមានឈ្នះមានចាញ់។ បើដោះក្រៅប្រព័ន្ធតុលាការ គឺអត់អីទេ»។
លោកថា កាលពីពេលថ្មីៗនេះ ពលរដ្ឋម្នាក់ឈ្មោះ ចិត្រា នៅសហរដ្ឋអាមេរិក បានផ្ញើជូនលោកនូវរឿង ២ ដោយក្នុងនោះបានដោះស្រាយ ១ ករណីនៅកំពង់ស្ពឺ យកតាមដំណោះស្រាយឈ្នះឈ្នះ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លោក ហ៊ុន សែន ថ្លែងថា៖ «ប៉ុន្ដែរួចហើយដោះមួយទៀត ខ្ញុំនិយាយទៅលោក ចិត្រា ផ្ញើសារសំឡេងទៅថា កាលដែលវាត្រូវគ្នាវាសំងំគ្នាថ្ងូរឱ្យរហឹសក្នុងបន្ទប់អត់ឱ្យអាណាឮ។ ដល់តែវាទាស់គ្នាផ្អើល មួយប្រទេសហើយផ្អើលសកលលោកទៀតរវាងជនជាតិអង់គ្លេស ជាមួយនឹងខ្មែរយើងស្ដ្រីខ្មែរ»។
លោកបន្តថា៖ «អ៊ីចឹង ខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ ហើយត្រូវមានសុចរិតភាពទៅលើការដោះស្រាយ។ បើសិនជាមានសុចរិតភាព គឺយើងនឹងដោះស្រាយបាននូវបញ្ហា»។
រីឯការងារទី ៣ ដែលលោកនាយករដ្ឋមន្ដ្រីបានណែនាំ គឺត្រូវខិតខំដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ច។ លោកចាត់ទុក ការដោះស្រាយឱ្យអ្នកខ្វះដីធ្លី ជាកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពដែលត្រូវធ្វើ។
លោកបញ្ជាក់ថា៖ «យើងបានធ្វើផ្ទះសំបែង បានអីឱ្យគាត់។ ឥឡូវដីធ្លីមួយចំនួនត្រូវតែរៀបចំ ដើម្បីជូនសម្រាប់អ្នកខ្វះដី»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក គាំទ្រចំពោះប្រសាសន៍ណែនាំរបស់លោក ហ៊ុន សែន។
លោកថ្លែងថា៖ «យើងពិនិត្យមើលឃើញការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលនេះ គឺមានចេតនា ដោយមិនចង់ឱ្យមានបញ្ហាវិវាទដីធ្លីណាមួយមានការរាំងស្ទះ រ៉ាំរ៉ៃនោះទេ។ ដូច្នេះការថ្លែងរបស់ប្រមុខរដ្ឋាភិបាល គប្បីមន្ដ្រីទាំងអស់ពន្លឿនការអនុវត្ដរបស់ខ្លួនឱ្យបានខ្លាំងក្លាថែមទៀត»។
លោកបន្ថែមថា អង្គការសង្គមស៊ីវិលនឹងតាមដានបន្ថែមទៀត ក្រោយពីមានប្រសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ដ្រី។
លោកថា៖ «ប្រសាសន៍របស់ប្រមុខដឹកនាំរដ្ឋាភិបាលមិនមែនទើបតែម្ដងនេះទេ គឺបានធ្វើឡើងច្រើនលើកហើយ ប៉ុន្ដែអ្វីដែលជាការអនុវត្ដរបស់មន្ដ្រី ដែលអនុវត្ដហាក់បីដូចជាមិនបានគោរពទៅតាមប្រសាសន៍របស់ប្រមុខដឹកនាំរដ្ឋាភិបាលនៅឡើយ»។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ថ្លែងថាក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាល ក្រសួងរៀបចំដែនដីនឹងបន្តខិតខំសម្រេចឱ្យបាននូវសមិទ្ធផលសំខាន់ៗជាច្រើន បង្កើតនូវបរិយាកាសអំណោយផលសម្រាប់ ធុរកិច្ច ការវិនិយោគ និងការបង្កើនប្រាក់ចំណូលរបស់ជាតិ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោកថា៖ «វិស័យដីធ្លី ក្រសួងបានសម្រេចចេញបណ្ណកម្មសិទ្ធិ ៣ លាន ៣ សែនបណ្ណស្មើនឹង ៩០,០៣ ភាគរយនៃចំនួនក្បាលដីប៉ាន់ស្មានសរុប ៧ លានក្បាលដី»។
លោកបញ្ជាក់ថាក្រសួងនឹងបន្តខិតខំចុះបញ្ជីដីធ្លីឱ្យបាន ១០០ ភាគរយនៅឆ្នាំ ២០២៣ និងធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្ដល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋសម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ បង្កើនប្រាក់ចំណូល រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដើម្បីពង្រឹងការងារវាស់វែង [ដីធ្លី] ក្រសួងបានបង្កើតស្ថានីយវាស់វែងអចិន្រៃ្តយ៍ ៦០ ស្ថានីយនៅរាជធានីខេត្ដទាំង ២៥។
លោក ជា សុផារ៉ា ថ្លែងថា៖ «ក្រសួងបានខិតខំដោះស្រាយវិវាទដីធ្លី គ្រប់រូបភាពបានសរុបចំនួន ១០ ៦៣៤ ករណី កំពុងដោះស្រាយ ៣ ១៤៨ ករណី។ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី កំពុងបន្តដោះស្រាយវិវាទនៅខេត្ដកោះកុង ដែលនឹងឈានដល់ការស្រុះស្រួលបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះ»៕
វីដេអូ៖