
លោក ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នៅខណ្ឌសែនសុខ នាថ្ងៃទី ៨ វិច្ឆិកា។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាក់ថា ចាប់ពីពេលនេះទៅ ២០ ឆ្នាំ ៣០ ឆ្នាំ ៤០ ឆ្នាំ ១០០ ឆ្នាំទៀត ថ្នាក់ដឹកនាំស្ថាប័នសំខាន់កំពូលៗរបស់ជាតិ ៤ រូប គឺត្រូវមានសញ្ជាតិតែ ១ ប៉ុណ្ណោះ ខណៈថ្នាក់ដឹកនាំគណបក្សនយោបាយមួយចំនួនកំពុងពិនិត្យនីតិវិធី ដើម្បីលាសញ្ជាតិទី២ របស់ខ្លួន។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងបែបនេះក្នុងពេលធ្វើជាអធិបតីពិធីសម្ពោធអគារទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ ២០២១។
លោកថ្លែងថា៖ «ឥឡូវតំណែងរបស់ឯកឧត្តម អ៊ឹម ឈុនលឹម [ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ] និងខ្ញុំត្រូវមានសញ្ជាតិតែ ១ អត់មានសញ្ជាតិ ២ ទេ ហើយថ្ងៃក្រោយ ២០ ឆ្នាំ ៣០ ឆ្នាំ ៤០ ឆ្នាំ ១០០ ឆ្នាំទៀត ត្រូវមានសញ្ជាតិតែ ១ ទេចាប់ពីហ្នឹងទៅ»។
ទាក់ទងនឹងការធ្វើច្បាប់សញ្ជាតិតែ ១ នេះ លោក ហ៊ុន សែន ចាត់ទុកជាឱកាសដែលត្រូវក្ដាប់យកធ្វើភ្លាម។ លោកបន្តថា ដំបៅមិនឈឺ មកយកឈើចាក់ឱ្យចេញឈាម។
«បើសុខៗ ហ៊ុន សែន ផ្ដើមគំនិតធ្វើ ដូចជារារាំងអ្នកដទៃ។ ដូច្នេះទាន់ពេលដែលមានអ្នកចោទធ្វើឱ្យលឿន ព្រោះបើ ហ៊ុន សែន មានសញ្ជាតិ ២ ពិតប្រាកដត្រូវតែលេងគ្នាជម្រះបញ្ជីក្នុងពេលហ្នឹង។ អ៊ីចឹងយើងប្រើពេលប្រហែលជា ១ ខែចប់»។ លោកនាយករដ្ឋមន្ដ្រីបញ្ជាក់។
លោក ហ៊ុន សែន បន្តថា៖ «ឥឡូវ ខ្ញុំបានលាសញ្ជាតិ ១ បាត់ទៅហើយ សញ្ជាតិខ្យល់។ គិតស្មានថា ទាត់ ហ៊ុន សែន ១ ជើង ទាត់ឱ្យបាក់ក ដល់មិនបាក់ក ហ៊ុន សែន បាក់កខ្លួនឯងបាត់»។
បើតាមលោកនាយករដ្ឋមន្ដ្រីក្នុងពេលធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញសញ្ជាតិតែ ១ នេះ មានអ្នកឃោសនាថា ព្រះមហាក្សត្រមិនឡាយព្រះហស្តលេខាទេ។ ប៉ុន្ដែពេលនេះព្រះមហាក្សត្របានឡាយព្រះហស្តលេខា និងចូលជាធរមានបាត់ដាក់ឱ្យប្រើប្រាស់ទៅហើយ។ លោកថា ដូច្នេះថ្ងៃក្រោយសេណារីយោ នយោបាយត្រូវចេះរៀបចំ។
លោកថ្លែងថា៖ «ឥឡូវសញ្ជាតិ ១ វាចេញមកហើយ ខ្ញុំអត់មានចាំបាច់ធ្វើអត្ថាធិប្បាយទេ។ ហ៊ុន សែន កំពុងឈរនៅទីនេះ ដោយមានសញ្ជាតិតែ ១ គត់ពីកំណើត ហើយមិនដែលប៉ុនប៉ង សូម្បីតែនឹងយល់សប្តិឱ្យបានសញ្ជាតិនេះ សញ្ជាតិនោះ គឺអត់ទេ»។
លោកនាយករដ្ឋមន្ដ្រីបន្តថា ច្បាប់សញ្ជាតិតែ ១ នេះ គឺមិនបានបិទផ្លូវ សម្រាប់អ្នកដទៃទៀត ដែលមិនប្រជែងយកតំណែង ៤ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នាយករដ្ឋមន្ដ្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ដែលមានសញ្ជាតិ ២ នោះទេ។ ច្បាប់នេះ គឺប៉ះពាល់តែមនុស្ស ៤ នាក់ដែលជាថ្នាក់ដឹកនាំកំពូលប៉ុណ្ណោះ។ ដូច្នេះ អ្នកដទៃទៀតដែលមានសញ្ជាតិ ២ អាចធ្វើអនុប្រធានសភា អាចធ្វើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ អាចធ្វើឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក៏បាន។
លោកបន្តថា៖ «កុំលេង អារឿងធ្វើនាយករដ្ឋមន្ដ្រី និងកាន់តំណែងសំខាន់ៗ។ បើទោះបីជាអ្នកឯងលានៅសល់សញ្ជាតិតែ ១ ក៏ដោយ បន្ទាប់ទៅអ្នកឯងវិលត្រឡប់ទៅសញ្ជាតិដើមដដែល»។
លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្សកាលពីថ្ងៃទី ៦ ខែវិច្ឆិកា បានសរសេរលើហ្វេសប៊ុកថា លោកនឹងលាសញ្ជាតិបរទេស ដែលលោកមានសញ្ជាតិទី ២ គឺសញ្ជាតិអូស្ដ្រាលី មករួមរស់សុខទុក្ខជាមួយប្រជាពលរដ្ឋ រួមជាតិ។
លោកសរសេរថា៖ «ខ្ញុំនឹងលាសញ្ជាតិបរទេស មករួមរស់សុខទុក្ខជាមួយបងប្អូនរួមជាតិ ដើម្បីចូលរួមបម្រើជាតិទាំងអស់គ្នាពីបេះដូង ផ្តល់ស្នាមញញឹមជូនប្រជារាស្ត្រយើង។ គ្មានអ្វីធំជាងជាតិខ្ញុំ រួមទាំងជីវិតខ្ញុំផងដែរ»។
លោក រៀល ខេមរិន្ទ្រ ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ៨ វិច្ឆិកា ថា ក្នុងនាមលោកជាប្រធានគណបក្សម្នាក់ យោងទៅតាមច្បាប់បើសិនមានបំណងឈរឈ្មោះជាប្រធានគណបក្ស ដែលឈរឈ្មោះ ជាបេក្ខជននាយករដ្ឋមន្ដ្រី គឺត្រូវតែមានសញ្ជាតិតែ ១ នេះដោយយោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញដែលទើបអនុម័តថ្មីៗ និងទៅតាមចរិតរបស់លោកដែលតែងតែគោរពច្បាប់។
លោកបានបញ្ជាក់ថា៖ «ខ្ញុំនឹងទៅជួបស្ថានទូតអូស្ដ្រាលីនៅសប្ដាហ៍ក្រោយ ព្រោះថាខ្ញុំអត់ទាន់យល់អំពីនីតិវិធី ដូច្នេះខ្ញុំត្រូវមានទំនាក់ទំនងជាមួយនឹងស្ថានទូតអូស្ដ្រាលី តើគេតម្រូវឱ្យយើងធ្វើម៉េច នោះគឺយើងធ្វើទៅតាមគេ»។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់រដ្ឋធម្មនុញ្ញ ដែលទើបបានធ្វើវិសោធនកម្មស្តីពីការកំណត់សញ្ជាតិខ្មែរតែ ១ សម្រាប់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី៕