ភ្នំពេញៈ ព្រះករុណា​ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​យាង​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី​៤១ របស់​អង្គការ​យូណេស្កូ​ក្នុងឱកាស​ខួប​លើក​ទី​៧៥ ​នៃ​អង្គការ​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ចាប់ពី​ថ្ងៃទី​ ១០ ដល់​ថ្ងៃទី​ ១៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២១​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃទី ៨ ខែ​​វិច្ឆិកា បាន​ឱ្យ​ដឹងថា ការយាង​ទៅនេះ​គឺ​តប​ទៅតាម​ការយាង​របស់​លោកស្រី Audrey Azoulay អគ្គនាយិកា​នៃ​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ (​យូណេស្កូ​)​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ បន្តថា នៅ​ថ្ងៃទី​ ១២ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ ជាមួយ​នឹង​វត្តមាន​របស់​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​ជាច្រើនរូប ព្រះករុណា ​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នឹង​ថ្លែង​ព្រះរាជ​សុន្ទរកថា នៅក្នុង​ពិធី​បើក​សម័យប្រជុំ​ជា​ផ្លូវការ​នៃ​មហាសន្និបាត​នេះ ដោយ​ផ្តោតលើ​សមិទ្ធផល​សំខាន់ៗ​នៃ​អង្គការ​យូណេស្កូ នៅក្នុង​ប្រទេស​កម្ពុជា​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ចាប់តាំងពី​ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៤៥ អង្គការ​យូណេស្កូ បាន​រួមចំណែក​យ៉ាងសំខាន់​ដល់​ការលើក​តម្កើង​វិស័យ​អប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​នៅក្នុង​ពិភពលោក តាមរយៈ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ពហុភាគី​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោក កុយ គួង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​បានទេ នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា ឆ្នាំ​ ២០២១ នេះ​។

ប៉ុន្តែ​លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅក្នុង​មហាសន្និបាត​លើក​ទី​៤១ ​របស់​អង្គការ​យូណេស្កូ ក្នុងឱកាស​ខួប​លើកទី​ ៧៥ នៃ​អង្គការ​នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​ថ្លែង​ព្រះរាជសុន្ទរកថា ស្ដីពី​សមិទ្ធផល​នានា ដែល​កម្ពុជា​ធ្លាប់​ទទួលបាន ក្នុង​នាម​ជា​សមាជិក​របស់​អង្គការ​យូណេស្កូ ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក និង​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ ជាដើម​។

លោក​បាន​បន្តថា លោកស្រី ភឿង សក្កណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក៏​នឹងចូលរួម​អម​ព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​មហាសន្និបាត​ផង​ដែរ ដែល​ពេលនេះ លោកស្រី​កំពុងតែ​ស្ថិតនៅក្នុង​ប្រទេស​បារាំង​។ ក្រៅពីនេះ​ក៏មាន​ឯកអគ្គរាជទូត​កម្ពុជា មន្ត្រី​អ្នកមុខអ្នកការ​ផ្សេងទៀត និង​អ្នកជំនាញ គណៈកម្មាធិការ​ជាតិ​យូណេស្កូ​ប្រចាំ​កម្ពុជា​បាន​ទៅដល់​ទីក្រុង​ប៉ារីស​រួចហើយ​ដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​លោកជំទាវ ភឿង សក្កណា ជា​ប្រធាន​គណៈកម្មធិការ​ជាតិ​យូណេស្កូ​កម្ពុជា​ចូលរួម​ក្នុងនាម​តំណាង​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​ព្រះករុណា ព្រះមហាក្សត្រ យាង​ធ្វើជា​ប្រមុខរដ្ឋ​ ដើម្បី​ថ្លែង​ព្រះរាជ​សុន្ទរកថា​នៅ​ទីនោះ​។ ​តាមរយៈ​ទំនាក់ទំនង​ល្អ និង​ជា​សមាជិក អង្គការ​យូណេស្កូ កម្ពុជា​បាន​លើកស្ទួយ ការថែរក្សា​ការពារ​ និង​អភិវឌ្ឍ ទៅលើ​វប្បធម៌ សេដ្ឋកិច្ចសង្គម និង​វិទ្យាសាស្ត្រ​ជាដើម​»​។

បើតាម លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ នៅពេលដែល​កម្ពុជា​ចូល​ជា​សមាជិក​នៃ​អង្គការ​យូណេស្កូ កម្ពុជា​មាន​កាតព្វកិច្ច​សិក្សា​ដាក់បញ្ចូល​ប្រាសាទ ទៅ​​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គេ​នឹង​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​គ្រោះថ្នាក់​ណាមួយ​ដែល​កើតឡើង និង​ការចូលរួម​ផ្នែក​អភិរក្ស និង​ថែរក្សា​ការពារ​តាមរយៈ​សម្របសម្រួល ជាមួយ​ប្រទេស​ជា​ដៃគូ​នានា ដើម្បី​ផ្តល់ជំនួយ​មកកាន់​កម្ពុជា​។

ក្រៅពីនេះ អង្គការ​យូណេស្កូ​នឹង​​ចូលរួម​ជ្រោមជ្រែង​ក្នុង​ការថែរក្សា​ការពារ​បេតិកភណ្ឌ​របស់​កម្ពុជា​ទៅ​​ក្នុង​ឆាក​អន្តរជាតិ តាមរយៈ​ការចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក និង​បញ្ជី​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ​ពិភពលោក​ផងដែរ​៕