
កំពែងពន្ធនាគារខេត្តស្ទឹងត្រែងត្រូវជនជាប់ឃុំវាយទម្លុះ ដើម្បីរត់គេច។ រូបថត នគរបាល
ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មការចំពោះកិច្ចចុះស្រាវជ្រាវករណីជនជាប់ឃុំ ៧ រូប វាយទម្លាយកំពែងពន្ធនាគារខេត្ដស្ទឹងត្រែង ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង រត់គេចខ្លួន កាលពីវេលាម៉ោងប្រមាណ ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ ២០២១។ នេះបើតាមលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
លោក នុត សវនា ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នាថ្ងៃទី ៨ វិច្ឆិកាថា ក្រោយពីមានករណីជនជាប់ឃុំចំនួន ៧ រូប វាយទម្លាយកំពែងពន្ធនាគារខេត្ដស្ទឹងត្រែង រត់គេចខ្លួន លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារបានរាយការណ៍ជូនលោក ស ខេង ហើយលោក ស ខេង ក៏បានបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដឹកនាំដោយរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអគ្គាធិការនៃក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធនាគារ។
ក្នុងនោះអគ្គនាយកដ្ឋានពន្ធនាគារផ្ទាល់ ក៏មានបង្កើតគណៈកម្មការចំពោះកិច្ចមួយ អមដោយអគ្គនាយករងម្នាក់ និងនាយកដ្ឋានសន្តិសុខ ក៏ដូចជានាយកដ្ឋានប្រតិបត្ដិ ដើម្បីចុះទៅស្រាវជ្រាវកិច្ចការងារនេះភ្លាមៗដែរ។
លោកថ្លែងថា៖ «ចំពោះមុខយើងសហការជាមួយរដ្ឋបាលខេត្ដស្ទឹងត្រែង ជាមួយនឹងគណៈបញ្ជាការឯកភាពខេត្ដ ដើម្បីរុករកជនជាប់ឃុំទាំង ៧ រូប ដែលកំពុងរត់គេចខ្លួន។ ឥឡូវនេះ យើងកំពុងផ្សព្វផ្សាយឱ្យទូលំទូលាយ ដើម្បីឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ ក្នុងការជួយសហការចាប់ខ្លួនពួកគេត្រឡប់មកវិញ»។
ជនល្មើសហែកគុករត់គេចទាំង ៧ រូបនេះក្នុងនោះ ៦ រូបពាក់ព័ន្ធនឹងករណីគ្រឿងញៀន និង ១ រូបពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស និង ការធ្វើទារុណកម្ម។ ចំណែកជនជាប់ឃុំ ១ រូប ជាមេខ្លោងគ្រឿងញៀនដែលត្រូវជាប់ទោសអស់ ១ ជីវិតផងដែរ។
លោក សវនា បញ្ជាក់ថា៖ «ឥឡូវយើងកំពុងដុតដៃដុតជើង ហើយប្រសិនបើមានការចូលរួមពីសមត្ថកិច្ចពីពលរដ្ឋនៅមូលដ្ឋានថែមទៀត គឺកាន់តែប្រសើរហើយជនរត់គេចខ្លួននេះនឹងចាប់ខ្លួនបានវិញឆាប់ៗ»។
ពាក់ព័ន្ធនឹងជនល្មើសប្រើប្រាស់ ឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះកំណាត់ឈើ ខ្នើយភួយ ដើម្បីខ្ទប់វាយមិនឱ្យឮសំឡេង លោកសវនាបានបញ្ជាក់ថា នៅក្នុងពន្ធនាគារ គឺមានរោងសិប្បកម្មដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ជនជាប់ឃុំ។
ក្នុងរោងសិប្បកម្មនោះមាន សិប្បកម្មច្នៃដែក សិប្បកម្មចម្លាក់ សិប្បកម្ម សង្ហារិមធ្វើពីឈើ និងសម្ភារសម្រាប់ ធ្វើចង្ក្រានជាដើម។ លោកបញ្ជាក់ថា៖ «ពួកនេះ [ជនជាប់ឃុំរត់គេច] រៀបគម្រោងមុនរាប់ខែមកហើយ អ៊ីចឹងពេលត្រូវគ្នាហើយ ក៏រៀបផែនការ ដើម្បីធ្វើម៉េចរត់ចេញឱ្យផុតពីបន្ទប់ឃុំហ្នឹង ទើបនាំគ្នាប្រើឧបករណ៍ទាំងអស់ហ្នឹង ដើម្បីវាយទម្លាយកំផែងពន្ធនាគារ។ ប៉ុន្ដែដោយសារសំណង់ដែលយើងធ្វើការសង់ហ្នឹងយើងប្រើឥដ្ឋចាក់ពុម្ព ឥដ្ឋនេះវាអត់ខ្លាំងទេ វាអត់ទប់បាន ហើយជនល្មើសដឹងកន្លុកកន្លៀតច្រើនក្នុងការរត់គេច»។
លោកបន្តថា៖ «មួយទៀតចំណុចខ្វះខាតដោយសារម៉ោងនេះជាម៉ោងសូន្យ ដូច្នេះពួកនេះ វារៀបទាំងម៉ោង រៀបទាំងសម្ភារ និងរៀបចំទាំងរបៀបក្នុងការរត់គេច។ យើងក៏អត់ដឹងថា ពេលចេញទៅនេះ វាមានគ្នាមានអ្នកចាំនៅខាងក្រៅ ដើម្បីរំដោះចេញអីដែរទេ។ ប៉ុន្ដែរឿងហ្នឹង ខាងសមត្ថកិច្ចកំពុងចាត់ការស្រាវជ្រាវអស់ហើយ។ រឿងនេះរៀបផែនការរាប់ខែហើយមិនមែនធម្មតាទេ»។
លោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានឱ្យដឹងនៅថ្ងៃទី ៨ វិច្ឆិកាថា ក្រុមការងារជំនាញ និងក្រុមស្រាវជ្រាវកំពុងស្រាវជ្រាវអំពីទិដ្ឋភាពជុំវិញករណីជនជាប់ឃុំវាយទម្លាយពន្ធនាគាររត់គេចនេះ។
លោកបានបញ្ជាក់ថា៖ «យើងក៏មានក្រុមចុះប្រតិបត្ដិការ ដើម្បីស្វែងរកអ្នកទោសទាំង ៧ នាក់ ដែលទម្លាយជញ្ជាំងគុកចេញផងដែរ។ ប៉ុន្ដែមកដល់ពេលនេះយើងមិនទាន់មានរបាយការណ៍បន្ថែមថាយ៉ាងណាទេ»។
បើតាមស្នងការដ្ឋាននគរបាលខេត្ដស្ទឹងត្រែងឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៣ ទៀបភ្លឺ ថ្ងៃទី ៨ ខែវិច្ឆិកា មានអ្នកទោសចំនួន ៧ នាក់បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង និងសូមឱ្យប្រជាពលរដ្ឋ ដែលបានប្រទះឃើញអ្នកទោសដែលរត់គេចខ្លួននេះ សូមសហការរាយការណ៍មកសមត្ថកិច្ចជំនាញដើម្បីធ្វើការឃាត់ខ្លួន។
បើតាមរបាយការណ៍អ្នកទោសហែកគុករត់គេចខ្លួនទាំង ៧ នាក់ដែលសុទ្ធតែភេទប្រុសនោះរួមមាន ១ ឈ្មោះ ចាក់លី ចឺតាលី ទី២ ឈ្មោះ ឡាវ៉ាន់ កាវង់ផេង ទី៣ ឈ្មោះ សៀន ខន ទី៤ ឈ្មោះ ភិត ងិន ទី៥ ឈ្មោះ វ៉ន់ ភូ ទី៦ ឈ្មោះ ទូច វ៉ាត់។ ជនល្មើសទាំង ៦ នាក់នេះជាប់ទោសក្នុងបទល្មើសជួញដូរគ្រឿងញៀន និងទី៧ ឈ្មោះ ហន វិមាន ជាប់ទោសក្នុងបទល្មើសលួច មានស្ថានទម្ងន់ទោស និងការប្រើទារុណកម្ម និងអំពើឃោរឃៅ៕
វីដេអូ៖