ត្បូងឃ្មុំៈ នាយ​នគរបាល​ប៉ុស្ដិ៍​​រដ្ឋបាល​ឃុំ​នាងទើត លោក​ ឆេង ធិ ត្រូវបាន​រដ្ឋបាល​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ កោះហៅ​ឱ្យចូល​បំភ្លឺ​ករណី​ប្រើ​អាកប្បកិរិយា និង​សម្ដី​អសុរោះ​ធ្វើឱ្យ​បែកបាក់​សាមគ្គី​រវាង​អាជ្ញាធរ និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ នេះ​បើតាម លោក សុខ សារិទ្ធ អភិបាល​ស្រុក​តំបែរ កាលពី​រសៀល​ថ្ងៃទី​ ៨ ខែ វិច្ឆិកា ឆ្នាំ​ ២០២១​។

លោកបាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា កាលពី​ថ្ងៃទី​ ៩ ខែ កក្កដា ឆ្នាំ​ ២០២១ មេភូមិ និង​អនុ​ភូមិ​ទាំង​ ៥ ​នៃ​ឃុំ​នាងទើត បានធ្វើ​លិខិត​រួមគ្នា​ ១ ​ច្បាប់​ស្នើសុំ​ឱ្យ​រដ្ឋបាល​ស្រុក​តំបែរ ជួយ​អន្តរាគមន៍ ដើម្បី​ផ្លាស់ប្ដូរ​ភារកិច្ច លោក ឆេង ធិ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​នាងទើត​ដោយ​បាន​ចោទប្រកាន់ថា​បាន​ប្រើប្រាស់​អាកប្បកិរិយា និង​ពាក្យពេចន៍​អសុរោះ និង​មាន​លក្ខណៈ​បែប​ញុះញង់​បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​រវាង​អាជ្ញាធរ និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

លោក សារិទ្ធ បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​បង្កើត​ក្រុម​គណៈកម្មការ​មួយ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​លើ​ករណីនេះ ដោយបាន​កោះហៅ​មេភូមិ​ម្ដង​មួយៗ​មក​សាកសួរ ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​ [​ថ្ងៃទី​ ៧ ខែ វិច្ឆិកា ឆ្នាំ​ ២០២១] ក្រុម​គណៈកម្មការ​យើង​បាន​កោះអញ្ជើញ​ឱ្យ​លោក ឆេង ធិ ឱ្យចូល​ឆ្លើយបំភ្លឺ​ផ្ទាល់មាត់​»​។

លោក​បាន​បន្ថែមថា​៖ «​នៅ​ចំពោះមុខ​ក្រុម​គណៈកម្មការ​យើង លោក ឆេង ធិ បាន​ទទួលស្គាល់​ថា មានពេលខ្លះ​គាត់​បាន​ប្រើ​កាយវិការ និង​ពាក្យពេចន៍​មិន​ពីរោះ​ស្ដាប់​ពិតប្រាកដ​មែន ប៉ុន្តែ​ក្នុង​ចេតនា​ល្អ​គឺ​ចង់ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ-ឃុំ មាន​ការពង្រឹង​ការអនុវត្ត​ច្បាប់​ប្រកបដោយ​ការទទួល​ខុសត្រូវ​ខ្ពស់បំផុត​»​។

បើតាម លោក សារិទ្ធ នៅពេល​នេះ ក្រុម​គណៈកម្មការ​ចម្រុះ​នៃ​រដ្ឋបាល​ស្រុក​តំបែរ​នៅ​មិនទាន់​សម្រេច​ថា ​នឹង​ផ្លាស់ប្ដូរ​ភារកិច្ច លោក ឆេង ធិ ទៅ​តាម​សេចក្ដីស្នើ​របស់​មេភូមិ និង​អនុភូមិ​ទាំង​ ៥ ​នៃ​ឃុំ​នាងទើត​នោះទេ ប៉ុន្តែ​ករណីនេះ​ក៏​នៅ​មិនទាន់​បិទបញ្ចប់​នៅឡើយ​ដែរ​។

លោក​ថា គណៈកម្មការ​ចម្រុះ​នៃ​រដ្ឋបាល​ស្រុក​តំបែរ នៅតែ​បន្ត​នីតិវិធី​ស្រាវជ្រាវ​បន្ថែមទៀត​លើ​ករណីនេះ ដោយ​គ្រោង​នឹង​កោះហៅ​ប្រធាន​ក្រុមប្រឹក្សាឃុំ​នាងទើត និង​​ស្មៀនឃុំ​នេះ​មក​សួរនាំ​បន្ថែមទៀត និង​គ្រោង​ចុះ​ស្រង់​មតិ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន មុនពេល​សម្រេចចិត្ត​ថា គួរ​ផ្លាស់ប្ដូរ​ភារកិច្ច​របស់​លោក​ ឆេង ធិ ឬ​យ៉ាងណា​នោះ​។

ទោះយ៉ាងណា លោក ស៊ូ មិន មេភូមិ​ខ្ទុរ ក្នុងចំណោម​មេភូមិ​ទាំង​ ៥ ​នៃ​ឃុំ​នាងទើត​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា មកទល់​ពេល​នេះ លោក និង​មេភូមិ​ និង​អនុភូមិ​ទាំងអស់​នៅ​ទូទាំង​ឃុំ​នាងទើត មិន​សប្បាយចិត្ត​នឹង​ធ្វើការ​ជាមួយ​បុគ្គល​ឈ្មោះ ឆេង ធិ នោះទេ ហើយ​នៅតែ​ប្រកាន់​ជំហរ​ស្នើសុំ​ឱ្យ​រដ្ឋបាល​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​ជួយ​ផ្ទេរ​ភារកិច្ច​បុគ្គល​ខាងលើនេះ​ទៅ​បម្រើការ​នៅ​ឃុំ​ផ្សេង​ហើយ​ជ្រើសរើស​ ឬ​តែងតាំង​មន្ត្រី​នគរបាល​ផ្សេង​មក​ជំនួស​វិញ​។

លោក ស៊ូ មិន បាន​បញ្ជាក់​​ថា​៖ «​យើង​មិន​និយាយ​ពី​កំហុស​ឆ្គង​អ្វី​ច្រើន​ទៀត​ដែល​បុគ្គល​នេះ​ [​ឆេង ធិ​] ​បាន​ប្រព្រឹត្ត​នាពេល​​កន្លងមក​នោះទេ​។ យើង​សុំ​ឱ្យតែ​រដ្ឋបាល​ស្រុក​តំបែរ​ពិនិត្យ​នូវ​ខ្លឹមសារ​ដែល​យើងខ្ញុំ​បាន​រៀបរាប់​ក្នុង​លិខិត​ស្នើសុំ​អន្តរាគមន៍​ផ្លាស់ប្ដូរ​ផ្ទេរ​ភារកិច្ច បុគ្គល​នេះ​ចេញ​ពី​មូលដ្ឋាន​ឃុំ​នាងទើត ហើយ​ជ្រើស​ ឬ​តែងតាំង​មន្ត្រី​ដែល​ល្អ​មក​ជំនួស​វិញ​»​។

ជុំវិញ​ករណីនេះ លោក ឆេង ធិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​ថា​៖ «​ខ្ញុំ​គ្មានអ្វី​និយាយ​បន្ថែម​ក្រៅពី​ការគោរព​អនុវត្តតាម​បទបញ្ជា និង​សេចក្ដី​សម្រេច​​របស់​ថ្នាក់ដឹកនាំ​ប៉ុណ្ណោះ​»៕