ភ្នំពេញៈ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​បញ្ជូន​ក្រុមយុវជន​ជា​ចោរប្លន់ និង​អ្នកទទួល​ទិញ​ម៉ូតូ​ពី​ចោរ​សរុប​ចំនួន​ ៥ ​នាក់​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៩ ​វិច្ឆិកា​នេះ បន្ទាប់ពី​ស្រាវជ្រាវ​ចាប់ខ្លួនបាន​កាលពី​យប់​ថ្ងៃទី​ ៦ វិច្ឆិកា នៅ​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

លោក ប៊ុន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យដឹង​នៅ​ថ្ងៃទី​ ៨ ​វិច្ឆិកា​ថា ក្រុមចោរប្លន់​រួមទាំង​អ្នកទទួល​ទិញ​ផល​ចោរកម្ម​សរុប​ចំនួន​ ៥ ​នាក់ គឺជា​ក្រុម​ប្លន់​យ៉ាងសកម្ម ហើយក៏​ស្ថិតក្នុង​វ័យ​ជា​យុវជន​ដែរ​។ ពួកគេ​នឹងត្រូវ​សមត្ថកិច្ច​របស់​​លោក​បញ្ជូន​បន្តទៅ​សាលាដំបូង​រាជធានី​នៅ​ថ្ងៃទី​ ៩ ​វិច្ឆិកា​នេះ​ហើយ​។

លោក​បាន​ប្រាប់ថា​៖ «​ពួកគេ​ត្រូវ​បញ្ជូនទៅ​តុលាការ តែ​នៅថ្ងៃនេះ​ (​ថ្ងៃទី​ ៨ ​វិច្ឆិកា​) ​បញ្ជូន​ទៅ​មិនទាន់​ទេ​»​។

លោក ជាង ហុកសែ អធិការរង​ទទួល​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ៨ ​វិច្ឆិកា​ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ៥ ​នាក់​នេះ គឺមាន​ម្នាក់​ជា​អ្នក​ចាំ​ទទួល​ទិញ​ផល​ចោរកម្ម រីឯ​ ៤ ​នាក់​ជា​​ក្រុម​ចេញ​ធ្វើ​សកម្មភាព​ប្លន់​។ ​មុនពេល​ចាប់ខ្លួន​គឺ​ពួកគេ​បានធ្វើ​សកម្មភាព​ប្លន់​នៅក្នុង​ភូមិសាស្ត្រ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

លោក​បានឱ្យដឹងថា នៅ​ថ្ងៃ​ដដែល​នោះ បន្ទាប់ពី​កើតហេតុ​គឺ​សមត្ថកិច្ច​ជំនាញ​ខណ្ឌដង្កោ​បាន​ស្រាវជ្រាវ​ដោយ​​មាន​កិច្ចសហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​។ ​លុះដល់​នៅ​យប់​ថ្ងៃទី​ ៦ វិច្ឆិកា សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ពួកគេ នៅ​ចំណុច​ភូមិ​ព្រៃវែងលិច សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

លោក​បាន​បន្តទៀតថា នៅពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនោះ សមត្ថកិច្ច​ដកហូត​ម៉ូតូ​បាន​ចំនួន​ ២ ​គ្រឿង ម៉ាក​ហុងដ្រាឌីម​ស៊េរី​ឆ្នាំ​ ២០២២ និង​ម៉ូតូ​ម៉ាក​ហុងដ្រាឌីម​ស៊េរី​ឆ្នាំ​ ២០១៨ ​ដែល​ពួកគេ​ប្លន់​បាន ហើយ​បានប្រគល់​ឱ្យទៅ​ជនរងគ្រោះ​ ២ ​នាក់​វិញ​ហើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ករណីនេះ​ខាង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានីភ្នំពេញ​គាត់​ជា​អ្នក​ជួយ​ស្រាវជ្រាវ​យើង​។

ហេតុដូច្នេះ​យើង​បាន ប្រគល់​ជនសង្ស័យ​ឱ្យ​គាត់​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការ ព្រោះ​ខាង​គាត់​ជា​កម្លាំង​ជំនាញ​»៕