កណ្តាលៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​រៀបចំ​សិក្ខាសាលា​តាម​ប្រព័ន្ធ​អនឡាញ​ក្រោម​ប្រធានបទ «​ការអប់រំ​ខ្ញុំ អនាគត​ខ្ញុំ​» ដល់​សិស្សានុសិស្ស នៅ​វិទ្យាល័យ​ចំនួន​ ៤ នៃ​ស្រុក​កោះធំ ខេត្ត​កណ្តាល ដើម្បី​បំផុសស្មារតី​ឱ្យ​សិស្ស​យល់​អំពី​តម្លៃ​នៃ​ការអប់រំ និង​ឈ្វេងយល់​ពី​ចំណុច​គន្លឹះ​ក្នុង​ការអភិវឌ្ឍ​ខ្លួន ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​នៃ​ការកសាង​ជីវិត​។

សិក្ខាសាលា​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៧ ខែវិច្ឆិកា ដោយមាន​ការចូលរួម​ពី​សិស្សានុសិស្ស​នៃ​វិទ្យាល័យ ហ៊ុន សែន ​កោះធំ វិទ្យាល័យ​ ហ៊ុន សែន សំពៅពូន វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ព្រែកតាដួង វិទ្យាល័យ ហ៊ុន សែន កំពង់កុង និង​មានការ​ចូលរួម​ពី​សាធារណជន​ជាង ១០០ ​នាក់​។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី ៨ វិច្ឆិកា​ថា​៖ «​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​បំផុស​ស្មារតី​ឱ្យ​សិស្ស​បាន​យល់​អំពី​តម្លៃ​នៃ​ការអប់រំ និង​រៀន​ស្គាល់​ខ្លួនឯង សម្រាប់​ឈ្វេងយល់​ពី​គន្លឹះ​ក្នុង​ការត្រៀម និង​បទពិសោធ​នៃ​ការសិក្សា​របស់​បុគ្គល​គំរូ​»​។

លោក ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេជោសែន សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា គ្រប់គ្នា​តែងតែ​ប្រាថ្នា​ចង់បាន​អនាគត​ភ្លឺស្វាង ហើយ​ការមាន​មហិច្ឆតា និង​គោលដៅ​ជីវិត ជា​ត្រីវិស័យ​ដ៏ចាំបាច់​សម្រាប់​មនុស្ស​គ្រប់គ្នា​។

ការអប់រំ និង​ការសិក្សា​រៀនសូត្រ​ជា​មូលដ្ឋានគ្រឹះ​តែមួយគត់​ក្នុង​ការអភិវឌ្ឍ​ខ្លួន ដើម្បី​ឆ្ពោះទៅ​សម្រេច​គោលដៅ​នៃ​ការកសាង​ជីវិត​។

ប៉ុន្តែ លោក ហឿន សំនៀង មើលឃើញ​ថា​៖ «​មាន​សិស្សានុសិស្ស​មួយចំនួន បាននិង​កំពុង​វង្វេង ឬ​ពុំ​ស្គាល់​អ្វី​ជា​ក្តីសុបិន ឬ​គោលដៅ​របស់ខ្លួន​។ តាមពិត​ទៅ មាន​កត្តា​ជាច្រើន​ដែល​ធ្វើឱ្យ​ក្មួយៗ មិនអាច​សម្រេច​គោលដៅ តែ​កត្តា​ខ្លួនឯង ជា​កត្តា​ចម្បង​បំផុត ព្រោះ​ខ្លួនឯង ជា​អ្នក​បំផ្លាញ​អនាគត​របស់ខ្លួន បំផ្លាញ​ក្តីសុបិន​របស់​ខ្លួន និង​ខ្លួនឯង​ជា​អ្នក​ពង្វក់​ខ្លួនឯង​ឱ្យ​វង្វេង រក​ផ្លូវត្រូវ​មិនឃើញ ចេញ​មិន​រួច​»​។

ដូចនេះ​លោក​ ហឿន សំនៀង បាន​ចែករំលែក​ចំណេះដឹង និង​បទពិសោធ​ល្អៗ សម្រាប់​ជា​គតិ​ដល់​សិស្សានុសិស្ស ដើម្បី​ឱ្យ​តម្លៃ​នៃ​ការអប់រំ ដើម្បី​ជាឃ្លាំង​ទ្រព្យសម្បត្តិ​ដ៏មហាសាល​បំផុត និង​មាន​តម្លៃ​បំផុត​លើ​ភពផែនដី​នេះ ហើយ​ការអប់រំ​គឺជា​មូលដ្ឋានគ្រឹះ​ដ៏ចាំបាច់​បំផុត សម្រាប់​កសាង​ខ្លួន កសាង​គ្រួសារ និង​កសាង​សង្គម​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្មួយៗ​ទាំងអស់ ជា​សិស្សានុសិស្ស សូម​យក​កូនសោ​នេះ និង​ប្រើប្រាស់​វា​ឱ្យបាន​ត្រឹមត្រូវ គប្បី​ក្តាប់​ឱកាស​ដ៏ល្អ​នេះ​ដោយ​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឱ្យ​ក្លាំងក្លា និង​ពេញទំហឹង​ទើបបាន​ផលពិត ខ្លាំង ច្រើន និង​អស្ចារ្យ​។ ក្មួយៗ​កុំ​រៀន​លេងៗ តែ​ចង់បាន​ផល​មែនទែន កុំ​រៀន​តិចៗ តែ​ចង់បាន​ផល​ច្រើន ត្រូវតែ​រៀន​ឱ្យ​ខ្លាំង ទើបបាន​ផល​ខ្លាំង​»​។

ក្រៅពី​ជំរុញ​សិស្សានុសិស្ស​ឱ្យដឹងពី​តម្លៃ​នៃ​ការអប់រំ លោក ហឿន សំនៀង ក៏បាន​ណែនាំ​ដល់​សិស្សានុសិស្ស គប្បី​មាន​គោលដៅ​ឱ្យបាន​ច្បាស់លាស់​ការរក្សា​ទស្សនៈ​ល្អៗ និង​វិជ្ជមាន​សម្រាប់​ខ្លួនឯង និង​ត្រូវ​មើល​ពី​ចំណុច​គួរ​ប្រុងប្រយ័ត្ន​ក្នុង​នាម​ជា​យុវជន យុវវ័យ និង​នៅ​ក្មេងខ្ចី​ខ្លី​បញ្ញា និង​បទពិសោធ ដោយ​ប្រយ័ត្ន​ក្នុង​ការសេពគប់​មិត្ត ដែល​អាច​នាំខ្លួន​ឱ្យ​ធ្លាក់​ទៅក្នុង​ផ្លូវ​អន្តរាយ​ជាដើម​៕