ព្រៃវែងៈ ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​ព្រៃវែង​​កាល​ពី​ថ្ងៃទី​ ៨ ​វិច្ឆិកា​ បានសហការចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ពាក់​ព័ន្ធ​ករណីសម្លាប់​ក្មេងស្រី​ម្នាក់​ និង​ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ​នាង ​ប្រព្រឹត្ត​នៅក្នុង​ ឃុំ-ស្រុក​ព្រះស្តេច​ ខេត្ត​ព្រៃ​វែង ​កាល​ពី​យប់​ថ្ងៃទី​ ៦ ​វិច្ឆិកា​។

លោក ​ពៅ ជីវី ស្នង​ការរង​ទទួល​ផែន​ការងារ​នគរ​បាល​ព្រហ្ម​ទណ្ឌនៃ​ស្នង​ការ​នគរ​បាល​ខេត្ត​ព្រៃវែង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ៩ វិច្ឆិកា​ថា ​ជន​សង្ស័យ​ឈ្មោះ​ យ៉ែម សុ​ផែន ភេទ​ប្រុស​ អាយុ ​២០ ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​ជៃ ឃុំ​ព្រះ​ស្តេច ស្រុក​ព្រះ​ស្តេច​ ខេត្តព្រៃ​វែង ។រីឯ​ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ​ ផ.ន​ អាយុ​ ១២​ ឆ្នាំ។ ជន​សង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅថ្ងៃទី​ ៨ វិច្ឆកា ​ក្នុងភូមិ​កើត​ហេតុ​ បន្ទាប់ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​កាល​ពី​ថ្ងៃទី ៧ ​វិច្ឆិកា។

លោក​ថ្លែង​ថា៖​ «ជន​សង្ស័យ​មិនបាន​រំលោភ​លើ​ក្មេង​រង​គ្រោះ​ទេ ​តែ​ជាការ​ប៉ុនប៉ង​រំលោភ។ គាត់​ជា​អ្នក​សម្លាប់​ក្មេង​ស្រី​ផ្ទាល់​ដៃ»។ លោក​បន្តថា ​ការ​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​ជន​សង្ស័យ​នេះ ​គឺមាន​ការចូល​រួម​សហ​កា​រ​ពី​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌនៃ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​ផង​ដែរ​។

​លោក​ ជីវី​ បាន​ប្រាប់​តាម​ចម្លើយ​សារ​ភាពរ​បស់ជនស​ង្ស័​យ​ថា​ កាលពី​យប់​ថ្ងៃទី ៦​ ខែ វិច្ឆិកា ​ឆ្នាំ ២០២១ រូបគេ​បាន​ទៅ​ចូលរួម​កម្មវិធី​ខួប​កំណើត​កូន​របស់​អ្នក​ជិត​ខាង​នៅក្នុង​ភូមិ​រហូតដល់​ម៉ោង​ប្រហែល ១២ យប់។ នៅពេល​នោះ​ម្ចាស់​កម្មវិធី​បាន​ប្រើ​ជនស​ង្ស័យ​ឱ្យទៅ​ទិញ​ទឹក​កក​។

លោក​បន្ត​តាម​សម្តី​ជនសង្ស័យ​ថា​ ពេល​កំពុងជិះ​ម៉ូតូ​តាមផ្លូវ​ក្នុងភូមិ​រូបគេបាន​ប្រទះឃើញ​ក្មេងស្រី​រងគ្រោះ​ឈរ​នៅមុខ​ផ្ទះ​ហើយ​គេ​ក៏បាន​ឈប់​ម៉ូតូ ​និង​បាន​និយាយ​លួងលោម​ក្មេងស្រី​រងគ្រោះ​ឱ្យទៅ​ផ្ទះ​ជប់លៀង​ជាមួយគ្នា។ ពេលនោះ​ក្មេងរង​គ្រោះ​ក៏​ឡើង​ជិះ​ម៉ូតូ​ទៅជា​មួយ​ដោយ​ជន​សង្ស័យ​បាន​ឱ្យ​នាង​ឱប​ចង្កេះ​ពីក្រោយ​ផង។

លោក​បាន​បន្តថា​ ខណៈនោះ​ជនសង្ស័យ​មាន​អារម្មណ៍​ចង់​រួមភេទ​ក៏​ដឹក​ក្មេងស្រី​រងគ្រោះ​បង្ហួស​ទៅដល់​វាលស្រែ​ដែលមាន​ទឹកអូរ រួច​ក៏​ស្ទាបអង្អែល​ដោះ​នាង តែ​ក៏ត្រូវ​ក្មេងស្រី​រងគ្រោះ​រើ​មិន​ព្រមឱ្យ​ចាប់។ ដោយ​មិន​អាចធ្វើ​អ្វី​ក្មេងរងគ្រោះ​កើត និង​ខ្លាច​បែកការ​ផង​ជនសង្ស័យ​ក៏បាន​ច្រាន​ក្មេងស្រី​រងគ្រោះ​ទម្លាក់​ចូលក្នុង​ទឹកអូរ។ បន្ទាប់មក​ក៏​ចាប់​ក្បាល​នាង​ជ្រមុជ​ក្នុង​ទឹកអូរ​រហូត​ដាច់ខ្យល់ស្លាប់​រួច​ក៏បាន​ជិះ​ម៉ូតូ​ទៅផ្ទះ​វិញ។

លោក​បាន​បញ្ជាក់​ថា កា​រចាប់ខ្លួន​នេះ គឺ​បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ដោយ​សមត្ថ​កិច្ច​ចម្រុះ​មកពី​ខាង​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រៃវែង​ និង​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​នៃ​អគ្គស្ន​ងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បើក​ការស្រាវជ្រាវ​បន្ទាន់​រហូត​ចាប់​ជន​សង្ស័យ​បាន​នៅ​ថ្ងៃទី ៨ វិច្ឆិកា។

លោក​បន្ត​ទៀតថា ​នៅក្នុង​ការធ្វើ​កោសល្យ​វិច័យ​ក៏មាន​ការចូលរួម​ពី​ខាង​អង្គការ​ស៊ី​ភី​យូ (CPU) ដែរ។ តាមរយៈ​ការ​វះកាត់​សាកសព​សមត្ថកិច្ច​ពិនិត្យឃើញ​មាន​ភក់​នៅក្នុង​បំពង់ក​ និង​មាន​ភក់​នៅក្នុង​សួត​ថែមទាំង​បាក់ឆ្អឹង​ជំនីរ​ខាងស្តាំ​ តែ​​ទ្វារមាស​ពុំមាន​ស្លាកស្នាម ពី​ការចាប់​រំលោភ​ទេ។

លោក​ថា៖ «ខាង​ជំនាញ​ខ្ញុំ​កំពុង​បន្ត​នីតិវិធី​បន្ថែម​នៅថ្ងៃនេះ (ថ្ងៃទី ៩ វិច្ឆិកា) ព្រោះ​មិនទាន់​ចប់​គ្រប់​ជ្រុង​ជ្រោយ។ ពេល​បំពេញ​នីតិ​វិធី​ចប់​យើង​នឹង​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលា​ការ»។

បើតាម​លោក​ សន សំអឿន ​នាយ​ប៉ុ​ស្ដិ៍​នគរបាល​ព្រះស្តេច​ ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី ៨ វិច្ឆិកា​ថា​ ក្មេងស្រី​រងគ្រោះ​រស់នៅ​ជាមួយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ក្នុង​ឃុំ​កើតហេតុ​ខាងលើ។នៅ​ថ្ងៃទី ៦ វិច្ឆិកា ​ម្តាយ​របស់​ក្មេងរងគ្រោះ​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​ច្រៀង​ជាមួយ​អ្នក​ជិតខាង​ក្នុង​ភូមិ​ ស្ថិតនៅក្នុង​ឃុំ​ព្រះ​ស្តេច ដោយមិនបាន​ចាប់អារម្មណ៍​ទៅលើ​កូន​ទេ​។ តែពេល​ត្រឡប់​មក​វិញ​បាត់​កូន ក៏​នាំគ្នា​ដើររក។ លុះដល់​ថ្ងៃទី​ ៧ វិច្ឆិកា​ អ្នកភូមិ​បាន​នាំគ្នា​ជួយ​រក​ក៏​ប្រទះ​ឃើញ​ក្មេងរង​គ្រោះ​ស្លាប់​ក្នុង​ទឹក​នៅ​វាល​ស្រែ​ចម្ងាយ​ពី​ផ្ទះ​របស់​ក្មេង​រង​គ្រោះ​ប្រហែល ​៣០០​ ម៉ែត្រ​តែម្ដង​៕