មណ្ឌលគិរីៈ តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង​ ១៧ ​នាក់ ​បាន​ផ្តិតមេដៃ​ដាក់ពាក្យ​ប្តឹងទៅ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី សូមឱ្យ​ចាត់វិធានការ​ច្បាប់​លើ​ម្ចាស់​គណនី​សង្គម​ហ្វេសប៊ុក (Narin Run (pich) ឈ្មោះ ណារីន កូនស្រី​ទី​២ ស្រឡាញ់​គ្រួសារ ព្រមទាំង​បក្ខពួក និង​ទាមទារ​សំណង ជំងឺ​ចិត្ត​ចំនួន ១០ ០០០ ​ដុល្លារ ដោយសារ​ហ្វេសប៊ុក​នេះ​បង្ហោះ​សារ​សំឡេង​និយាយ​មាក់ងាយ​ប្រមាថ​ជនជាតិ​ដើម​។

ពាក្យ​ប្តឹង​របស់​ជនជាតិដើម​ភាគតិច​ព្នង ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា បានឱ្យដឹងថា ជនជាតិដើម​ភាគតិច​ព្នង មកពី​ស្រុក​ទាំង​​ ៥ នៃ​ខេត្តមណ្ឌលគិរី ប្តឹង​គណនី​សង្គម​ហ្វេសប៊ុក (Narin Run (pich) ឈ្មោះ ណារីន កូនស្រី​ទី​២ ស្រឡាញ់​គ្រួសារ និង​បក្ខពួក​ពី​បទ​មាក់ងាយ​ធ្វើឱ្យ​មាន​ការរើសអើង​ជាតិសាសន៍ ធ្វើឱ្យ​មាន​ការប្រកាន់​ឋានៈ ពណ៌​សម្បុរ និង​ធ្វើឱ្យ​ជនជាតិភាគតិច​ព្នង​មាន​ការឈឺចាប់ ទើប​នាំគ្នា​ប្តឹង តវ៉ា ទាមទារ​រក​យុត្តិធម៌​។

លោក គ្រើង តុលា អ្នកប្រឹក្សាយោបល់ ក្រុមការងារ​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្តមណ្ឌលគិរី ថ្លែង​នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា​ថា មូលហេតុ​នៃ​ការប្តឹង​នេះ ដោយសារ​បានឃើញ​សារសំឡេង​របស់​ហ្វេសប៊ុក​ (Narin Run (pich) ឈ្មោះ ណារីន កូនស្រី​ទី​២ ស្រឡាញ់​គ្រួសារ ដែល​ត្រូវបាន​ចែករំលែក​ដោយ​ហ្វេសប៊ុក​ឈ្មោះ​ «​បុត្រា ជី ជីង​» នៅ​ថ្ងៃទី​ ៥ វិច្ឆិកា ដែល​សារសំឡេង​នោះ និយាយ​មាក់ងាយ​ប្រមាថ ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ ថែមទាំង​ប៉ះពាល់​ដល់​ផ្លូវចិត្ត និង​ជាតិសាសន៍ ជនជាតិដើម​ភាគតិច​ព្នង​ជាខ្លាំង​។

លោក គ្រើង តុលា ប្រាប់ថា សារ​សំឡេង​នោះបាន​និយាយ​មើលងាយ​ថា «​មើល​តែ​ពួកវា​រៀបការ ក៏​ដឹង​ដែរ​មិនមែន​ថ្លៃថ្នូរ​ដូច​យើង​ផង​ហ្នឹង​។ វា​ព្រៃ​តើ មិនមែន​ស្រុក​ដូច​យើង​ណា​។ បើ​ថា វា​ហំ វា​មិន​ដែល​នៅក្រោម​គេ​ណា គេ​ឱ្យ​ពួកវា​ធ្វើ​ធំ​បាត់​ហើយ​។ អាណែត អាគា ពួកវា​ព្នង​អ៊ីចឹង​ហើយគ្នា​អត់​មាន​ការអប់រំ​ដូច​យើង​»​។ បើតាម​លោក​ តុលា ការប្តឹង​នេះ​ជនជាតិដើម​ភាគតិច​ព្នង​ទាមទារ​សំណង​ជំងឺ​ចិត្ត ចំនួន ១០ ០០០ ​ដុល្លារ ហើយ​លុយ​ទាំងនេះ​នឹង​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​រក្សា​វប្បធម៌​ជនជាតិ​ដើមភាគតិច​ប្រចាំឆ្នាំ​។

គណនី​ហ្វេសប៊ុក​ឈ្មោះ បុត្រា ជី ជីង ​បាន​ចែករំលែក​នៅ​ថ្ងៃទី ២៧ តុលា បាន​សរសេរ​បង្ហាញ​ពី​ការហួសចិត្ត បន្ទាប់ពី​បានឮ​សារ​សំឡេង​មើលងាយ​ទៅលើ​ជនជាតិដើម​ភាគតិច​ព្នង​។

ហ្វេសប៊ុក​នោះបាន​សរសេរថា​៖ «​ខ្ញុំ​ថា​មិន​ចង់​ចេះដឹង​ទេ​រឿង​គេ​មិន​ចង់​លូក​មាត់​ទេ តែ​គាត់​បក​សម្តី​មក​សាហាវ​ពេក ឮ​សម្តី​របស់គាត់​និយាយ​ហើយ​ចុកឈាម​ពេក​។ នេះហើយ​ជនជាតិ​ខ្មែរ​មួយចំនួន​តូច​រើសអើង ជនជាតិ​ពូជសាសន៍​របស់​ពួក​ខ្ញុំ​។ ខ្ញុំ​បាន​ឆាត​មួយ​ដែរ​ហើយ ខ្ញុំ​និយាយ​ស្រួលបួល​ទេ តែ​គាត់​វិញ​និយាយ​មក​សុទ្ធតែ​ដល់​ម៉ែឪ​»​។

លោក សី ទូច ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​មណ្ឌលគិរី ថ្លែង​នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា​ថា រាល់​ការប្រមាថ​មើលងាយ មិនថាតែ​ជនជាតិ​ដើម​ភាគតិច​នោះទេ ជនជាតិ​ណា​ក៏ដោយ គឺ​មិនអាច​ទទួល​យក​បាន​នោះទេ​។ លោក​ថ្លែងថា ជា​ទស្សនៈ​រួម ជនជាតិខ្មែរ តែង​មាន​សីលធម៌ ហើយ​មិនដែល​ណែនាំ​អ្នកជំនាន់​ក្រោយ​ឱ្យ​ចេះ​ប្រមាថ​មើលងាយ​អ្នកដទៃ​ឡើយ​។ ដោយឡែក​ពាក់ព័ន្ធ​ជាមួយ ជនជាតិដើម​ភាគតិច​វិញ ក៏មាន​ច្បាប់ មាន​គោលនយោបាយ​លើកកម្ពស់​ពួកគាត់​ដូច​ជនជាតិខ្មែរ​យើង​ផងដែរ​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខ្ញុំ​មិនអាច​ទទួលយក​បាន​នូវ​ការ​មើលងាយ​ទេ​។ ខ្ញុំ​ក៏​សូមឱ្យ​ស្ថាប័ន​ជំនាញ​លោក​ស្រាវជ្រាវ​ដើម្បី​រក​ជន​ដែល​ប្រមាថមើលងាយ​នោះ ព្រោះ​អាហ្នឹង​វា​ផ្ទុយទៅនឹង​រដ្ឋ​ធម្មនុញ្ញ ក៏ដូចជា​ច្បាប់​នានា ដែល​យើង​បាន​ចូលរួម​លើកកម្ពស់​ជនជាតិដើម​ភាគតិច ហើយ​ណាមួយ​វា​ក៏​ប៉ះពាល់​ដល់​តម្លៃ​សីលធម៌​សង្គម​ផងដែរ​»​។

លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ថ្លែង​នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា​ថា ចំពោះ​​រឿងនេះ លោក​នឹង​ចាត់​ឱ្យមាន​ការស្រាវជ្រាវ​រក​អ្នកប្រព្រឹត្ត​យកមក​អនុវត្ត​តាម​នីតិវិធី ដោយ​មិនមាន​ការលើកលែង​ឡើយ​។ លោក​ថ្លែងថា​៖ «​រឿង​ហ្នឹង​យើង​ត្រូវតែមាន​ចំណាត់ការ ព្រោះ​កាលណា​មាន​បណ្តឹង​ហើយ សមត្ថកិច្ច​ត្រូវតែមាន​ចំណាត់ការ​លើ​បណ្តឹង​។ គាត់​មាន​ពាក្យបណ្តឹង​គាត់ គឺ​គាត់​មាន​អំណះអំណាង​របស់គាត់​មាន​ភ័ស្តុតាង​របស់គាត់​ហើយ ខ្ញុំ​ចាត់ការ​តាម​វិធានការ​ច្បាប់​»៕