សៀមរាបៈ ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី ៨ ​ខែវិច្ឆិកា​ បាន​ជូន​ដំណឹង​ពី​ការបន្ត​គម្រោង​ជួស​ជុល​ពង្រឹង​រចនា​សម្ព័ន្ធ​ខឿន​រួត​បាកាណ​នៃ​ប្រាសាទ​អង្គរវត្ត​ បន្ទាប់​ពី​ផ្អាក​មួយរយៈ​ដោយ​សា​រតែ​បញ្ហា​កូ​វីដ ១៩ ​រាលដាល​ខ្លាំ​កាលពី​ចុងខែ​សីហា ​កន្លង​ទៅ​។

អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី ៨ ​ខែវិច្ឆិកា ​បាន​ជម្រាប​ជូន​ដល់​ក្រសួង​ស្ថាប័ន​ជាតិ ​អន្តរជាតិ អាជ្ញាធរ​ដែន​ដី ​មន្ទីរ​ អង្គភាព សមាគម​ទីភ្នាក់ងារ​ទេស​ចរណ៍ សមា​គម​ម​គ្គុ​ទ្ទេស​ក៍​ទេស​ចរណ៍ សមាគ​ម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ ក្រុមហ៊ុន​ទេស​ចរណ៍ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ សាធា​រណជន​ព្រម​ទាំង​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​មេត្តា​ជ្រាប​ថា រចនា​សម្ព័ន្ធ​ខឿន​រួត​បាកាណ​នៃ​ប្រាសាទ​អង្គរវត្ត កំពុង​មាន​សភាព​ទ្រុឌ​ទ្រោម​ ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​ដោយ​សារ​កត្តា​អាយុ​កាល​និង​ធម្ម​ជាតិ​។

សេចក្តី​ជូន​ដំណឹង​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ ភ្នំពេញ ​ប៉ុស្តិ៍​ ទទួល​បាន​នៅ​ថ្ងៃទី ៩ ​ខែវិច្ឆិកា សរសេរថា «ដោយ​សង្កេត​ឃើញ​ពី​បញ្ហា​នៅ​ចំពោះមុខ​នេះ ក្រុម​អ្នក​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា នឹងត្រូវ​អនុវត្ត​គម្រោង​ជួស​ជុល​ពង្រឹង​រចនា​សម្ព័ន្ធ​ខឿន​រួត​បាកា​ណ​ជ្រុង​និរតី​និង​ពាយ័ព្យ​នៃ​ប្រាសាទ​ឡើង​វិញ ដោយ​ត្រូវ​ដំឡើង​រន្ទា និង​ធ្វើ​ផ្លូវ​សម្រាប់​ជញ្ជូន​ថ្ម​ចូល​ការដ្ឋាន​តាម​ច្រក​ចូល​ខាងកើត ឡើង​ទៅ​រួត​បាកា​ណ»​ ។

អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា ក្នុងន័យ​ដើម្បី​សម្រួល​ដល់​ការងារ​នេះ ក៏ដូច​ជា ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយ​ថាហេតុដល់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរ​ជាតិ និង​សា​ធារណ​ជន​ទូទៅ​ អាជ្ញាធរ​ជាតិ​អប្សរានឹង​អនុវត្ត​ការងារ​ខាង​លើនេះគិត​ចាប់ពី​ថ្ងៃទី ៩ ​ខែ វិច្ឆិកា ឆ្នាំ ២០២១​ តទៅ រហូត​ដល់​ការ​ដ្ឋាន​ត្រូវ​បាន​ជួស​ជុល​រួចរាល់​ ។

លោក ​ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ថ្លែង​នៅ​ថ្ងៃទី ៩ ខែ​វិច្ឆិកា​ថា ការ​អនុវត្ត​គម្រោង​ជួសជុល​នេះ មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​ឡើយ​ ពីព្រោះ​ការជួស​ជុល​នឹង​បែង​ចែក​ជាជ្រុងៗ និង​ជាដំណាក់​កាលៗ​ ដោយ​អ្នក​ជំនាញ​ប្រមូល​ថ្ម សិ​ក្សា​អំពី​ថ្ម រួច​ហើយ​ទើប​ត្រូវ​រៀបចំ​ដាក់​ឲ្យ​ត្រូវ​តាម​បច្ចេក​ទេស​។

លោក ​គឹម សុ​ធិ​ន អគ្គ​នាយក​រង អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ឲ្យដឹង​នៅ​ថ្ងៃទី ៩ ខែ​វិច្ឆិកាដែរ​ថា គម្រោង​ជួសជុល​រួត​បាកាណ​អង្គរ​នេះ ទើបតែ​ធ្វើ​បាន​តិចតួច​ប៉ុ​ណ្នោះ។លោក​ថាដំណាក់​កាល​ដំបូង​ត្រូវ​ពង្រាយ​ថ្ម​ដែល​នៅគរៗ​លើ​រួត​បាកាណដើម្បី​ពិនិត្យមើល​ថ្ម​ប្រភេទ​ណា​ នៅ​កន្លែង​ណា​ឲ្យ​ប្រា​កដ ទើប​ចាប់​ផ្តើមធ្វើ​ប្លង់ អំពី​តម្រូវ​ការ​ថ្ម​ថ្មី​ចំនួន​ប៉ុន្មាន ​រួច​ទើប​ធ្វើការ​ជញ្ជូន​ថ្ម​ទៅ​ដាក់។

លោក​ថ្លែង​ថា ​៖«យើង​ត្រូវ​រក​ដុំថ្ម ប៉ាន់​មើល​កម្ពស់​ថ្ម ហើយ​ថ្ម​យើង​កំពុង​កុម្ម៉ង់​ឲ្យ​គេ​កាត់។ ថ្ម​អង្គរវត្ត​យើង​កម្ពស់​វា ៥០​ ទទឹង ៦០ [សង់​ទីម៉ែត្រ] និង​បណ្តោយ ​១ ​ម៉ែត្រ អ៊ីចឹង​យើង​ត្រូវធ្វើ​ផែនការ​ធ្វើ​ផ្លូវ​យក​ថ្ម​ដុំ​ខ្នាត​ហ្នឹង​ឡើង​ទៅ​លើ​ដែល​ឆ្លង​កាត់​រោង​ទង​ចូល​ទៅ​ក្នុង​លើក​ដាក់​បន្ត​បន្ទាប់​៣​តង់​ ទើប​ដល់​កន្លែង​ជួស​ជុល​ខឿន​ហ្នឹង»​ ។

លោក គឹម សុ​ធិ​ន បញ្ជាក់​ថា ទោះបីជា​ដុំថ្ម​មាន​ទម្ងន់​ធ្ងន់​រហូត​ដល់ ​៧០០​ ទៅ ៨០០​ គីឡូ​ក៏ដោយ ក៏​មិនមាន​បញ្ហា​ប្រឈមអ្វី​នោះទេ។ពេល​នេះ​អ្នក​ជំនាញ​កំពុងតែ​ច្នៃ​លក្ខណៈ​បច្ចេកទេស​ដោយ​ក្រាល​កៅស៊ូ​ការពារ​ប្រើ​កុង​ផ្លាកេ​ទ្រ​​បាត​ដាក់​លើ​រទេះ​ច្នៃ​ដែល​ដាក់​កង់​ម៉ូតូ​ឆា​លី សម្រាប់​អូស​ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​ប្រើ​កម្លាំង​សុទ្ធ ​។

លោក​ថ្លែង​ថា៖ «កាល​មុន​យើង​អត់​បាន​បិទ​បាន​ទ្រ​​អី​ទេគឺ​យើង​ដាក់​ឈើ​អូស​ដៃ​ទៅ​តែម្តង​អាហ្នឹង៣ថ្ងៃ​បាន​យក​ថ្ម​មួយ​ដុំ​ទៅដល់​លើ​តែ​ឥឡូវ​យើង​នឹង​ប្រើ​បច្ចេក​ទេស​ថ្មី​ចាំមើល​ក្នុង​មួយ​ថ្ងៃ​យើង​អូស​បាន​ប៉ុន្មាន»៕