ភ្នំពេញៈ យុវជន​ចំនួន ​៣ ​នាក់ បាន​ទទួល​ជយលាភី លេខ ១​ លេខ ២ និងលេខ ៣ ​ពី​ការប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ នៃការ​គូរគំនូរ​ ស្ដីពី​ផលប៉ះពាល់​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង និង​វិធានការ​មាន​ប្រសិទ្ធភាព​ ក្នុងការ​​កាត់បន្ថយ​គ្រោះថ្នាក់​បង្កដោយ​គ្រឿង​ស្រវឹង ខណៈ​មាន​យុវជន​ជិត ២០០ នាក់ បាន​ផ្ញើ​ស្នាដៃ​គំនូរ​របស់ខ្លួន​ចូល​រួមការ​ការប្រកួត ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់​រំ​ យុវជន​និង​កីឡា​។

ការប្រកាស​ពី​លទ្ធផល​នៃ​ការ​ប្រកួត​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី គឹម សុ​ដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ និង​អង្គការ​ជា​ដៃគូរ​តាមរយៈ​ប្រព័ន្ធ​អន​ឡាយ (zoom) ខណៈ មាន​យុវជន ១៧៥ នាក់ បាន​ផ្ញើ​ស្នាដៃ​គំនូរ​មកកាន់​គណៈកម្មកា​រ។

ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី ៩ វិច្ឆិកា​ថា ស្នាដៃ​គំនូរ​ទាំងនេះ បាន​ឆ្លងកាត់​ការ​ជម្រុះ​ជា​បន្តបន្ទាប់ រហូត​រកឃើញ​ស្នាដៃ​ល្អ​បំផុត​ចំនួន៥ ឆ្លង​ចូល​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដោយ​​ម្ចាស់​ជ័យលាភី​ទាំង ៥ នេះ បាន​បកស្រាយ​ខ្លឹមសារ​គំនូរ​របស់ខ្លួន កាលពី​ថ្ងៃទី ០៨ ខែវិច្ឆិកា ដើម្បី​ជ្រើសរើស​ជ័យលាភី​លេខ ១ លេខ ២ និង​លេខ ៣។

ក្រសួងអប់​រំ​បាន​បញ្ជាក់ថា៖« កម្មវិធី​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង ​បំផុស​ការយល់ដឹង​ អំពី​ផលប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿ​ស្រវឹង​ ដល់​សិស្ស​ និស្សិត​និង​យុវជន និង​គាំទ្រ​ឱ្យមាន​វិធានការ​មាន​ប្រសិទ្ធភាព ​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ ដែល​បណ្ដាលមកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង ​ក្នុងចំណោម​សិស្ស​និស្សិត​និង​យុវជន»។

តាម​ការប្រកាស​របស់​ក្រសួង​អប់រំ ក្រោយ​ពី​ឆ្លងកាត់​ការបកស្រាយ​ខ្លឹមសារ​រូបភាព​យ៉ាង​ក្បោះក្បាយ ជយលាភី​លេខ ១ បាន​ទៅលើ យុវជន ជ័រ ម៉េង​ស៊ា​ង មកពី​ខេត្ត​ព្រះសីហនុ ជ័យលាភី​លេខ ២ បាន​ទៅ​លើ​យុវជន ជា វង្ស​នរិន្ទ មក​ខេត្តសៀមរាប ជ័យលាភី​លេខ ៣ បាន​ទៅ​លើ​យុវនារី នី ស្ទី​ន​ណា មកពី​ខេត្តស្ទឹងត្រែង។

គួរ​បញ្ជាក់ថា វិធានការ​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ បង្ក​មកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​មាន​ ១.ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ២.ដំឡើង​ពន្ធ​គ្រឿង​ស្រវឹង ៣.កំណត់​អាយុ​ដែល​អាច​ទិញ​និង​ប្រើប្រាស់​គ្រឿង​ស្រវឹង និង ៤.កាត់បន្ថយ​ភាព​ងាយ​រកបាន ​នៃ​គ្រឿង​ស្រវឹង ។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់​រំ​។

​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក គ្រឿង​ស្រវឹង​ បង្កឱ្យមាន​ជំងឺ​ជាង ២០០ មុខ ហើយ​ជា​កត្តា​ចម្បង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ក៏ជា​កត្តា​ហានិភ័យ​ ជំរុញ​ឱ្យ​មាន​អំពើហិង្សា​គ្រប់​ប្រភេទ ព្រមទាំង​ភាពក្រីក្រ។

ទាំងនេះ​ គឺជា​ហេតុផល​សំខាន់​ ​ដែល​មិនគួរ​ឱ្យ​មានការ​ជំរុញឱ្យ​មានការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។

លោក មុំ គង់ នាយក​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​មើលឃើញថា ការប្រកួត​គូរគំនូរ​លើក​នេះ​គឺមាន​យុវជន បាន​ចូលរួម​ច្រើន​ ជាពិសេស​យុវជន​ មកពី​តាម​បណ្តាល​ខេត្ត​នានា ដើម្បី​ប្រកួតប្រជែង​ស្នាដៃ​របស់​ពួកគេ។

ការចូលរួម​របស់​យុវជន​ ក្នុងការ​បង្ហាញ ឬ​រំលិច​ឱ្យ​ឃើញ​ពី​ផលប៉ះពាល់​បណ្តាលមកពី​គ្រឿង​ស្រវឹង តាមរយៈ​គំនូរ​គឺ​​ចូលរួមចំណែក​បាន​ច្រើន​ដល់​សង្គម ។

លោក​បន្តថា៖ «ការចូលរួម​របស់​យុវជន និង​លើកឡើង​នូវ​វិធានការ​មាន​ប្រសិទ្ធភាព​ដើម្បី​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល ចាត់វិធានការ​ទៅលើ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នេះ គឺជា​ការចូលរួមចំណែក​មួយ​យ៉ាងសកម្ម​នៅក្នុង​ការជួយ​សង្គម ដើម្បី​ឱ្យ​សង្គម​កាន់​តែមាន​សុវត្ថិភាព ហើយ​មាន​សណ្តាប់ធ្នាប់​ជាង​មុន និង​កាត់បន្ថយ​ផលប៉ះពាល់»៕