ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ​(គជប) ​ចែក​លិខិត​អញ្ជើញ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ​ដែល​មាន​ឈ្មោះ​បោះឆ្នោះ​ឆ្នាំ ២០២០​ ឱ្យ​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២១ ​នេះ ​ដែល​សម្រេច​បាន​ចំនួន ​៨ ២០៥ ៧០៣ ​ស្មើ​នឹង​ ៩២.៩១%។ នេះបើ​យោង​តាម ​តារាង​បូក​សរុប​លទ្ធផល​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃទី ៩ ​ខែ វិច្ឆិកា ​ឆ្នាំ ២០២១។

លោក​ ហង្ស ពុទ្ធា ​អ្នក​នាំពាក្យ ​គ.ជ.ប.​ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៩ ​ខែវិច្ឆិកា​ថា ​ ក្នុងនាម​ជា​អ្នកចាត់ចែង​រៀបចំ​ការបោះឆ្នោត ​គ.ជ.ប. ​បាន​ធ្វើ​កិច្ច​ការងារ​ជាច្រើន ​ដូចជា​ការអញ្ជើញ​ប្រជាពលរដ្ឋ​ឱ្យ​មក​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះ​ឆ្នោត។ នេះ​ជាលទ្ធផល​ដ៏ច្រើន​លើស​លប់ ​ដែល​ប្រជាពលរដ្ឋ​បាន​ទទួល​លិខិត​អញ្ជើញ​នេះ។ ចំពោះ​ការអញ្ជើញ​ប្រជាពលរដ្ឋ​នេះ ​គឺ​ក្នុង​ន័យ​ឱ្យ​ប្រជាពលរដ្ឋ​ផ្ទៀងផ្ទាត់​ប្រកប​ដោយ​ភាពហ្មត់​ចត់​ជា​ទីបំផុត​នូវ​ឈ្មោះ​របស់​ខ្លួន​ នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ ឆ្នាំ ២០២០ ​ និង​ត្រូវបាន​បោះពុម្ព​ជាលិខិត​អញ្ជើញ ​ទៅជា​បណ្ណ​ព័ត៌មាន​អ្នកបោះ​ឆ្នោត។

ជាមួយ​នឹង​លទ្ធផល​ដែល​សម្រេច​បាន​នេះ ​គ.ជ.ប.​បាន​ធ្វើការ​ជាមួយ​អាជ្ញាធរ​ដែនដី​ រួមមាន​មេឃុំ ​ចៅសង្កាត់ ​និង​ប្រធាន​ភូមិ​ជាដើម ​ ដើម្បី​ធ្វើ​ការចុះ​ចែក​នៅ​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នីមួយៗ។ បើទោះបី​មាន​ការជួប​ការលំបាក​ទាំង​ពេល​វេលា ​និង​បញ្ហា​អាកាស​ធាតុ ​និង​ទឹកជំនន់​ ជាដើម​ ប៉ុន្តែ​អ្វីៗ​ត្រូវបាន​ប្រព្រឹត្ត​ទៅតាម​ការគ្រោង​ទុក ​ ហើយ​ជាលទ្ធផល ​ប្រជាពលរដ្ឋ​ច្រើន​លើសលប់ ​បានទទួល​នូវ​លិខិត​អញ្ជើញ​នេះ ។

លោក​បញ្ជាក់ថា ​ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ទទួល​បណ្ណ​បោះឆ្នោត ​ឬ​លិខិត​អញ្ជើញ ​គឺ​ប្រជាពលរដ្ឋ​អាចទៅ​ទទួលយក ​នៅ​តាម​សាលា​ឃុំ​សង្កាត់​ទាំងនោះ​បាន។ ព្រោះ​បណ្ណ​បោះឆ្នោត​ ឬ​លិខិត​អញ្ជើញ​នេះ ​ត្រូវបាន​គេ​រក្សាទុក​យ៉ាង​ត្រឹមត្រូវ​នៅតាម​សាលា​ឃុំ​សង្កាត់​ដែល​ខ្លួន​រស់​នៅ​ទី​នោះ។

បើ​តាម​លោក​ ហង្ស ពុទ្ធា ​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​លិខិត​អញ្ជើញ​នេះ ​មានន័យ​ថា ​ពួកគាត់ ​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត ​និង​ធ្វើការ​ផ្ទៀង​ផ្ទាត់​ឈ្មោះ ​វាខុស​អក្ខរាវិរុទ្ធ ​ឬ​ក៏​ខុស​ទិន្នន័យ​ណាមួយ ​សាមីខ្លួន​អាច​ទៅ​ធ្វើការ​ស្នើសុំ​ កែតម្រូវ​ក្នុង​អំឡុង​ពេល​នៃ​ការពិនិត្យ​បញ្ជី ​និង​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ។ ប្រសិនបើ​បានទទួល​លិខិត​អញ្ជើញ​នេះ ​ហើយ​បាន​ពិនិត្យ​ឃើញ​ឈ្មោះ​អ្នកដទៃ​ទៀត​ ដែល​គ្មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដូច​ជា​មិនមែន​សញ្ជាតិ​ខ្មែរ​ មិនទាន់​គ្រប់​អាយុ ​ប៉ុន្តែ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ ឬ​ក៏ដឹង​ថា ​អ្នកនោះ​ទទួល​មរណភាព ​ពួកគាត់​អាច​ស្នើសុំ ​ឬ​ប្តឹង​ឱ្យ​លុប​ឈ្មោះ​អ្នកនោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​បាន​ដែរ។

លោក​ថ្លែងថា​៖ «អ៊ីចឹង​លិខិត​អញ្ជើញ​នេះ ​គឺ​ដើម្បី​ឱ្យ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ​ប្រកប​ដោយ​តម្លាភាព ​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ​ទាំងអស់​គ្នា ​សម្រាប់​វិស័យ​បោះឆ្នោត​នៅ​កម្ពុជា»។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ​គ.ជ.ប.​ នៅ​ថ្ងៃទី ៩ ​ខែ វិច្ឆិកា ​ឆ្នាំ ២០២១ ​ប្រជាពលរដ្ឋ​ដែល​បានអញ្ជើញ​មកចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​ចំនួន​ ៣០២ ៨៤៩ នាក់។ អ្នក​ដែល​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​សរុប​ចំនួន ​១៤៣ ៧១១ នាក់។ អ្នក​ដែល​បានកែ​តម្រូវ​ទិន្ន​ន័យ​សរុប​មាន​ចំនួន​ ១១០ ១៥៨ នាក់ ​និង​អ្នក​ដែល​ផ្ទេរ​ទីលំនៅ ​ចូល​ឃុំ​សង្កាត់​ថ្មី ​សរុប​មាន​ចំនួន​៩០ ១៣៣ នាក់។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា ​ ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះ​ឈ្មោះ​បោះឆ្នោត ​ឆ្នាំ ២០២១ ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី ១២ ​ខែ តុលា ​ដល់​ ថ្ងៃ​ទី ៣០ ​ខែ វិច្ឆិកា ​ឆ្នាំ ២០២១​ គិត​ទាំង​ថ្ងៃសៅរិ៍ ​និង​អាទិត្យ។

ជាមួយ​គ្នានេះ ​គ.ជ.ប.​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត ​និង​ទទួលបាន​លិខិត​អញ្ជើញ​ពី​មេឃុំ ​ចៅ​សង្កាត់ ​និង​មេភូមិ​ សូម​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះឆ្នោត ​នៅ​តាម​ការិយាល័យ ​ចុះ​ឈ្មោះ​បោះឆ្នោត​ ដែល​បច្ចុប្បន្ន ​មាន​ទីតាំង​នៅ​តាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ​សង្កាត់​ដែល​ខ្លួន​រស់​នៅ៕