ពោធិ៍សាត់ៈ បុរស​ជនជាតិ​ចិន​ម្នាក់​ ដែល​ត្រូវ​​បាន​ជនជាតិ​ចិន​ដូចគ្នា​ ឆបោក​ពី​ប្រទេស​ចិន ​ឱ្យមក​ធ្វើការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ នៅ​​ខេត្ត​ពោធិ៍សាត់ ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​ជួយ​អន្តរា​គម​ន៍សង្គ្រោះ ​និង​បញ្ជូន​មក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ នៅ​ថ្ងៃ​ទី​ ៩​ វិច្ឆិកា ដើម្បី​ត្រៀម​​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។

លោក ​អ៊ិត ប៊ុន​ណា ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្តពោធិ៍សាត់​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ៩ វិច្ឆិកា​ថា​ បុរស​ជនជាតិ​ចិន​ឈ្មោះ Xiong Liqiang អាយុ ២៣ ឆ្នាំ ​ត្រូវបាន​ជន​ជាតិចិន​ដូចគ្នា​ ឆបោក​ពី​ប្រទេស​ចិន​ មក​ធ្វើការ​នៅ​តំបន់​សេស​កិច្ច​ពិសេស​ថ្មដា​ ក្នុង​ខេត្តពោធិ៍សាត់។

គាត់​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ជួយសង្គ្រោះ​បាន​កាលពី​ថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ ២០២១ នៅក្នុង​ក្រុមហ៊ុន​មួយ ​នៃ​តំបន់​សេដ្ឋកិច្ច​ពិ​សេស​ថ្មដា។

លោក​ថ្លែងថា៖ «នៅថ្ងៃនេះ (ថ្ងៃទី ៩ វិច្ឆិកា) ខាង​ជំនាញ​អន្តោប្រវេសន៍​ខេត្ត​ បាន​យក​ឡាន​ដឹក​គាត់​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ហើយ ដើម្បី​ត្រៀម​បញ្ជូន​​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ»។

លោក​បាន​ប្រាប់ថា​ មុន​មានការ​អន្តរា​គមន៍​​នេះ ​កាលពី​ថ្ងៃទី ៦ វិច្ឆិកា ជនរងគ្រោះ​ បាន​សរសេរ​សារ​ចូលក្នុង​ហ្វេ​ស​ប៊ុក​​របស់​លោក​នាយករ​ដ្ឋ​មន្ត្រី​ ហ៊ុន សែន ជា​ភាសា​អង់គ្លេស។

ទន្ទឹម​នោះដែរ​ បុរសរងគ្រោះ ​ក៏បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ​ នៅ​ប្រទេស​ចិន​ ហើយ​ក្រុមគ្រួសារ​គាត់​ បាន​ទាក់ទង​មក​ស្ថាន​ទូត​ចិន​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​សុំ​ជួយ​អន្តរា​គមន៍។

លោក ​ប៊ុន​ណា​ បញ្ជាក់ថា ​បន្ទាប់ពី​​មាន​ការសុំ​ជួយ​អន្តរា​គម​ន៍​បន្ទាន់​ ពី​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​មក​ ក៏​ត្រូវបាន​ក្រុមការងារ និង​ប្រតិកម្ម​រហ័ស នៃ​អគ្គស្នងការដ្ឋាន​ នគរ​បាល​ជាតិ​ សហការ​ជាមួយ​លោកស្នងការ​នគរបាល​ខេត្តពោធិ៍​សាត់​ចុះ​ធ្វើ​អន្តរា​គម​ន៍​​ជួ​យ​សង្គ្រោះ នៅ​ថ្ងៃទី ៨ វិច្ឆិកា​ នៅ​តំបន់​សេដ្ឋកិច្ច​ថ្មដា​ បានសម្រេច​តាម​ការស្នើសុំ​ពី​ជនរងគ្រោះ។

ក្នុង​កិច្ច​ជួយ​ជនរងគ្រោះនេះ ក៏មាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​សាលាដំបូង​ខេត្តពោធិ៍សាត់ និងអ្នកតំណាង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ផងដែរ​៕