ភ្នំពេញៈ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ​បញ្ជូន​ជនសង្ស័យ ​៦ នាក់ ​ទៅ​តុលាការ ​នៅ​ល្ងាច​ថ្ងៃទី ៩ ​វិច្ឆិកា ​ក្នុងនោះ ​៤ នាក់ ​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ជាអាទិ៍ ​និង ​២ នាក់​ទៀត​ ជា​អ្នកកាសែត​ ពាក់​ព័ន្ធ​បទញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ​ជាអាទិ៍ ​និង​បរិហារ​កេរ្តិ៍។

លោក​ឧត្តមសេនីយ៍​ទោ ​ម៉ៅ ច័ន្ទមធុរិទ្ធ ​ស្នងការ​នគរបាល​ខេត្ត​កំពត ​ថ្លែង​នៅ​ល្ងាច​ថ្ងៃទី ៩ ​វិច្ឆិកា​ថា ​កម្លាំង​សមត្ថកិច្ច​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពត ​បញ្ជូន​ជនសង្ស័យ​ចំនួន ​៦ នាក់​ ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី។ ក្នុង​នោះ ​៤ នាក់​ ជា​ជនសង្ស័យ​មុខសញ្ញា​ចាស់​ដែល​ដើរ​ទន្ទ្រាន​ដី ​នៅ​ឃុំ​ត្រពាំង​ភ្លាំង ​ស្រុក​ឈូក។

ដោយ​ឡែក ​២ នាក់​ទៀត ​ជាអ្នក​សារព័ត៌មាន ​LSN TV ​ដែល​ធ្វើការ​ផ្សាយ​ផ្ទាល់​វាយប្រហារ​សមត្ថកិច្ច ​និង​អាជ្ញាធរ​ខេត្ត ​ដោយ​មិនបាន​សួរនាំ​ឱ្យ​បាន​ច្បាស់លាស់​ជុំវិញ​រឿងរ៉ាវ​ដែល​សមត្ថកិច្ច​បានឃាត់​ជនសង្ស័យ​ទាំង​ ៤ នាក់​នោះ។

លោក​ថ្លែងថា​៖ «គាត់​មក​ឡាយ​អ៊ីចឹង​មិនមែន​ជារឿង​ល្អ​ឯណា។ គាត់​មក​ការពារ​ប្រជាពលរដ្ឋ​ហ្នឹង​ដើម្បី​ឱ្យ​បន្ត​ទន្ទ្រាន​ដី​គេ ​ដែល​គេ​មាន​ច្បាប់​មាន​ទម្លាប់​របស់​គេ​ត្រឹមត្រូវ ​ឬ​យ៉ាង​ម៉េច។ បើ​គាត់​មក​សួរនាំ​យើង ​គឺ​យើង​នឹង​បង្ហាញ​ឯកសារ​ប្រាប់ឱ្យ​គាត់​ដឹង​ថា ​គេ​ឃាត់​ហ្នឹង​ដោយ​សារ​មូល​ហេតុ​អី​ហើយ»។

សេចក្តី​ប្រកាស​ព័ត៌មាន ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ នៅ​ថ្ងៃទី ៩ ​ខែវិច្ឆិកា ​ឱ្យដឹងថា ​នៅ​ថ្ងៃទី ៧ ​ខែ វិច្ឆិកា​ ឆ្នាំ​ ២០២១ ​វេលាម៉ោង ១០​ និង​ ៣០ នាទី ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុកឈូក ​បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ ៤ នាក់ ​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ​ស្ថិតនៅ​ភូមិ​ព្រៃពាយ​ ឃុំ​ត្រពាំង​ភ្លាំង ​ស្រុក​ឈូក ​ខេត្ត​កំពត ​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជាក់​ស្តែង។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឱ្យដឹង​ទៀត​ថា ​លុះ​ថ្ងៃទី ៨ ​ខែ វិច្ឆិកា ​ឆ្នាំ ២០២១ ​វេលា​ម៉ោង​ ១៤ ​និង ​៥០ នាទី ​កម្លាំង​នគរបាល​ នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​កំពត ​បានឃាត់​ខ្លួន​មនុស្ស​ចំនួន ​២ នាក់ ​(អ្នក​សារព័ត៌មាន​ LSN TV)។ ទី១ ​មាន​ ឈ្មោះ​ អ៊ីង ធឿន​ ភេទប្រុស​ អាយុ​ ២៧ ឆ្នាំ​ និង​ម្នាក់​ទៀត ​ឈ្មោះ​ សាយ សុភា ​ភេទប្រុស ​អាយុ​ ២៤ ឆ្នាំ។ ទាំង ​២ នាក់​ នៅ​ភូមិ​ព្រៃពាយ ​ឃុំ​ត្រពាំង​ភ្លាំង ​ស្រុក​ឈូក​ ខេត្ត​កំពត។

អ្នក​ទាំង ២ ​នោះ ​បានមក​ផ្សាយ​ផ្ទាល់​នៅ​ចំណុច​មុខ​រដ្ឋបាល​ខេត្តកំពត ​ស្ថិត​ក្នុង​ភូមិ ១ ​ឧសភា ​សង្កាត់​កំពង់​កណ្តាល ​ក្រុង​កំពត​ វាយ​ប្រហារ​លើ​ចំណាត់ការ​កម្លាំង​មាន​សមត្ថកិច្ច ​និង​អាជ្ញាធរ​មូលដ្ឋាន ​ដោយ​មិនបាន​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​ ដើម្បី​សួរនាំ​ឱ្យ​បានច្បាស់​លាស់​ជុំវិញ​ករណី​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ​៤ នាក់ ​កាលពី​ថ្ងៃ​ទី ៧ ​ខែ វិច្ឆិកា ​ឆ្នាំ ២០២១​ឡើយ។

ក្នុង​សេចក្តី​ប្រកាស​នោះ​សរសេរថា​៖ «នេះ​ជាហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការភាន់​ច្រឡំ ​និង​អរិយភាព​ លើ​កម្លាំង​មាន​សមត្ថកិច្ច ​និង​អាជ្ញាធរ​មូល​ដ្ឋាន។ ម៉្យាង​ទៀត​គឺ​បាន​ជំរុញ​ឱ្យ​បង្កើន​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ខុស​ច្បាប់​លើ​ដី​ដែល​មាន​បណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់»។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា ​ទង្វើ​របស់​អ្នក​កាសែត​ទាំងនេះ​មាន​ចេតនា​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ​និង​ប្តឹង​បរិហារ​កេរ្តិ៍ ​ដែល​មាន​ចែង​ក្នុង​មាត្រា ​៤៩៥ ​និង​បរិហារ​បង្កាច់​កេរិ៍្ត ​ដែល​មាន​ចែង​ក្នុង ​មាត្រា​ ៣១១​ នៃ​ក្រម​ព្រហ្មទណ្ឌ ​ហេតុនេះ​សមត្ថកិច្ច​ចាំបាច់​ត្រូវ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕