
កុមារអាយុ ៥ ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់នៅមន្ទីរពេទ្យទួលស្លែង កាលពីថ្ងៃទី ១ វិច្ឆិកា។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន នៅថ្ងៃទី ៨ វិច្ឆិកា ប្រកាសពន្យារពេលដំណើរការរៀន និងបង្រៀននៅកម្រិតមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច ហើយថា បន្ទាប់ពីកុមារអាយុ ៥ ឆ្នាំបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ រួច ក្រសួងនឹងចេញលិខិតអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាបើកថ្នាក់សម្រាប់កុមារអាយុ ៥ ឆ្នាំ។
ការប្រកាសពន្យារពេលរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អនុវត្ដតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានណែនាំឱ្យមានការពន្យារពេលសម្រាប់ការដំណើរការរៀន និងបង្រៀននៅកម្រិតមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច ក្នុងពេលលោកធ្វើជាអធិបតីពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនាថ្ងៃទី ៨ វិច្ឆិកា។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ខ្ញុំសូម ជម្រាបលោក លោកស្រីប្រធាន ជ្រាបថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងស្នើសូមលោក លោកស្រីប្រធាន ណែនាំដល់គ្រឹះស្ថានមត្តេយ្យសិក្សាគ្រប់ប្រភេទ [មត្តេយ្យសិក្សាសាធារណៈ មត្តេយ្យសិក្សាឯកជន និងមត្តេយ្យសហគមន៍] និងសេវាអប់រំកុមារតូចត្រូវពន្យារពេលសម្រាប់ដំណើរការរៀន និងបង្រៀនដោយផ្ទាល់នៅតាមគ្រឹះស្ថានសិក្សា»។
លោក ហង់ជួន ណារ៉ុន បន្តថា៖ «បន្ទាប់ពីកុមារអាយុ ៥ ឆ្នាំបានចាក់វ៉ាក់សាំងការពារកូវីដ ១៩ រួច ក្រសួងនឹងចេញលិខិតអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាបើកបង្រៀនសម្រាប់កុមារអាយុ ៥ ឆ្នាំ»។
ក្នុងពេលធ្វើជាអធិបតីពិធីនោះលោក ហ៊ុន សែន ថ្លែងថាបច្ចុប្បន្នកម្ពុជាកំពុងបើកប្រទេសឡើងវិញ ក្នុងនោះធ្វើយ៉ាងម៉េចឱ្យសាលាបើកទៅមុនសិន ហើយក្រោយបើកអត្រាឆ្លងកូវីដ ១៩ ក៏មានការធ្លាក់ចុះដែរ។ ក្នុងពេលបើកសាលាឡើងវិញមានមនុស្សជាង ៣ លាននាក់ចូលរៀន តែឆ្លងមានកម្រិតតូចតាច។ នេះមកពីប្រជាពលរដ្ឋព្រមទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ខណៈអ្នកដទៃប្រឆាំងការចាក់វ៉ាក់សាំង។
លោក ហ៊ុន សែន ថ្លែងថា៖ «អ៊ីចឹង បានជាខ្ញុំសូមផ្ដាំផ្ញើ មត្តេយ្យកុំអាលលឿនពេក។ ខ្ញុំចង់ឱ្យបើក [ថ្នាក់] បឋម។ បើកមត្តេយ្យអត់ទាន់ បានចាក់ថ្នាំ [វ៉ាក់សាំង] វាមានរឿងរបស់វា ប្រយ័ត្នប្រយែង។ អ៊ីចឹងបានឥឡូវបានឱ្យចាក់អា ៥ ឆ្នាំ [កុមារ] ព្រោះវ័យហ្នឹងជួនកាលវាចូលបឋម។ អា ៣ ឆ្នាំ ៤ ឆ្នាំ [កុមារតូច] យើងអត់ទាន់ឱ្យចាក់ទេ។ អ៊ីចឹងយើងកុំអាលលឿនពេក [បើកសាលាមត្តេយ្យ]»។
លោកនាយករដ្ឋមន្ដ្រីថ្លែងថា វ៉ាក់សាំងបានសង្គ្រោះជីវិតមនុស្ស បើប្រជាពលរដ្ឋមិនទទួលបានវ៉ាក់សាំងទេ ច្បាស់ជាមកដល់ពេលនេះ កម្ពុជាបើកប្រទេសមិនរួចទេ។ លោកបន្តថា៖ «ពេលមុនបងប្អូនទ្រាំទ្រការលំបាក តែពេលនេះបងប្អូនបានធូរស្រាលហើយ។ ខ្ញុំ ១ អាទិត្យនេះខ្ញុំតាមដាន គឺបងប្អូនសប្បាយចិត្ដនៅពេលដែលយើងបើកប្រទេស»។
លោកស្រី ធឿន ចាន់ណាលែន អាណាព្យាបាលកុមារម្នាក់លើកឡើងថា ការបើកឱ្យដំណើរការមត្តេយ្យសិក្សាឡើងវិញ បានជួយសម្រួលដល់ឪពុកម្តាយ ដែលត្រូវទៅបំពេញការងារវិញ ស្របពេលប្រទេសកំពុងបើកដំណើរការឡើងវិញស្ទើរគ្រប់វិស័យ។
លោកស្រីប្រាប់ថា៖ «វាពិតជាប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍរបស់ពួកគាត់ [កុមារតូច] ជាពិសេសប្រាជ្ញាស្មារតី ហើយរឹតតែប៉ះពាល់ ខ្លាំងសម្រាប់វ័យមូលដ្ឋាន ក្រោមអាយុ ៦ ឆ្នាំ។ ក្មេងក្រោមអាយុ ៦ ឆ្នាំត្រូវការបញ្ចេញសកម្មភាព ការរៀនពីបំណិនជីវិតនានាតាមរយៈការលេង និងចៀសពីការប្រើប្រាស់ពេលនៅលើអេក្រង់ស្មាតហ្វូន (screen time)»។
លោកស្រីបន្តថា ការរៀនតាមអនឡាញមិនបានជួយកុមារតូច ដូចវ័យធំនោះឡើយ ព្រោះពួកគេមិនទាន់ចេះបែងចែកការរៀនបានដូចក្មេងដែលមានវ័យធំ។ លោកស្រីបន្តថា៖ «ខ្ញុំសង្ឃឹមថា ក្រសួងនឹងសិក្សាថ្លឹងថ្លែងឡើងវិញនូវហានិភ័យជុំវិញបញ្ហានេះ»។
លោក គៀន សាងកុសល អាណាព្យាបាលកុមារដែលត្រូវចូលរៀនថ្នាក់មត្តេយ្យដែរនោះថ្លែងថា សាលាឯកជនថ្នាក់មត្តេយ្យរៀនតាមអនឡាញជួបការលំបាកច្រើន ក្នុងការទទួលបានចំណេះដឹង។
លោកថា៖ «សូមក្រសួងជួយបញ្ជាដោយអនុគ្រោះទៅក្មេងគ្រប់ អាយុរៀនថ្នាក់ទី ១ សូមអនុញ្ញាតឱ្យបើកសាលារៀនថ្នាក់ទី ១ ហ្មងទៅ។ សូមកុំឱ្យសាលាឯកជនតឹងពេក ខាតអាយុក្មេងអស់ហើយ»៕
វីដេអូ៖