កំពតៈ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត​ប្រកាស​ផ្តល់​ស្បៀង​ដល់​ក្រុម​អ្នករត់ម៉ូតូឌុប តាក់ស៊ី និង​ប្រជានេសាទ​ទូទាំង​ខេត្ត​ ដើម្បី​គាំទ្រ​ដល់​ជីវភាព​របស់​ពួកគាត់​ដែល​កំពុង​ខ្វះខាត ដោយ​រដ្ឋបាលខេត្ត​នឹង​រៀបចំ​ការជួបជុំ សម្រាប់​ក្រុម​ទាំង ២ ​នេះ​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​។

លោក​ ម៉ៅ ធនិន បានប្រកាស​យ៉ាង​ដូច្នេះ​ពីថ្ងៃ​ទី​ ៧ វិច្ឆិកា ក្នុងអំឡុងពេល​លោក​ទទួល​អំណាយ​ពី​សប្បុរសជន​នៅ​សាលា​ខេត្តកំពត ដើម្បី​បន្ត​យក​អំណាយ​ទាំងនោះ​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​។

លោក​ ម៉ៅ ធនិន បាន​ថ្លែងថា​៖ «​គ្រួសារ​ម៉ូតូឌុប និង​តាក់ស៊ី​ទូទាំង​ខេត្ត​នេះ ខ្ញុំ​គិតថា ប្រហែលជា ៥ ពាន់​នាក់​លើ​ ៧០ ​ម៉ឺន​នាក់ (​ប្រជាជន​ខេត្តកំពត​សរុប​)​។ ចន្លោះ​ពីថ្ងៃ​ទី ១៥ ទៅ ថ្ងៃទី​ ១៧ ខ្ញុំ​គិតថា​នឹង​ជួប​គ្រួសារ​ម៉ូតូឌុប គ្រួសារ​តាក់ស៊ី ក្នុង​ក្រុង​កំពត​។ ប្រជានេសាទ​របស់​យើង​នៅក្នុង​ខេត្ត​នេះ យើង​ធ្វើ​បច្ចុប្បន្នភាព មាន​ចន្លោះ​ពី ៣ ៥០០ ទៅ ៣ ៨០០ គ្រួសារ​។ អ៊ីចឹង​គ្រួសារ​ទាំងអស់នេះ ក៏​យើង​ត្រូវ​គ្រប់គ្រង​ដែរ​»​។ ការដែល​ត្រូវ​គ្រប់គ្រង​ប្រជានេសាទ​ឱ្យ​មាន​ជីវភាព​ល្អប្រសើរ គឺ​ដោយសារ​តែ​ពួកគេ​ទាំងអស់ គឺ​ប្រកបរបរ​ជាមួយនឹង​ធនធាន​ធម្មជាតិ ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ពី​គ្រោះ​ធម្មជាតិ​ ខណៈ​ដែល​បច្ចុប្បន្ន​ជីវភាព​របស់​ប្រជានេសាទ​ស្ថិតក្នុង​ភាពយ៉ាប់យ៉ឺន​។ ​

លោក​សង្កត់ធ្ងន់​ថា​៖​ «​ពាក់ព័ន្ធ​នឹង​ព្យុះ ពាក់ព័ន្ធ​នឹង​អាកាសធាតុ​មិន​អំណោយផល គាត់​មិនអាច​ចេញ​ទូក​បានទេ​។ អ៊ីចឹង​កាលណា​លោក​មិនអាច​ចេញ​ទូក​បាន ព្រោះ​ជាពិសេស​ប្រជានេសាទ លោក​រក​ទទួលទាន​ប្រចាំថ្ងៃ រក​ពី​យប់ លក់​ថ្ងៃ​ទិញ​អង្ករ​ហើយ​ចេញទៅ​ទៀត។ អ៊ីចឹង​បើ​មិនអាច​ចេញ​ទូក​បាន​ចន្លោះ​ពេល​ពី​ ៣ ​ទៅ​ ៥ ថ្ងៃ ឬ​ ១០ ថ្ងៃ​នឹងមាន​បញ្ហា​ប្រឈម​»​។

លោក​បន្ថែមថា​៖ «​បញ្ហា​ប្រឈម​ទាំងអស់នេះ បើសិន​ជា​យើង​មិន​បាន​ចូលរួម​សុខទុក្ខ​ជាមួយ​គាត់​ គាត់​នឹង​ទៅ​ខ្ចីលុយ​មេកញ្ច្រែង​យក​ទៅ​ទិញ​អង្ករ​ទទួលទាន គឺ​ការជំពាក់ ការទៅ​ជាដើម ដើម​ទៅ​ជា​ការមិនដឹង​សង​ប៉ុន្មាន​តំណ​ចប់​នោះទេ​»​។

បើតាម​លោក ម៉ៅ ធនិន ការរៀបចំ​គ្រប់គ្រង​លើ​ក្រុម​អ្នករត់​ម៉ូតូឌុប តាក់ស៊ី និង​ប្រជានេសាទ​នេះ រដ្ឋបាលខេត្ត​នឹង​ផ្តល់​ជា​អង្ករ និង​ស្បៀង​មួយ​ចំនួន ដើម្បី​ជា​ការឧបត្ថម្ភ​ដល់​ជីវភាព​ពួកគេ ឱ្យ​គេច​ចេញពី​ភាពអត់ឃ្លាន​។

លោក យឹម ផល្លី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្តកំពត​លើកឡើង​ថា នេះ​គឺជា​ការគិតគូរ​មួយ​ដ៏ល្អ​របស់លោក​អភិបាលខេត្ត​ថ្មី ដែល​មាន​បំណង​ចង់​ជួយ​សម្រាល​ទុក្ខលំបាក​របស់​ប្រជានេសាទ និង​អ្នក​ប្រកបរបរ​រត់​ម៉ូតូឌុប តាក់ស៊ី ដែល​អភិបាលខេត្ត​មុនៗ​មិន​ដែល​បាន​ចាប់អារម្មណ៍​។ ជាមួយ​គ្នា​នេះ​លោក​យល់ថា បើទោះ​ជា​ការជួយ​នេះ​បន្តិចបន្តួច​ក្តី​ក៏បាន​ចូលរួម​សម្រាល​បន្ទុក​លំបាក​ និង​លើកស្ទួយ​ជីវភាព​របស់​ពួកគេ​ឱ្យបាន​មួយគ្រា ក្នុង​អំឡុងពេល​ជួប​វិបត្តិ​កូវីដ ១៩ ហើយ​ស្ថានភាព​អាកាសធាតុ​មិន​អំណោយផល​សម្រាប់​អ្នកនេសាទ​សមុទ្រ​។

លោក​បញ្ជាក់ថា​៖ «​មួយរយៈ​ពេល​ខ្លី​នេះ យើង​ឃើញ​អាជ្ញាធរ​ដែនដី លោក​ហាក់ដូចជា​សកម្ម​ណាស់​ក្នុង​ការចុះ​ស្រាវជ្រាវ​ពាក់ព័ន្ធ​តាំងពី​ម៉ូតូឌុប កង់បី ប្រជានេសាទ​យើង​។ នេះ គឺជា​ស្ថានភាព​មួយ​ជាក់ស្តែង ហើយ​អាជ្ញាធរ​មិនអាច​ធ្វើការ​កុហក​ ឬ​ឆកល្វែង​បានទេ​ក្នុង​កិច្ចការងារ​នេះ ដើម្បី​ផ្តល់​ការជួយឧបត្ថម្ភ​ដល់​អ្នក​ខ្វះខាត​ពិតប្រាកដ​»​។

អ្នកស្រី សេន រ៉ូហ្វាយាស ប្រជាសហគមន៍​នេសាទ​ដូនតោក ខេត្តកំពត​បាន​សាទរ​ចំពោះ​វិធានការ​ និង​ការគិតគូរ​របស់​អភិបាលខេត្ត​ថ្មី ដែល​មើលឃើញ​ពី​ទុក្ខលំបាក​របស់​អ្នកនេសាទ ខណៈ​ប្រជានេសាទ​ភាគច្រើន ស្ទើរតែ​មិនអាច​ចេញ​ទូក​នេសាទ​បាន ព្រោះ​បញ្ហា​គ្រោះធម្មជាតិ​។

អ្នកស្រី​រំពឹងថា​៖ «​បើសិនជា​បាន​អង្ករ​បាន​ស្បៀង​ខ្លះមក ក្នុង​ពេលនេះ គឺ​ជួយ​សម្រាល​បន្ទុក​ខ្លះ​ដែរ ព្រោះ​ឥឡូវ យើង​រក​មិនសូវ​បាន​ទេ គេ​រក​ច្រើន ហើយ​ខ្យល់ រលក​ធំៗ ម្យ៉ាង​សាំង​ក៏​ឡើងថ្លៃ​ទៀត យើង​ចំណាយ​ច្រើនណាស់​»៕

វីដេអូ៖