កំពង់ស្ពឺៈ លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ ACNCIPO នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា បានដាក់​ពាក្យ​ប្តឹង ឈ្មោះ សៀង សាម៉ន និង ឈ្មោះ អ៊ូរ សំរ៉េចចេស្តារ ពី​បទ​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់​ចំនួន​ ៧១ ​ហិកតា ក្នុង​តំបន់​ការពារ​ដោយ​ព្រះរាជក្រឹត្យ​។ មន្ត្រី​បរិស្ថាន កំពុង​ចុះ​ពិនិត្យ​​ទីតាំង​នោះ​។

ពាក្យ​ប្តឹង​របស់លោក ជា ហ៊ាន បាន​ដាក់​ជូនទៅ​អយ្យការ អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​ ៨ វិច្ឆិកា បាន​ប្តឹង ឈ្មោះ សៀង សាម៉ន​ភេទ​ស្រី​ និង ឈ្មោះ អ៊ូរ សំរ៉េចចេស្តារ ភេទ​ប្រុស រស់នៅ​ភូមិ​ថ្នល់បំបែក ឃុំ​ប្រាំបីមុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

ក្នុង​ពាក្យ​ប្តឹង​លើកឡើងថា នៅ​ថ្ងៃទី​ ១០ ​ខែ​ តុលា ឆ្នាំ ២០១៨ អង្គការ ACNCIPO បានទទួល​ព័ត៌មាន​ថា មាន​អាប៊ុល​តូច​ ១ ​គ្រឿង​បាន​ឈូសឆាយ​ព្រៃឈើ​នៅ​ចំណុច​ច្រាំង​អ៊ុង ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ​ ស្រុក​ឱរ៉ាល់​។

ក្រោយ​ទទួលដំណឹង​លោក​បាន​រាយការណ៍​ទៅ​លោក ខន សុខុន នាយក​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ ដើម្បី​ឱ្យ​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​នៅ​គោលដៅ​ស្រែកិន​ចូលរួម​ចាប់​អាប៊ុល​នោះ ប៉ុន្តែ​ចាប់​មិនបាន​ដោយសារ​ឈ្មោះ អ៊ូ សំរ៉េចចេស្តារ រារាំង​មន្ត្រី​ឧទ្យានុរក្ស​ដោយ​សំអាងថា ធ្វើតាម​មាត្រា​ ៣៦ នៃ​ច្បាប់​ស្តីពី​តំបន់​​ការពារ​ធម្មជាតិ​។ ពាក្យ​ប្តឹង​នោះ​លើកឡើង​ទៀតថា ក្រោយមក​ទើប​លោកនាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់​សម្រេច​ស្នើសុំ​ទៅ​មន្ទីរ​បរិស្ថាន​ ដើម្បី​មាន​មូលដ្ឋាន​សុំ​ទៅ​លោក​អភិបាលខេត្ត​កំពង់ស្ពឺ​ចេញ​ដីកា​ដកហូត​ដី​ទាំងនោះ​ចំនួន​ ៧១ ​ហិកតា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។

ក្នុង​ពាក្យ​ប្តឹង​លោក ជា ហ៊ាន សរសេរថា​៖ «​ក្រោយពី​មាន​ដីកា​ដកហូត​ផ្ទៃដី ៧១ ហិកតា ហើយ​ឈ្មោះ សៀង សាម៉េត និង​ អ៊ូរ សំរ៉េចចេស្តារ នៅតែ​ធ្វើ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​លើដី​ការដកហូត​ដោយ​ដាំចេក ដាំ​ស្វាយ ដូង ដោយ​មិន​អនុវត្ត តាម​ដីកា​ដកហូត បំពាន​ដីកា​ដកហូត​»​។

លោក ជា ហ៊ាន ថ្លែង​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ថា មន្ត្រី​ឧទ្យានុរក្ស​នៅ​គោលដៅ​នីមួយៗ ដែល​បាន​ឈរជើង​នៅ​តំបន់​នោះ ហាក់​មាន​ការរារែក​ក្នុង​ការអនុវត្ត​ច្បាប់ ខណៈ​ដែល​មាន​ការអន្តរាគមន៍​ពី​ថ្នាក់លើ​ដែល​នាំឱ្យ​ពួកគាត់​មាន​ការពិបាក​ក្នុង​ការអនុវត្ត​ច្បាប់​។

លោក ឱម ម៉ាក់ធារី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ថ្លែង​នៅ​ថ្ងៃទី​ ៩ ​វិច្ឆិកា​ថា មន្ត្រី​បរិស្ថាន​កំពុង​ចុះទៅ​ពិនិត្យមើល​នៅ​ទីតាំង​នោះ ដើម្បី​សិក្សា​នៅលើ​ទីតាំង​ដី​នោះ​ឱ្យដឹងថា មាន​ប្រភេទ​ដំណាំ​អ្វីខ្លះ​? បើសិន​ជា​មាន​ការកាប់​រាន​ហើយ​បែរជា​ថា​ជា​ទីតាំង​អាស្រ័យផល​នោះ អ្នកប្រព្រឹត្ត​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​។

លោក​ថ្លែងថា​៖ «​ព្រោះ​ទីតាំង​ដី​នេះ​មាន​ចេញ​ដីកា​ដកហូត​រួចហើយ វា​អត់​មាន​ត្រូវធ្វើ​អី​ទេ ព្រោះ​ដី​កាលណា​ចេញ​ដីកា​ដកហូត គឺ​ត្រូវ​ទុកជា​សម្បត្តិ​រដ្ឋ​។ ប៉ុន្តែ​ដោយសារ​គាត់​រស់នៅ​យូរហើយ​ដល់​ក្រោយមក​សម្តេចនាយក​ឱ្យ​រស់នៅ​អាស្រ័យផល អ៊ីចឹង​យើង​ពិនិត្យ​មើល​គាត់​នៅ​ប៉ុន្មាន​ឆ្នាំ​។ អាហ្នឹង​យើង​សុំ​គោលកាណ៍​ទៅ​ថ្នាក់​ក្រសួង ដើម្បី​សុំ​ធ្វើការ​កាត់​ឆ្វៀល​ឱ្យ​គាត់ តែបើ​កាប់​រាន​ដីព្រៃ​ហើយ ថា​អាហ្នឹង​អាស្រ័យផល​ដែរ ក៏​យើង​មិន​អនុញ្ញាត​ឱ្យ​ដែរ​។

មន្ទីរ​បរិស្ថាន​ក៏​នឹង​រាយការណ៍​ទៅ​អភិបាលខេត្ត​នៅក្រោយ​ពេល​ទទួលបាន​របាយការណ៍​ពី​មន្ត្រី​បរិស្ថាន​ដែល​ចុះទៅពិនិត្យ​ជាក់ស្តែង​។ លោក​ថា អ្នកខ្លះ​ក្នុង​នាម​អង្គការ​ប្រឆាំង​អំពើពុករលួយ បែរជា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ខ្លួនឯង ដោយ​ដើរ​យកលុយ​គេ នៅពេល​យកលុយ​មិនបាន​បែរជា​ទៅប្តឹង​ក៏មាន​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នឹង​រាយការណ៍​ទៅ​អភិបាលខេត្ត តើ​លោក​នឹងមាន​វិធានការ​យ៉ាងម៉េច ដែល​គេ​សុំ​គ្រាន់តែ​ជ្រួយដី​គល់​ចេក ខ្នុរ ដូង អីហ្នឹង​គាត់ ទៅរក​រឿង​គេ​ដែរ ធ្វើ​យ៉ាងម៉េច​អាហ្នឹង​ខ្ញុំ​មិនដឹង​ទេ​។ ប៉ុន្តែ​ចាំមើល​ឯកឧត្តម​អភិបាល​លោក​សម្រេច ព្រោះ​អាហ្នឹង​នៅក្នុង​ដីកា​ដកហូត​»​។

លោក​ ជា ហ៊ាន ឆ្លើយតប​ថា លោក​មិនមែន​ជា​មន្ត្រី​យុត្តិធម៌ ប៉ុន្តែ​ក្នុង​នាម​អង្គការ​ក៏មាន​ឯកសារ​លក្ខន្តិកៈ​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​ដែល​អាច​នៅតែ​ដាក់ពាក្យ​ប្តឹង​បាន​ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​នោះដែរ​។ លោក​បញ្ជាក់ទៀតថា លោក​នឹង​នៅតែ​បន្ត​ធ្វើការ​ប្តឹង ហើយ​មិនមែន​ប្តឹង​តែ​បុគ្គល​ម្នាក់​នោះទេ គឺ​នៅ​បន្ត​ប្តឹង​ថែមទៀត​នៅ​គ្រប់​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់​ដែលមាន​ការរំលោភបំពាន​យក​ដី​រដ្ឋ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​បន្ត​ឃ្លាំមើល​នឹង​រាយការណ៍ និង​ប្តឹង​ជន​ប្រព្រឹត្ត​បទល្មើស​ទៅ​តុលាការ ការចាត់​ការមិន​ចាត់ការ ជា​សមត្ថកិច្ច​របស់​តុលាការ និង​មន្ត្រីនគរបាល​យុត្តិធម៌​»៕

វីដេអូ៖