កំពង់ឆ្នាំងៈ ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ កាលពី​ល្ងាច​ថ្ងៃទី​ ៨ វិច្ឆិកា បាន​បង្ក​ឱ្យ​កុមារី​អាយុ​ ៥ ​ឆ្នាំ​ម្នាក់​ស្លាប់ និង​បាក់​រលំ​ផ្ទះ​សរុប​ជិត​ ៧០ ​ខ្នង នៅ​ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​។ នេះ​បើតាម​មន្ត្រី​មូលដ្ឋាន​។

លោក​ អ៊ុំ សំអុន នាយ​នគរបាល​ប៉ុស្តិ៍​ផ្លូវ​ទូក​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​នា​ថ្ងៃទី​ ៩ វិច្ឆិកា ថា កុមារី​រងគ្រោះ ឈ្មោះ​ ហុន ណាវី ជា​កូន​ទី​២ នៃ​គ្រួសារ​កសិករ​ក្រីក្រ​មួយ​នៅ​ភូមិ​ពាមខ្នង ឃុំ​ផ្លូវទូក​។ មុនពេល​កើតមាន​គ្រោះធម្មជាតិ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​នោះ នាង​បាន​ស្នាក់នៅ​ក្នុងផ្ទះ​ជាមួយ​ម្ដាយ​ និង​បងប្អូន​ប្រុស​ ២ ​នាក់​ទៀត ដែលមាន​អាយុ​ ៣ ​ឆ្នាំ និង​ ៧ ​ឆ្នាំ​។

លោក​ សំអុន ​និយាយថា​៖ «​បើតាម​សម្ដី​ស្ត្រី​ជា​ម្ដាយ ឈ្មោះ​ យ៉ត ឡៃអ៊ី អាយុ​ ២៦ ​ឆ្នាំ នៅពេល​ផ្ទះ​បាក់រលំ​ធ្លាក់ចូល​ទៅក្នុង​ទឹក​ដោយសារ​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់ ប្ដី​របស់​គាត់​មិនទាន់​ត្រឡប់​ពី​ធ្វើការ​នោះទេ​។ ក្នុង​ខណៈនោះ គាត់​បាន​ព្យាយាម ស្រវា​ចាប់​កូនស្រី​គាត់​ផងដែរ ប៉ុន្តែ​គាត់​ម្នាក់ឯង​មិន​អាច​ជួយ​កូនៗ​របស់​គាត់​ទាំង​ ៣ ​ក្នុងពេល​តែ​ ១ ​បានឡើយ​»​។

លោក​បន្តថា​៖ «​គាត់​បាន​ឱប​កូនប្រុស​ពៅ​ម្នាក់​ហែល​ចេញពី​ក្នុង​ផ្ទះ​នោះ ហើយ​ក្រុម​សង្គ្រោះ​​ក៏បាន​មកដល់​ជួយ​មុជទឹក​រាវរក​កូន​របស់​គាត់​ ២ ​នាក់​ទៀត​នៅក្នុង​ផ្ទះ​ដែល​លិច​នោះ​។ តែ​ជួយសង្គ្រោះ​បាន​តែ​កូនប្រុស​ច្បង​របស់​គាត់​ប៉ុណ្ណោះ ចំណែក​កូនស្រី​គាត់​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​»​។

បើតាម​នាយប៉ុស្តិ៍​រូបនេះ ក្រៅពី​បង្ក​ឱ្យ​ស្លាប់​កុមារី​ម្នាក់ គ្រោះ​ធម្មជាតិ​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​នេះ​បាន​បង្ក​ឱ្យ​ផ្ទះ​ចំនួន​ ៦៩ ​ខ្នង និង​ទ្រព្យសម្បត្តិ​មួយចំនួន​ទៀត​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ពាមខ្នង និង​ភូមិ​ស្លត​នៃ​ឃុំ​ផ្លូវទូក រង​ការខូចខាត​យ៉ាងដំណំ ក្នុងនោះ​ផ្ទះ​ ៥០ ​ខ្នង​បាន​បាក់រលំ​ និង​ក្រឡាប់​ផ្ងារជើង​លិច​ចូលទៅក្នុង​ទឹក និង​ ១៩ ​ខ្នង​ទៀត​បាន​ប៉ើង​របើក​ដំបូល​។

លោក​បន្តថា ភូមិ​ពាមខ្នង និង​ភូមិ​ស្លត ស្ថិតនៅ​តំបន់​ព្រៃរនាម​លិចទឹក​ក្នុង​រដូវវស្សា​។ អ្នកភូមិ​ភាគច្រើន​សង់​ផ្ទះ​បណ្ដែត​ទឹក ដោយ​ប្រើ​ធុងសាំង​ជា​គ្រឿងកំណល់​ទប់ទ្រ​ផ្ទះ​កុំឱ្យ​លង់លិច​នៅក្នុង​រដូវវស្សា​។

លោក​ ឈួន ប៊ុនឈឿន មេភូមិ​ពាមខ្នងប្រាប់ថា នៅពេល​មាន​ករណី​នោះ​កើតឡើង លោក​ និង​ប្រជាការពារ​ភូមិ​មួយចំនួន​បាន​ជិះ​កាណូត​ ៣ ​គ្រឿង​ទៅ​ជួយ​។ ប៉ុន្តែ​ពេលទៅ​ដល់​ក្រុមការងារ​ជួយសង្គ្រោះ​បាន​ជួយ​ស្រង់​កុមារា​ម្នាក់ រីឯ​កុមារី​ម្នាក់ទៀត​បាន​ស្លាប់​ក្នុង​ផ្ទះ​ដែល​លិច​ចូល​ទៅក្នុង​ទឹក​នោះ​បាត់​ទៅ​ហើយ​។

លោក​ ប៊ុនឈឿន ​និយាយថា​៖ «​ពេលទៅដល់ ក្រុមការងារ​យើង​ឃើញ​ស្ត្រី​ម្នាក់​ប្រឹង​ត្រដរ​ហែល​ទឹក​ដោយ​មាន​កូនតូច​ម្នាក់​ឱប​ជាប់​នឹង​ក​របស់​នាង​។ បន្ទាប់មក​ក៏ឃើញ​កុមារា​ម្នាក់ទៀត ប្រឹង​ហែល​ចេញ​ពី​ក្នុង​ទឹក ជា​ទី​ដែល​ផ្ទះ​របស់គេ​បាន​លិច​ចូល​ទៅក្នុង​ទឹក​។ ពួកយើង​ក៏បាន​ជួយ​សង្គ្រោះ​ពួកគេ​។ បន្ទាប់មក​ស្ត្រី​ជា​ម្ដាយ​ប្រាប់​ថា មាន​កូនស្រី​ម្នាក់ទៀត​នៅក្នុង​ផ្ទះ​នោះ ពួកយើង​ក៏​នាំគ្នា​ចុះ​មុជទឹក​រាវរក​កុមារី​រងគ្រោះ​។ ប៉ុន្តែ​ទម្រាំ​យើង​រាវរក​នាង​ឃើញ នាង​បាន​ស្លាប់​បាត់ទៅហើយ​»​។

នៅ​ថ្ងៃទី​ ៩ វិច្ឆិកា លោក​ ចេង ចាន់បូណា អភិបាល​ស្ដីទី​ស្រុក​កំពង់លែង បាន​ដឹកនាំ​កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក​កំពង់លែង ចុះសួរសុខទុក្ខ និង​នាំយក​ជំនួយ​ទៅ​ចែកជូន​គ្រួសារ​ជនរងគ្រោះ និង ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​ឪពុកម្ដាយ​កុមារី​រងគ្រោះ សម្រាប់​រៀបចំ​ពិធី​បុណ្យសព​តាម​ប្រពៃណី​។

លោក​អភិបាល​ស្ដីទី​ក៏បាន​ប្រាប់​ដែរ​ថា ក្នុង​ស្ថានភាព​ដ៏លំបាក​នេះ និង​ដើម្បី​ការពារ​គ្រោះថ្នាក់​កើតឡើង​ជា​យថាហេតុ រដ្ឋបាល​ស្រុក​កំពង់លែង​រៀបចំ​ទីទួល​សុវត្ថិភាព​ ១ ​កន្លែង​នៅក្បែរ​វត្ត​ឈើទាល សម្រាប់​ឱ្យ​ពលរដ្ឋ​រងគ្រោះ ស្នាក់នៅ​ជា​បណ្ដោះអាសន្ន​រហូត​ដល់​ភូមិ​របស់​ពួកគេ​ស្រក​ទឹក​អស់​។

លោក​ថ្លែងថា​៖ «​ក្រុមការងារ​របស់​យើង​បាន​សម្រេច​រៀបចំ​ឱ្យ​ពួកគាត់​មក​ស្នាក់នៅ​ទីទួល​សុវត្ថិភាព ជា​បណ្ដោះអាសន្ន​នៅក្បែរ​វត្ត​ឈើទាល និង​បាន​ចាត់​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​ ៣ ​ប្រភេទ រួមមាន​កម្លាំង​នគរបាល យោធា និង​កងរាជអាវុធហត្ថ ចុះជួយ​រុះរើ​ និង​ជួសជុលផ្ទះ​របស់​គ្រួសារ​រងគ្រោះ​ទាំងនោះ​ឡើងវិញ​»​។

បើតាម​លោក​អភិបាលស្រុក​ស្តីទី​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ក្រុម​សមត្ថកិច្ច​បាន​ចុះជួយ​ជួសជុលផ្ទះ​គ្រួសារ​ពលរដ្ឋ​ដែល​រង​ការខូចខាត​ផ្នែកដំបូល​ជាមុន ដើម្បីឱ្យ​ពួកគេ​បាន​ស្នាក់នៅ​ប្រកបដោយ​សុវត្ថិភាព​ឡើងវិញ​។ បន្ទាប់មក​នឹង​បន្ត​ជួយ​ជួសជុលផ្ទះ​ដែល​បាក់ទ្រេត​មួយ​ចំហៀង ហើយ​បន្តបន្ទាប់​ទៀត គឺ​ផ្ទះ​ដែល​បាក់​លិច​ចូល​ទៅក្នុង​ទឹក និង​ក្រឡាប់​ផ្ងារជើង​ទៅក្នុង​ទឹក​។

លោក​ថា នៅ​ថ្ងៃទី​ ១០ វិច្ឆិកា រដ្ឋបាល​ស្រុក​កំពង់លែង នឹង​បន្ត​នាំយក​អំណោយ ចែកជូន​គ្រួសារ​រងគ្រោះ​នៅ​ភូមិ​ទាំង​ ២ ​នេះ​បន្ថែមទៀត​ ដើម្បី​ជួយ​សម្រួល​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ ៕