ភ្នំពេញៈ រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ​ចំនួន ៥ ​គ្រឿង​ ត្រូវបាន​ប្រគល់ជូន​បណ្តា​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប ការក្លែងបន្លំ «​ក.ប.ប​» រាជធានី-ខេត្ត ខណៈ​ពេញ​ ១ ​ខែតុលា ​ស្ថាប័ន​នេះ​បាន​រកឃើញ និង​បង្ក្រាប​ទំនិញ​ដែល​មិនមាន​អនុលោម​ភាព​ជាង​ ៤ ​តោន និង​ជាង ២ ម៉ឺន​លីត្រ​។

នៅ​ថ្ងៃទី​ ៨ វិច្ឆិកា ​ក្រសួង​ពាណិជ្ជកម្ម​បាន​រៀបចំ​ពិធី​ប្រគល់​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ​ចំនួន​ ៥ ​គ្រឿង សម្រាប់​ប្រើប្រាស់​នៅតាម​បណ្តា​រាជធានី​-ខេត្ត​ ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក​ ប៉ាន សូរស័ក្តិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់​។

ទំព័រ​ហ្វេសប៊ុក​របស់ ក.ប.ប បានឱ្យដឹងថា ការប្រគល់​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ ដល់​បណ្តា​រាជធានី​ខេត្ត​នាពេល​នេះ គឺ​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​ការងារ​របស់​បណ្តា​សាខា ក.ប.ប ក្នុងការ​វាយតម្លៃ​អំពី​អនុលោមភាព នៃ​ផលិតផល​ម្ហូបអាហារ​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​ទាន់ពេលវេលា​កាត់បន្ថយ​ការចំណាយ​ថវិកា​ក្នុង​ការចល័ត​រថយន្ត​ពិសោធន៍ និង​មន្ត្រី​ជំនាញ​ពី​រាជធានី​ភ្នំពេញ​»​។

ក្រសួង​បញ្ជាក់ថា​៖ «​គោលបំណង​សំខាន់​គឺ​ដើម្បី​បង្ខិត​ទាំង​បច្ចេកទេស​ និង​សម្ភារ​ឱ្យ​កាន់តែ​ជិត​គោលដៅ​ប្រតិបត្តិការ សំដៅ​គាំទ្រ​ដល់​សកម្មភាព​ត្រួតពិនិត្យ​ទំនិញ​ដែល​ចរាចរ​នៅលើ​ទីផ្សារ ពិសេស​ផ្សារ​នៅតាម​បណ្តា​តំបន់​ដាច់ស្រយាល​»​។

លោក​ ផាន អូន ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​តាម​បណ្តា​សាខា ត្រូវ​ថែទាំ និង​ប្រើប្រាស់​រថយន្ត និង​ឧបករណ៍​វិភាគ ប្រកប​ដោយ​ការទទួលខុសត្រូវ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​។ លោក ក៏បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ជំនាញ​វិភាគ​ត្រូវខិតខំ​សិក្សា​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ថ្មីៗ ដើម្បី​ធានា​ដល់​ការត្រួតពិនិត្យ​ និង​វិភាគ​គុណភាព​ទំនិញ​ពិសេស​ម្ហូបអាហារ សំដៅ​ធានា​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ដែលជា​អ្នកប្រើប្រាស់​។

លោក​រំពឹងថា​៖ «​រថយន្ត​ទាំងនេះ​នឹង​ចូលរួម​ប្រតិបត្តិការ​គាំទ្រ​ដល់​សកម្មភាព​ពិនិត្យ ស្រាវជ្រាវ ករណី​ពុល​អាហារ​ដែល​អាច​កើតមាន​ជាយថាហេតុ និង​ប្រតិបត្តិការ​គាំទ្រ​ដល់​ការអនុវត្ត​ប្រកាស​អន្តរក្រសួង​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម​លើ​ការត្រួតពិនិត្យ​ទំនិញ​នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការក្លែងបន្លំ (​កាំកុងត្រូល​) ដែល​បច្ចុប្បន្ន​ជា​អគ្គនាយកដ្ឋាន ក.ប.ប ដើម្បី​សហការ​ត្រួតពិនិត្យ​ទំនិញ​នាំចេញ នាំចូល​នៅតាម​ច្រកព្រំដែន​»​។

ជាមួយ​គ្នា​នេះ​បើតាម​របាយការណ៍​របស់ ក.ប.ប ក្នុង​ខែតុលា ឆ្នាំ​ ២០២១ មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន ក.ប.ប បាន​ចុះ​ប្រតិបត្តិការ​តាម​បណ្តា​គោលដៅ​ត្រួតពិនិត្យ ដោយ​បាន​រកឃើញ និង​បង្ក្រាបបាន​ទំនិញ​ជាច្រើន​ដែល​មិនមាន​អនុលោមភាព​។

របាយការណ៍​ដដែល​បាន​បញ្ជាក់ថា​៖ «​ដោយ​ក្នុងនោះ​ផលិតផល​ម្ហូបអាហារ និង​ភេសជ្ជ:​ចំនួន ៤ ​តោន និង​ ២៩ ​គីឡូក្រាម​។ អាល់កុល​ក្លែងក្លាយ​ចំនួន​ ២១ ៣១០ ​លីត្រ និង​ត្រួតពិនិត្យ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធន: ចំនួន​ ៤៧៨ ​ទីតាំង រកឃើញ​ដេប៉ូ​ចំនួន ១៩១ ​ធ្វើ​អាជីវកម្ម​មិន​សុចរិត​»​។

សូមជម្រាបថា កាលពី​ថ្ងៃទី​ ៦ វិច្ឆិកា​អគ្គនាយកដ្ឋាន ក.ប.ប ប្រចាំ​រាជធានី​ភ្នំពេញ​បាន​នាំយក​ផលិតផល​ក្លែងក្លាយ មាន​សារធាតុ​ពុល និង​ទំនិញ​ខូចគុណភាព​សរុប​ជិត ៥០ ​តោន​ធ្វើការ​បំផ្លាញចោល​ បន្ទាប់ពី​មន្ត្រី​បង្ក្រាបបាន​ក្នុង​រយ:ពេល​កន្លងមក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

ផលិតផល​ដែល​បំផ្លាញចោល​នេះ​គឺ​រួមមាន​ផលិតផល​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ចំនួន ៤៥ ៣៥៣ ​លីត្រ ស្រាស និង​ស្រា​ទំពាំងបាយជូរ​ដែល​រឹបអូស​បាន​ក្នុង​ករណី​ពុល​ស្រា​បណ្តាល​ឱ្យស្លាប់​មនុស្ស ៣ ​នាក់​នៅ​ភ្នំពេញ ចំនួន​ ៣៤៧ ​យួរ និង ៧៦ ​ប៊ីដុង ស្មើ ៤ ២៧៥ ​លីត្រ និង​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព ដែល​រឹបអូស​បាន​ពី​បណ្តា​ទីផ្សារ និង​ឃ្លាំង​ស្តុក​ទំនិញ​ចំនួន ៣៥៨ ​គីឡូក្រាម​៕