ភ្នំពេញៈ​ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីនបានស្នើតំណាង​ UNDP ថ្មី ប្រចាំ​នៅ​កម្ពុជា​បន្ត​ជួយ​កៀរគរ​ធនធាន​បន្ថែម​ពី​សហគមន៍​ផ្តល់ជំនួយ ​និង​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន តាមរយៈ​ការចូលរួម​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​។​

លោក​ លី ធុជ បានស្នើ​បែបនេះ ក្នុងពេលដែល​អនុញ្ញាត​ឱ្យ​លោកស្រី Alissar CHAKER តំណាង ​UNDP (​ថ្មី​) ប្រចាំ​នៅ​កម្ពុជាចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ស្តីពី​កិច្ចសហប្រតិបត្តិការ វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន​។​

លោក លី ធុជ បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ UNDP ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ការងារ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ក្នុង​នោះបាន​ចូលរួម​ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌ ចាប់តាំងពី​ឆ្នាំ ​២០០៦ តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល ដែល​រហូតមក​ដល់ពេលនេះ​ គឺជា​ការអនុវត្ត​គម្រោង​ដំណាក់កាល​ទី​៤​។

លោ​ថ្លែងថា​៖ «​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​បាន​សំណូមពរ​ឱ្យ​លោកស្រី Alissar CHAKER បន្ត​ជួយ​កៀរគរ​ធនធាន​បន្ថែម​ពី​សហគមន៍​ផ្តល់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើក​កម្ពស់​ជី​វ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ការជួយ​សង្គ្រោះ​ជីវិត​ប្រជាជន និង​ផ្តល់​ដី​មាន​សុវត្ថិភាព តាមរយៈ​ការចូលរួម​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​»​។

លោកស្រី Alissar CHAKER លើកឡើង​ក្នុងជំនួប​នេះ​ថា UNDP សប្បាយរីករាយ​ដែល​បាន​ចូលរួម​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​បាន​តាំងចិត្ត​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ក្នុង​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​ឈានឆ្ពោះ​ទៅរក​ការបញ្ចប់​ការគំរាមកំហែង​ដោយសារ​មីន ឆ្នាំ​ ២០២៥ ខាងមុខនេះ​។

បើតាម​អាជ្ញាធរ​មីន​ចាប់ពី​ឆ្នាំ ២០០៦ ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​នេះ បាន​ចូលរួម​បោសសម្អាត​ផ្ទៃដី​ប្រមាណ ២៧៥ គីឡូម៉ែត្រ​ក្រឡា សម្រាប់​យកមកប្រើ​ប្រាស់​ដើម្បី​បង្កបង្កើនផល និង​សាងសង់​លំនៅឋាន​ដោយ​សហគមន៍​ដែល​រង​ផលប៉ះពាល់​។

តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​នេះ​ក៏បាន​រកឃើញ និង​កម្ទេច​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ៧១ ៨៤៩ គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន ១ ៥១៥ គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២១៤ ៥៤២ និង​បានផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ជនបទ​ចំនួន ១ ០៧៨ ០២២ នាក់ ដែល​ក្នុងនោះ ៥០ ភាគរយ​ គឺជា​អ្នកទទួលផល​ជា​ស្ត្រី​៕