ភ្នំពេញៈ អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បន្ត​បើក​ការ​ស៊ើប​ករណី​ម្ចាស់​ហាង Mode Store ពាក់​ព័ន្ធ​នឹង​ការលក់​ផលិត​ផល​ក្លែង​ក្លាយ​ បន្ទាប់​ពី​មន្ត្រី​គណៈ​កម្មាធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ហៅ​កាត់​ថា​ «គ.ប.ផ.ក»​ បាន​ចុះ​បង្ក្រាប​ទីតាំង​នេះ​កាល​ពី​ថ្ងៃទី​ ៣ ​ខែ វិច្ឆិកា​ ឆ្នាំ​ ២០២១​។

ប្រតិ​បត្តិការ​ចុះ​បង្ក្រាប​នេះធ្វើ​ឡើង​ក្រោយ​ពីគណៈ​កម្មាធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ទទួល​បាន​ពាក្យ​បណ្តឹង​បរិហារ​ពី​ប្រជា​ពលរដ្ឋ ដែល​បាន​ទិញ​ផលិត​ផល​នៅ​ហាង Mode Store ប៉ះចំ​ផលិត​ផល​ក្លែង​ក្លាយ។

យ៉ាងណាលោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១០ វិច្ឆិកា​ថា ព្រះរាជ​អាជ្ញា​ដែល​កាន់​សំណុំ​រឿង​នេះកំពុង​បន្ត​ការស៊ើប​អង្កេត​លើ​ករណីនេះ។ ប៉ុន្តែ​លោកមិនអាច​បញ្ជាក់​បានទេ​ថា​ ចំណាត់​បន្ត​នឹង​មាន​ការសម្រេច​យ៉ាង​ណា​ដោយ​រង់ចាំ​ការស៊ើប​អង្កេត​ចប់​ជា​ស្ថាពរ​សិន​។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​គិតថា​រយៈ​ពេល​ត្រឹមតែ​មួយ​អាទិត្យ ​(៧ ថ្ងៃ) គិត​មកទល់​ថ្ងៃនេះ មិ​នទាន់​អាចមាន​ចំណាត់​ការ​ចុង​ក្រោយ​ណាមួយ​ទេ។ ប៉ុន្តែ​ខ្ញុំ​ច្បាស់​ណាស់​ថា តំ​ណាង​អយ្យការ​កំពុងតែ​បំពេញ​កិច្ច​របស់​ខ្លួន​ក្នុងការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​»។

កាល​ពី​ថ្ងៃទី ៣​ ខែ វិច្ឆិកា​ ឆ្នាំ ២០២១ ​សមត្ថកិច្ច​នៃ​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ ដែលមាន​ការ​ចូលរួម​សម្រប​សម្រួល​នីតិវិធី​ពី​លោក ​ចែ សុង ព្រះ​រាជ​អាជ្ញារង​ឣ​ម​សាលា​ដំបូង​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ហាង ​Mode Store ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ​14BC ផ្លូវ​លេខ​ ៣៣៧ ​សង្កាត់​បឹងកក់ ១ ​ខណ្ឌ​ទួល​គោក និង​មាន​ម្ចាស់​ហាង​ឈ្មោះ​ខេង ពិ​ទូ​ពុធ​ធីតា​។

ក្នុង​ប្រតិ​បត្តិការ​នោះ ​សមត្ថកិច្ច​បាន​ប្លុំបេ​វត្ថុតាង​ផលិត​ផល​ កា​បូប នាឡិកា គ្រឿង​សម្អាង ​វ៉ែនតា ​ព្រម​ទាំង​ផលិត​ផល​ដែល​សង្ស័យ​ជាច្រើន​មុខ​ទៀត​ និង​បាន​ឃាត់​ខ្លួន​ម្ចាស់​ទីតាំង​នាំទៅ​កាន់​ស្នងកា​រដ្ឋាន​នគរបាល​នគរ​បាល​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​ក្រោយ​មកម្ចាស់​ហាងត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​បណ្តោះ​អាសន្ន​។

បុគ្គលិក​ហាង ​Mode Store ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ១០ វិច្ឆិកា​ថា លោកមិន​ច្បាស់​ពី​ព័ត៌មាន​លម្អិត​នោះ​ទេ ខណៈ​ដែល​ម្ចាស់​ហាង​កំពុង​ពិនិត្យ​ពី​ការចោទ​ប្រកាន់​នេះ។ យ៉ាង​ណា ​លោកអះអាង​ថា ហាង Mode Store នៅតែ​បន្ត​បើក​ដំណើរ​ការ​ជាធម្មតា ហើយ​ម្ចាស់​ហាង​ក៏​មិន​ត្រូវ​បាន​ឃាត់​ខ្លួន​នោះដែ​រ។

លោក​បាន​រៀប​រាប់​ថា៖ «ទាក់ទង​នឹង​ព័​ត៌​នេះដែរ​ ខាង​ប្អូន​កំពុង​ពិនិត្យ​មើលមិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​បាន​ទេជុំវិញ​ការ​ចោទ​ប្រកាន់​ថា ​ហាង​ប្អូន​លក់​ផលិត​ផល​ល​ក្លែង​ក្លាយ​នេះ។ ថ្នាក់​លើ​របស់​ខ្ញុំកំពុង​ពិនិត្យ​មើល​ថា ព័ត៌​មាន​លក់​ផលិត​ផល​ក្លែង​ក្លាយ​នេះ លិច​ឮ​មកពី​ខាង​ណា? នៅ​ពេល​ដឹង​ច្បាស់ ​ថ្នាក់​លើនឹ​ង​ចេញ​បក​ស្រាយ​ហើយ»​៕