ភ្នំពេញៈ​ ក្រសួង​បរិស្ថាន​សហការ​ជាមួយ​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា (សស​យក) កំពុង​ដាក់​ធុង​សំរាម​ឲ្យ​បាន​ ២០០ ​ធុង​ នៅតាម​ទីតាំង​សាលារៀន​ចំនួន​ ៥០ ​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​ពង្រឹង​ចំណេះដឹង​អនាម័យ​បរិស្ថាន​តាម​សាលា​រៀន សោ​ភណ​ភាព​ស្អាត និង​សុខ​ភាព​សិក្សា​។

លោក នេត្រ ភក្ត្រា រដ្ឋ​លេខា​ធិការ និង​ជា​អ្នកនាំ​ពាក្យ ​ក្រសួង​បរិស្ថាន​ថ្លែង​នៅ​ថ្ងៃទី ១០ ​ខែវិច្ឆិកា​ថា ការដាក់​ធុង​សំរាម​នេះ ជា​គម្រោង​ដែល​ធ្វើ​ឡើង​​ដើម្បី​បណ្តុះ​ស្មារតី​សិស្សានុ​សិស្ស​ឲ្យ​ស្រឡាញ់​បរិស្ថាន ​ចូលរួម​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន និង​ទុកដាក់​សំណល់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ ជា​ពិសេស​គឺ​ការ​ញែក​សំរាម​ទៅតាម​ប្រភេទ​របស់​វាដែលមាន​សំណល់​សរីរាង្គ​ មាន​សំណល់​ប្លា​ស្ទិក​និង​សំណល់​គ្រោះ​ថ្នាក់​។

លោក​ថ្លែង​ថា៖​ «នេះ​ជា​ផ្នែក​មួយ​នៃ​គោល​នយោ​បាយ​របស់​ក្រសួង​បរិស្ថាន​របស់​យើង​លើ​កិច្ច​គាំពារ​បរិស្ថានធ្វើ​យ៉ាង​ម៉េច​ គឺ​ឲ្យ​សាលា​រៀន​ហ្នឹង​គឺជា​កន្លែង​ដែលមាន​ផាសុក​ភាព​ក្នុងការ​សិក្សា​រៀនសូត្រ​ហើយក៏​ជាការ​ចូលរួម​អនុវត្ត​សាលា​មេត្រី​បរិស្ថាន» ។

បើតាម​លោក​ នេត្រ​ ភក្ត្រា គម្រោង​នេះ​នឹង​ពង្រីក​ការអនុវត្ត​នៅ​តាម​សាលា​ផ្សេងៗទៀត​ក្រោយ​ពេល​ជំ​ហាន​ដំបូង​បញ្ចប់ ហេតុនេះ មិនមែន​ត្រឹមតែ​រាជធានី​ភ្នំពេញ​ទេ នៅតាម​បណ្តាល​ខេត្ត និង​វត្ត​អារាម​ក៏​នឹងត្រូវ​ដាក់​ដាក់​ធុងសំរាម​ ដើម្បី​លើក​កម្ពស់​ការយ​ល់ដឹង​បរិស្ថាន​ផងដែរ។ លោក​ថា នៅតាម​ទីតាំង​មួយចំ​នួនបាន​ទទួល​ការ​ឧបត្ថម្ភ​ធុងសំ​រាមពី​ក្រុមហ៊ុន​ឯកជន​នានា​និង​មាន​ទាំង​ធុង​ចម្រោះ​ទឹក​ដើម្បី​ដាក់​ឲ្យ​ប្រើ​ប្រាស់​ទៀត​ផង​។

លោក​ សន ​ប៊ុន​មាន​ តំណាង (សស​យក) នៅភ្នំពេញ ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ១០​ ខែវិច្ឆិកាថា គម្រោង​ដាក់​ធុងសំរាម​នេះ​ចាប់​ផ្តើម​ពី​ខែកញ្ញា​ ឆ្នាំ ២០២១​ រហូតដល់​ខែមករា ​ឆ្នាំ​ ២០២២​ អាច​មាន​ការខុស​ពេល​វេលា​តិចតួច​អាស្រ័យ​លើ​ចង្វាក់​ផលិត​កម្ម​ និង​សកម្មភាព​ជាក់​ស្តែង​រប​ស់​ក្រុម​ការងារ។លោក​ថាជំ​ហាន​ដំបូង​គ្រោង​ដាក់​ធុង​សំរាម​ចំនួន​ ២០០ ​ធុង​ នៅតាម​សាលារៀន​ចំនួន​៥០ក្នុង​រាជ​ធានី​ភ្នំពេញ​។

លោក​ថ្លែង​ថា៖ «គម្រោង​នេះ​បំពាក់​ធុង​សំរាម​ជា​រចនា​ប័ទ្ម​ក្អម និង​អ​ង្រុ​ត​ខ្មែរ គ្រោង​ជា​ជំហាន​ដំបូង​ចំនួន ២០​០ ធុង ដាក់​នៅក្នុង​សាលា​ស្ថិតក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ចំនួន ៣ ស្មើនឹង ​៥០​ ទីតាំង រួមមានខណ្ឌ​បឹង​កេង​កង ច្បារ​អំពៅ និង​ចំការ​មន»។

លោក​ ខ្វៃ អាទិ​ត្យា អគ្គ​នាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​ចំណេះ​ដឹង​និង​ព័ត៌មាន​បរិស្ថាន​នៅ​ថ្ងៃទី៨ ​ខែវិច្ឆិកា បាន​ចូលរួម​ជាមួយ​លោក សន ប៊ុន​មាន តំណាង​ស.ស.យ.ក. ​រាជ​ធានី​ភ្នំពេញ និង​តំណាង​គណៈ​អភិបាល​ខណ្ឌ​ចំការ​មន ខណ្ឌ​បឹង​កេង​កង គណៈ​គ្រប់​គ្រង​សាលា​នាយក​សាលា ​និង​យុវជន​មួយ​ចំនួន​បាន​ប្រគល់​ធុង​សំរាម​ដល់​សា​លា​រៀន​នៅក្នុង​ខណ្ឌ​ចំការមនចំនួន​ ១០​ទីតាំង​និង​ខណ្ឌ​បឹង​កេង​កងចំនួន​ ៥​ ទីតាំង។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី ​៨​ ខែវិច្ឆិកា​។

លោក​ ខ្វៃ អាទិ​ត្យា បាន​លើក​ឡើង​ថា ​ការ​គ្រប់​គ្រង​សំរាម​ឲ្យបាន​ត្រឹម​ត្រូវ​គឺ​ផ្តើម​ចេញ​ពី​ភាព​ម្ចាស់​ការ​របស់​មនុស្ស​ម្នាក់ៗ ចំណែក​ប្អូនៗ​សិស្សានុ​សិស្សគឺជា​ទំពាំង​ស្នង​ឫស្សីដែល​ចាំបាច់​ត្រូវ​ការ​បណ្តុះ​ផ្នត់​គំនិត​ក្នុងការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹម​ត្រូវពី​ការ​យល់​ដឹង​ពី​អនា​ម័យ​បរិស្ថាន និង​កា​រចូល​រួម​លើក​កម្ពស់​សោ​ភណ្ឌ​ភាព​ស្អាត​តាម​សាលា​រៀន​។

លោក ​ខ្វៃ អាទិ​ត្យា បញ្ជាក់​ផង​ដែរ​ថា៖«ការ​ច្នៃ​ប្រឌិត​ធុង​សំរាម​ជា​ក្អម ជា​អង្រុត គឺ​ចង់​បង្ហាញ​អំពី​អត្ត​សញ្ញាណ​របស់​ខ្មែរ​ និង​ចូលរួម​ថែរក្សា​នូវ​កេរ​[ដំណែល]ទុកឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​ ជាពិសេស​ដាស់​ស្មារតី​ប្អូនៗសិស្សានុ​សិស្ស​ឱ្យចូល​រួម​ថែរក្សា​ភាព​ស្អាត​ អនា​ម័យ​បរិស្ថាន​ស្អាត​ សោ​ភណភាព​ល្អ គឺ​ចាប់ផ្តើម​ពី​យើង​ទាំង​អស់​គ្នា»​៕

វីដេអូ៖