ភ្នំពេញៈ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ក្រុមការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ប្រចាំ​កំពង់ផែ​អាស៊ាន​លើក​ទី​៦ តាម​ប្រព័ន្ធ​អនឡាញ​នៅ​ថ្ងៃទី​ ១០ ​វិច្ឆិកា ខណៈ​ក្រសួង​កិច្ចការនារី សហការ​ជាមួយ​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ថ្នាក់​តំបន់​ទូទាំង​ប្រទេស​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការចែកចាយ និង​ការប្រើប្រាស់​គ្រឿងញៀន​។

ទំព័រ​ហ្វេសប៊ុក​របស់​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១០ វិច្ឆិកា​ថា កិច្ចប្រជុំ​ក្រុមការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ប្រចាំ​កំពង់ផែ​អាស៊ាន លើក​ទី​៦ ដែលមាន​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយមាន​សមាសភាព​ចូលរួម​មកពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​ ១០ ​និង​មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន​។

គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​លើក​នេះ ផ្តោតលើ​បញ្ហា​ទី១ ​ព័ត៌មាន​បច្ចុប្បន្នភាព​ និង​ស្ថានភាព​គ្រឿងញៀន ២ ​ធ្វើ​បច្ចុប្បន្នភាព មន្ត្រី​ទំនាក់ទំនង​របស់​ក្រុម​ការងារ ត្រួតពិនិត្យ​គ្រឿងញៀន កំពង់ផែ និង​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទៅ​ថ្ងៃ​អនាគត ដើម្បី​លើ​កម្ពស់​ និង​ពង្រឹង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​។

ក្នុងនាម​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​កិច្ចប្រជុំ លោក ម៉ក់ ជីតូ អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងថា ទោះបី​ប្រទេស​ទាំងអស់​កំពុង​ជួប​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ​តែ​បញ្ហា​គ្រឿងញៀន នៅតែ​ជា​កង្វល់ ពីព្រោះ​លោក​កត់សម្គាល់​ឃើញថា មិនមាន​សញ្ញា​ថយចុះ​នោះទេ នេះ​បើតាម​របាយការណ៍​គ្រឿងញៀន​ពិភពលោក និង​របាយការណ៍​គ្រឿងញៀន​ប្រចាំ​ប្រទេស​អាស៊ាន​។

លោក​បន្ថែមថា គ្រឿងញៀន​សំយោគ និង​សារធាតុ​គីមី​ផ្សំ​ត្រូវបាន​ចរាចរ​នៅក្នុង​តំបន់​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ គ្រឿងញៀន​ក្រោម​ការចាត់ចែង​ដោយ​ឧក្រិដ្ឋជន​អន្តរជាតិ​ក្នុង​រូបភាព​ជា​បទលើ្មស​ឆ្លងកាត់​ព្រំដែន ដោយ​ឧក្រិដ្ឋជន​បាន​ចាត់ចែង​បទល្មើស​ក្រោមរូបភាព​កាន់តែ​ស្មុគស្មាញ និង​ពិបាក​ត្រួតពិនិត្យ​។

លោក​បាន​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ត្រូវ​ដោះស្រាយ​រួមគ្នា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​លើ​ករណី​គ្រឿងញៀន​ព្រោះ​បញ្ហា​គ្រឿងញៀន នៅតែ​ជា​កង្វល់​ទាំង​ក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ពិភពលោក​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សង្ឃឹម​ជឿជាក់ថា កិច្ចប្រជុំ​យើង​ថ្ងៃនេះ​នឹង​បន្ត​រួមគ្នា​បន្ត​គិតពិចារណា និង​ស្វែងរក​ការផ្ដួចផ្ដើម​គំនិត​ថ្មីៗ​ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​យន្តការ​ទាំងអស់​ត្រូវបាន​បន្ត​ពង្រឹង​ និង​ពង្រីក ស្របតាម​ស្ថានភាព​វិវត្ត​ប្រែប្រួល​នៃ​បញ្ហា​គ្រឿងញៀន​ក្នុង​បរិបទ​ជំងឺ​កូវីដ​ ១៩»​។

ជាមួយ​នឹង​ការធ្វើជា​ម្ចាស់ផ្ទះ​នេះ នៅ​ថ្ងៃ​ដដែល​នេះដែរ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក៏បាន​រួមគ្នា​ជាមួយ​ក្រសួង​កិច្ចការនារី​ និង​គណ:កម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តកោះកុង រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ថ្នាក់​តំបន់​ផងដែរ​។

អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ឱ្យ​ដឹងថា គ្រូ​បង្គោល​ថ្នាក់​តំបន់​ទាំងអស់​ត្រូវបាន​រើស​ចេញ​​ពី​ខេត្ត​ចំនួន​ ០៨ មាន​រាជធានី-ភ្នំពេញ ខេត្ត​ព្រះសីហនុ កែប កំពត តាកែវ កំពង់ស្ពឺ កណ្តាល និង​ខេត្តសៀមរាប ដោយ​ពួកគេ ត្រូវបាន​បណ្តុះបណ្តាល​ពាក់​ព័ន្ធ​នឹង​ការលើកកម្ពស់​ការចូលរួម​របស់​អ្នក​ម្តាយ​ ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់ និង​ការចែកចាយ​គ្រឿងញៀន​។

អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បញ្ជាក់ថា​៖ «​គោលបំណង គឺ​អភិវឌ្ឍ​ចំណេះដឹង​ដល់​មន្ត្រី កិច្ចការនារី ដើម្បីឱ្យ​ប្រតិបត្តិករ​ទាំងនេះ​យកទៅ​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុងការ​កៀរគរ​ការចូលរួម​ពី​ស្ត្រី ជា​លោកយាយ អ៊ំស្រី ម្តាយ ម្តាយមីង បងប្អូន​ស្ត្រី រួមគ្នា​ទប់ស្កាត់​ការប្រើប្រាស់​រក្សាទុក និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ឱ្យ​អស់ពី​សហគមន៍​យើង​»​។

លោក ទូ សាវុធ អភិបាលរង​ខេត្តកោះកុង​បាន​លើកឡើងថា គ្រឿងញៀន​ជា​មូលហេតុ​មួយ​ដែល​ជំរុញ និង​បង្កឱ្យមាន​បទល្មើស​ផ្សេងៗ គំរាមកំហែង​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សហគមន៍ ដែល​ទាមទារ​ឲ្យ​មានការ​រួមគ្នា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ទប់ស្កាត់​កាត់បន្ថយ និង​ឈានទៅ​លុបបំបាត់​នូវ​ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​។

លោកស្រី​ ឡុង សុផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០១៩ ​កន្លងទៅ ការចុះពិនិត្យ​ស្ថានភាព​ស្ត្រី​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន​ ២៨ នៅ​ទូទាំង​ ២៥ រាជធានី-ខេត្ត​គឺ​បាន​រកឃើញថា​ស្ត្រី​កំពុង​ជាប់​ពន្ធនាគារ​ភាគច្រើន បាន​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​ការជួញដូរ ចែកចាយ និង​រក្សាទុក​គ្រឿងញៀន​។

ដូច្នេះ​លោកស្រី​មើលឃើញ​ថា​៖ «​គ្រឿងញៀន ក៏​ជា​កត្តា​រួមចំណែក​ក្នុង​ការជំរុញ​ឱ្យ​អ្នក​ប្រើប្រាស់ ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ ហិង្សា​លើ​ស្ត្រី ការ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀតផង​ដែរ​»​។ នេះ​បើ​ផ្អែក​តាម​ការចុះ​ប្រមូល​ទិន្នន័យ​តាមរយៈ​កិច្ចសម្ភាសន៍​ផ្ទាល់​ជាមួយ​ស្ត្រី​ក្រុម​គោលដៅ​នៅ​ថ្នាក់ក្រោម​ជាតិ​ក្នុង​ខេត្ត​ចំនួន​ ៧ (​រួមមាន​ខេត្តសៀមរាប កំពង់ស្ពឺ កំពង់ចាម បាត់ដំបង​ស្វាយរៀង កោះកុង និង​ខេត្តរតនគិរី​)​។

ដូច្នេះ​លោក​ជឿជាក់ថា ការបង្កើត​ក្រុមការងារ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន នឹង​ចូលរួម​បង្ការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​ជំរុញ​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឱ្យ​កាន់តែ​សកម្ម និង​ទទួលបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​។

លោក​ មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​កិច្ចការនារី ដែលជា​សមាជិក​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​បាន​ចូលរួម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ ពហុវិស័យ ក្នុង​ការបណ្តុះបណ្តាល​នេះ​។

លោក​បន្តថា​៖ «​ការចូលរួម​សកម្មភាព​នាពេលនេះ មាន​សារៈសំខាន់​ណាស់ ស្រប​ពេលដែល​ស្ថានភាព​គ្រឿងញៀន​នៅ​កម្ពុជា​បាន​រីករាលដាល ដល់​ទីជនបទ​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុងនោះ​មាន​យុវនារី ដែល​តម្រូវឱ្យ​យើង​ត្រូវតែ​រួមគ្នា​ដោះស្រាយ​»៕