
លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ហ៊ាន រង្សី
ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ណែនាំដល់មន្ដ្រីក្រោមឱវាទ ពិសេសមន្ទីរនៅរាជធានី-ខេត្ដ ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធពង្រឹងសមត្ថភាពអនុវត្ដកម្មវិធីផ្ដល់ជំនួយសង្គមដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ព្រោះរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយបន្តអនុវត្ដកម្មវិធីគាំពារសង្គម ទោះបីបញ្ចប់ការរីករាលដាលកូវីដ ១៩ ក៏ដោយ។ លោក វង សូត បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការជំនួយសង្គមលើកទី៥ នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួង។
លោករដ្ឋមន្ដ្រីបានថ្លែងថា គោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាល គឺរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលជាលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសកម្មភាពគាំពារសង្គមនានា។ ចក្ខុវិស័យគាំពារសង្គមនេះ ឈរលើមូលដ្ឋាននៃស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងការអភិវឌ្ឍវិស័យ សេដ្ឋកិច្ច សង្គមកិច្ច ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ក្នុងគោលបំណងធានា នូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។
លោកថ្លែងថា៖ «ឥឡូវនេះយើងនិយាយពីកូវីដ ១៩ ចប់មិនចប់មិនដឹងទេ។ ប៉ុន្ដែរដ្ឋាភិបាលបានដាក់ចន្ទល់មួយ គឺរឿងជំនួយសង្គមនេះនឹងទ្រទ្រង់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រលំបាកឱ្យល្អប្រសើរឡើង ដែលយើងគិតថា កាត់បន្ថយភាពក្រីក្រនេះឱ្យបានជាអតិបរមា នេះគឺមានន័យថាគម្រោងរបស់យើងទៅអ៊ីចឹង»។
លោកថា ស្ថាប័នសង្គមកិច្ចដែលធ្វើកិច្ចការជំនួយសង្គមនេះ ពិតជាមានតួនាទីសំខាន់ណាស់ ហើយការងារនេះមិនអាចក្រសួង ស្ថាប័នណាមួយធ្វើតែម្នាក់ឯងបានទេ គឺទាមទារកិច្ចសហការគ្នាដ៏ល្អ គឺដើម្បីលទ្ធផលចុងក្រោយ ប្រជាពលរដ្ឋដែលជួបការលំបាកទទួលបានផលប្រយោជន៍ពិតប្រាកដ។ គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងម៉េចផ្ដល់ភាពយុត្ដិធម៌ដល់ប្រជាពលរដ្ឋដែលទទួលផល ហើយមន្ដ្រីដែលមានកំហុស គឺមិនត្រូវការពារទេ។
លោកបានបញ្ជាក់ថា៖ «មន្ទីរយើងអត់មានធ្វើវើកៗដូចមុនទៀតទេ។ ចាប់ពីពេលនេះទៅគេស្គាល់ គេរាប់អាន រឿងក៏វាច្រើនដែរ។ អ៊ីចឹងហើយវាទាមទារយើងពង្រឹងការទទួលខុសត្រូវ ពង្រឹងក្រុមការងាររបស់យើង ដែលជាអ្នកអនុវត្ដការងារនេះដោយផ្ទាល់ឱ្យបានកាន់តែល្អប្រសើរ។ ហើយកុំភ្លេចរឿងសហការនេះតែម្ដង។ ឥឡូវប្រគល់ថេប្ល៊ិត (Tablet) នេះឱ្យទៅដល់ក្រុង ស្រុក ខណ្ឌដើម្បីជួយតាមដានការងារហ្នឹងដែលបានការគាំទ្រពីអង្គការដៃគូរបស់យើង»។
លោកស្រី Erna Ribar តំណាងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា ថ្លែងក្នុងពិធីនេះដែរថា តាមទិន្នន័យពីទីភ្នាក់ងារអង្គការសហប្រជាជាតិនានា ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានប្រមូល គឺបង្ហាញឱ្យឃើញនូវផលជះគួរជាទីកត់សម្គាល់នៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ និងផលជះដ៏ប្រសើរសម្រាប់គ្រួសារក្រីក្រ ងាយរងគ្រោះនាអំឡុងពេលនេះ។
លោកស្រីថ្លែងថា៖ «យើងឃើញរាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគជាច្រើន ទាក់ទងនឹងការឧបត្ថម្ភសាច់ប្រាក់នៅក្នុងអំឡុងពេលកូវីដ ១៩ នេះជាដើម។ ហើយលទ្ធផលនៃការអនុវត្ដជាក់ស្តែងក៏បានធំធេងផងដែរ។ យ៉ាងណាក្ដី គឺនៅមានការងារជាច្រើនទៀត ដែលទាំងអស់គ្នាត្រូវធ្វើ សម្រាប់ពេលខាងមុខ ទាក់ទងជាមួយនឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នៅអំឡុងពេលកូវីដ ១៩ នេះ។ លទ្ធផលនៃការឧបត្ថម្ភសាច់ប្រាក់ក្នុងអំឡុងពេលកូវីដ-១៩នេះ យើងឃើញថាគ្រួសារក្រីក្រ គាត់អាចមានលទ្ធភាពទប់ទល់ជាមួយនឹងវិបត្ដកូវីដ-១៩នេះបានសមស្រប»។
គិតចាប់ពីថ្ងៃអនុវត្តគម្រោងពីខែមករា ២០២០ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ មានស្ត្រី និងកុមារចំនួនជាង ២៣៦ ៦១៨ នាក់បានទទួលផលពីកម្មវិធី ដោយចំណាយថវិកាប្រមាណ ១៤,៣៦ លានដុល្លារអាមេរិក។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្របានជាង ៧០ ម៉ឺនគ្រួសារ ដោយចំណាយថវិការដ្ឋចំនួន ៤៤០,៨១ លានដុល្លារអាមេរិក។ រហូតមកដល់បច្ចុប្បន្នក្រសួងបានកំពុងបន្តអនុវត្ត ជុំទី ៧ មានរយៈពេល ៥០ ថ្ងៃ ចាប់តាំងពីថ្ងៃទី ២៥ ខែតុលា ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១៕
វីដេអូ៖