ភ្នំពេញៈ អូស្ត្រាលី​ដាក់ឱ្យ​ដំណើរការ​គម្រោង​ភាពជា​ដៃគូ​មេគង្គ-អូស្ត្រាលី​ (MAP) សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ការស្តារ​ឡើងវិញ​នូវ​វិស័យសេដ្ឋកិច្ច ភាពធន់​នៃ​បរិស្ថាន​ និង​ការកសាង​ធនធាន​មនុស្ស​នៅ​ប្រទេស​កម្ពុជា​។

ការប្រកាស​ដាក់ឱ្យ​ដំណើរការ​គម្រោង​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោកស្រី​ ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និង​ជា​រដ្ឋមន្ត្រី​កិច្ចការនារី​អូស្ដ្រាលី​កាលពី​ថ្ងៃទី​ ៨ ខែវិច្ឆិកា ក្នុង​ឱកាស​លោកស្រី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ៧ ដល់​ថ្ងៃទី​ ៨ ខែវិច្ឆិកា​។

គំនិត​ផ្តួចផ្តើម​គម្រោង MAP សម្រាប់​ប្រទេស​ចំនួន​ ៥ ​នៅក្នុង​អនុតំបន់​មេគង្គ ដែល​ក្នុងនោះ​មាន​កម្ពុជា​ផង​នោះ ត្រូវ​បាន​ប្រកាស​ដោយ​នាយករដ្ឋមន្ត្រី​ប្រទេស​អូស្ត្រាលី លោក Scott Morrison នៅក្នុង​កិច្ចប្រជុំ​អូស្ត្រាលី-អាស៊ាន កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២០ ដែលមាន​ទឹកប្រាក់​ចំនួន​ ២៣២ ​លាន​ដុល្លារ​អូស្ត្រាលី​ (១៧០ ​លាន​ដុល្លារ​អាមេរិក​)​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​កាលពី ថ្ងៃទី​ ៩ ខែវិច្ឆិកា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​គម្រោង​នេះ​ផ្តល់​ការគាំទ្រ​ដល់​ប្រទេស​ចំនួន​ ៥ ​នៅក្នុង​អនុតំបន់​មេគង្គ ដើម្បី​ពង្រឹង​ការស្តារ​ឡើងវិញ​នូវ​វិស័យសេដ្ឋកិច្ច ភាពធន់​នៃ​បរិស្ថាន និង​ការកសាង​ធនធាន​មនុស្ស ជាពិសេស​ផ្តោត​ការយកចិត្ត​ទុកដាក់​ទៅលើ​ការផ្សារភ្ជាប់​នូវ​គម្លាត​នៃ​ការអភិវឌ្ឍ​នៅក្នុង​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​»​។

ប្រភព​ដដែល​បន្តថា​៖ «​អនុតំបន់​មេគង្គ​បាន​ប្រឈម​រួច​ទៅហើយ​ទៅនឹង​បញ្ហា​ប្រឈម​នានា ផ្នែក​សេដ្ឋកិច្ច បរិស្ថាន និង​យុទ្ធសាស្ត្រ ហើយ​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។ ក្នុងនាម​ជា​មិត្ត​និង​ដៃគូ​យូរអង្វែង ប្រទេស​អូស្ត្រាលី បាន​ប្រមូល​ធនធាន​បន្ថែម ដើម្បី​ជួយ​ស្តារ​ឡើងវិញ​ប្រកបដោយ​បរិយាប័ន្ន និង​មាន​ភាពឆាប់​រហ័ស​សម្រាប់​ប្រទេស​កម្ពុជា​ និង​តំបន់​ផងដែរ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា គម្រោង MAP នេះ​នឹង​ផ្តល់​ដំណោះស្រាយ​បញ្ហា​ទឹកទន្លេ​មេគង្គ ដែលជា​បណ្តាញ​ថ្មី​ក្នុង​ការពង្រឹង​នូវ​ការគ្រប់គ្រង​ធនធាន​ទឹក ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។ បណ្តាញ​នេះ​នឹង​បង្កើតបាន​នូវ​គំរូ​សម្រាប់​ប្រព័ន្ធ​ទន្លេ​សំខាន់ៗ​ទាំង​ ១៥ របស់​ប្រទេស​កម្ពុជា ដោយ​ផ្តល់​ដល់​កសិករ និង​ទីក្រុង​នូវ​សន្តិសុខ​ទឹក​ប្រសើរ​ជាង​មុន​ក្នុងស្ថានភាព ការប្រែប្រួល​អាកាសធាតុ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន គម្រោង​នេះ​គាំទ្រ​ជា​លើក​ទី​១ ​ដល់​យុទ្ធសាស្ត្រ​ថាមពល​កកើត​ឡើងវិញ ដែល​កំណត់​តួនាទី​របស់​ថាមពល​កកើត​ឡើងវិញ​ក្នុង​ទីផ្សារ​ថាមពល​របស់​ប្រទេស​កម្ពុជា​។ យុទ្ធសាស្ត្រ​នេះ​ក៏បាន​ផ្តល់​នូវ​មូលនិធិ​ក្នុង​ការផ្តល់​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ ខ្នាតតូច សម្រាប់​សហគមន៍ នៅ​ជនបទ​ដាច់ស្រយាល ដែល​មិនអាច​ភ្ជាប់​ជាមួយ​បណ្តាញ​ថាមពល​របស់​រដ្ឋ​។ គម្រោង​នេះ​នឹង​ផ្តល់​ភាព​ជា​ដៃគូ​ក្នុង​ការអភិវឌ្ឍ​នៅ​សួន​កសិឧស្សាហកម្ម​ដើម្បី​ចាប់ផ្តើម​ដំណើរការ​លើ​វិស័យ​កែច្នៃ​ម្ហូបអាហារ នៅ​ប្រទេស​កម្ពុជា ក្នុង​ការជួយ​ពិពិធកម្ម​សេដ្ឋកិច្ច និង​វិស័យ​ដទៃទៀត​ក្នុង​គ្រា​លំបាក​។

គម្រោង​នេះ​នឹង​ចាប់ផ្ដើម​ភាពជា​ដៃគូ​រវាង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​គណៈកម្មការ​ប្រើប្រាស់ និង​ប្រកួតប្រជែង​របស់​ប្រទេស​អូស្ត្រាលី​ក្នុង​ការការពារ​អ្នកប្រើប្រាស់​។ ការអនុវត្ត​នូវ​ច្បាប់​ថ្មី​ស្តីពី​ការការពារ​អ្នកប្រើប្រាស់ ដើម្បី​ផ្តល់​ដល់​ប្រជាជន​កម្ពុជា​នូវ​ការការពារ​ល្អ​ជាង​មុន ប្រឆាំង​នឹង​ហានិភ័យ ដូច​ជា​ការក្លែងក្លាយ​ឱសថ ជំនួញ​ឆបោក (pyramid schemes) និង​ការផ្សាយ​ពាណិជ្ជកម្ម​មិន​ពិត​។

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ ថា គម្រោង​ក៏​នឹង​ផ្តល់​អាហារូបករណ៍​ប្រចាំឆ្នាំ​ ១០ ​កន្លែង​បន្ថែម​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ក៏ដូចជា​ការផ្តល់​វគ្គបណ្តុះបណ្តាល​ខ្លី​លើ​ប្រធានបទ​គោលនយោបាយ​អាទិភាព​នានា ដូចជា​ការទាក់ទាញ​ការវិនិយោគ​បរទេស​ផ្នែក​ផលិតកម្ម ខណៈ​ដែល​មាន​ហានិភ័យ​ខ្លាំង​ក្នុង​ការគ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​។

លោក​ ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នា​ថ្ងៃទី​ ១០ វិច្ឆិកា ថា នៅក្រោម​ «​ភាពជា​ដៃគូ​មេគង្គ-អូស្ត្រាលី​» កម្ពុជា​ទទួលបាន​នូវ​ជំនួយ​ជា​បច្ចេកទេស ក៏ដូចជា​ហិរញ្ញប្បទាន​ជាច្រើន ពី​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ បច្ចេកទេស​កសិកម្ម អាហារូបករណ៍ និង​ការកសាង​ធនធានមនុស្ស ថាមពល កិច្ចការពារ​ធនធាន​ធម្មជាតិ និង​ការអភិវឌ្ឍ​បន្ថែមទៀត នៅក្នុង​កិច្ចការ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។ កិច្ចសហប្រតិបត្តិការ​ទាំងអស់​នេះ​នឹង​លើកស្ទួយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ និង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច និង​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​នាពេល​អនាគត​។

លោក​បន្តថា ជាក់ស្តែង​កាលពី​ខែ​សីហា អូស្ត្រាលី បាន​ចុះអនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ចកម្ពុជា​លើ​ «​ចង្វាក់​គុណតម្លៃ​វិស័យ​កសិកម្ម​កម្ពុជា-អូស្ត្រាលី​ (Cambodia-Australia Agricultural Value Chain)» និង​ជាមួយ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់​កម្ពុជា​ក្នុង​ការបង្កើត​សួន​ឧស្សាហកម្ម​ម្ហូបអាហារ​កសិផល​ (Agri-Food Industrial Parks) សម្រាប់​ជួយ​ទ្រទ្រង់​វិស័យ​កសិកម្ម ក៏ដូចជា​លើកស្ទួយ​គុណភាព និង​គុណតម្លៃ​កសិផល​កម្ពុជា​ក្នុង​ការនាំ​ចេញទៅ​ក្រៅប្រទេស និង​ជំនួយ​ហិរញ្ញប្បទាន​ចំនួន​ ៤៨ ​លានដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ឆ្នាំ​ ២០២១-២០២២​។

លោក​ ថុង ម៉េងដាវិត ថ្លែងថា​៖ «​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​របស់​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោកស្រី ម៉ារីស ផេន (Marise Payne) ​ជា​សក្ខីភាព​ក្នុង​ការរឹតចំណង​ទំនាក់ទំនង​ល្អ រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​រយៈពេល​ ៧០ ​ឆ្នាំ​មកនេះ និង​ការប្តេជ្ញាចិត្ត​របស់​អូស្ត្រាលី​ក្នុង​ការគាំទ្រ​កម្ពុជា​ក្នុង​ការធ្វើ​ជា​ម្ចាស់ផ្ទះ​អាស៊ាន​ឆ្នាំក្រោយ និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩»៕