ភ្នំពេញៈ អ្នកនាំពាក្យ គឺជា​បុគ្គល​សំខាន់​ ១ ​រូប​របស់​ស្ថាប័ន​រដ្ឋ ឬ​ឯកជន ដែល​ត្រូវ​ដើរតួនាទី​សំខាន់ ក្នុង​ការពាំនាំ​នូវ​ព័ត៌មាន​នានា​របស់​ស្ថាប័ន​ទៅកាន់​សាធារណជន​។ ជាពិសេស​នោះ អ្នកនាំពាក្យ​ក៏​ជា​បុគ្គល​ ១ ​រូប ដែល​ត្រូវមាន​សមត្ថភាព ឆ្លាតវៃ ភាពច្បាស់លាស់ និង​ត្រឹមត្រូវ ដើម្បី​រក្សា​ការពារ ផលប្រយោជន៍​របស់​ស្ថាប័ន​ផងដែរ​។

លោក នេត្រ ភក្ត្រា ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ ហើយ​ជា​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម និង​មាន​តួនាទី​ជា​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ផង​នោះ​កំពុង​បំពេញ​តួនាទី​របស់ខ្លួន​ជា​អ្នកនាំពាក្យ​ក្នុង​ស្ថាប័ន​ទាំង​ ២ ​នេះ​ក្នុងពេល​តែមួយ​។

លោក​ នេត្រ ភក្ត្រា បាន​និយាយថា ការ​ប្រឡូក​ក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន​រយៈពេល​ ១០ ​ឆ្នាំ​បានធ្វើឱ្យ​លោក​មាន​មូលដ្ឋាន​ដ៏រឹងមាំ​ក្នុង​ការបំពេញ​ការងារ​ជា​អ្នកនាំពាក្យ​។ មិនតែប៉ុណ្ណោះ លោក​ថា ជំនាញ​ជា​អ្នក​សារព័ត៌មាន​ក៏​បាន​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​លោក​បំពេញ​តួនាទី​ក្នុង​តំណែង​ជា​អ្នកនាំពាក្យ​សម្រាប់​ស្ថាប័ន​ទាំង​ ២ ​នេះ​បាន​យ៉ាង​ល្អ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​បទពិសោធ​ជា​អ្នក​សារព័ត៌មាន​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​បាន​ធ្វើឱ្យ​ខ្ញុំ​មាន​មូលដ្ឋាន​រឹងមាំ ទី​១ ​យល់ដឹង​អំពី​សារព័ត៌មាន តើ​សារព័ត៌មាន​មាន​តួនាទី​យ៉ាងម៉េច​? ទី​២ ​យល់ដឹង​ថា​តើ​វា​មាន​សារៈសំខាន់​យ៉ាងម៉េច​នៅក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន ថា​តើ​ការលំបាក​របស់​អ្នកសារព័ត៌មាន​យ៉ាងម៉េច​? ជាពិសេស​អ្នក​សារព័ត៌មាន មិនអាច​សរសេរ​ព័ត៌មាន​បានទេ​បើសិនជា​គាត់​មិនមាន​ប្រភពព័ត៌មាន​»​។

លោក​បាន​បន្តថា​៖ «​នៅពេល​ប្រែ​ក្លាយទៅជា​មន្ត្រី​នាំពាក្យ​ដែលជា​ប្រភពព័ត៌មាន​របស់​អ្នកកាសែត​នេះ គឺ​ខ្ញុំ​បាន​បំពេញ​តួនាទី​នេះ​ទៅតាម​តួនាទី​ភារកិច្ច​ដែលជា​អ្នកផ្តល់​ប្រភពព័ត៌មាន ហើយក៏​ជា​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ផ្សេងៗ​ជូន​ដល់​សាធារណជន​»​។

លោក​ នេត្រ ភក្ត្រា គឺជា​អតីត​និស្សិត​ទទួលបាន​ការបណ្តុះបណ្តាល​ពី​ដេប៉ាតឺម៉ង់​សិក្សា​ភាសា​បារាំង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​ចាប់ពី​តាំងពី​ឆ្នាំ​ ២០០០ ​ដល់​ ២០១១​។

ក្នុងពេល​បំពេញការងារ​ក្នុង​វិស័យនេះ​លោក​ឆ្លងកាត់​បទពិសោធ​ជា​អ្នកសារព័ត៌មាន​ធម្មតា ដែលជា​អ្នកសរសេរ​អត្ថបទ​ព័ត៌មាន​ផ្សព្វផ្សាយ សម្រាប់​សាធារណជន​រហូតដល់​ក្លាយ​ជា​និពន្ធ​នាយក​នៃ​ស្ថាប័ន​កាសែត​ដ៏ធំ​មួយ ក្នុងស្រុក​មុននឹង​ក្លាយខ្លួនជា​អ្នកនាំពាក្យ​។

លោក​ នេត្រ ភក្ត្រា ​បានបញ្ចប់​អាជីព​ក្នុងតួនាទី​ជា​អ្នក​សារព័ត៌មាន​ក្នុង​តំណែង​ជា​នាយក​គ្រប់គ្រង​ការីនិពន្ធ​ជា​ភាសាខ្មែរ​នៃ​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍ ត្រឹម​ថ្ងៃទី​ ៣១ ខែ ឧសភា ឆ្នាំ​ ២០១១​។

លោក​បញ្ជាក់ថា​៖ «​ការផ្លាស់ប្តូរ​នៃ​អាជីព​ជា​អ្នកសារព័ត៌មាន​មាន​ន័យថា ពី​អ្នក​ដែល​ប្រមូល​ប្រភពព័ត៌មាន​ដើម្បី​សរសេរ​ព័ត៌មាន ជា​អត្ថបទ​សម្រាប់​សាធារណជន​អាន​ព័ត៌មាន​នេះ ប្រែក្លាយ​ទៅជា​អ្នក​ផ្តល់ព័ត៌មាន​ទៅឱ្យ​អ្នកសារព័ត៌មាន​វិញ​។ តាមពិត​ទៅ​នៅក្នុង​តួនាទី​ភារកិច្ច​នេះ យើង​ប្រើប្រាស់​ជំនាញ​របស់​យើង​តែមួយ​ទេ គឺ​ជំនាញ​សារព័ត៌មាន​នេះឯង​»​។

ក្រោយពី​ទទួលបាន​តំណែង​ជា​អ្នកនាំពាក្យ​ និង​ផ្លាស់ប្តូរ​ទៅ​​បម្រើ​ការងារ​នៅ​សាលាក្តី​ខ្មែរក្រហម​នៅ​ខែមិថុនា ​ឆ្នាំ​ ២០១១ ​លោក នេត្រ ភក្ត្រា ក៏បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង និង​ប្រទេស​សិង្ហបុរី​រយៈពេល​ខ្លី ដើម្បី​ពង្រឹង​សមត្ថភាព​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ភាពជា​អ្នកដឹកនាំ​ក្នុង​នាម​ជា​អ្នកនាំពាក្យ​ផងដែរ​។

និយាយ​ដោយ​មិន​ស្ទាក់ស្ទើរ លោក​ នេត្រ ភក្ត្រា ដែល​កំពុង​អង្គុយ​នៅ​កន្លែងធ្វើការ​នាទី​ស្តីការ​ក្រសួងបរិស្ថាន បាន​លើកឡើង​ថា ក្នុង​នាម​ជា​អ្នកនាំពាក្យ​សម្រាប់​ស្ថាប័ន​ទាំង​ ២ ក្នុងពេល​តែមួយ គឺ​ពិតជា​មាន​ការលំបាក​។ ប៉ុន្តែ​សម្រាប់​លោក​គឺមាន​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​ការបំពេញ​ការងារ​ទាំងនេះ​ជាពិសេស​គឺ​ការបែងចែក​ពេលវេលា​បាន​ត្រឹមត្រូវ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការងារ​ទាំង​ ២ ​នេះ គឺជា​អំរែក​ធ្ងន់ និង​ជា​ការងារ​មួយ ដែលមាន​ការទទួល​ខុសត្រូវ​ខ្ពស់ ព្រោះថា​ នៅ​សាលាក្តី​ខ្មែរក្រហម យើង​ផ្តោត​ពាក់ព័ន្ធ​នឹង​វិស័យ​ច្បាប់​។ ចំណែក​នៅ​ក្រសួងបរិស្ថាន យើង​និយាយ​អំពី​បញ្ហា​វិទ្យាសាស្ត្រ​ដែល​ការងារ​ទាំង​ ២ ​នេះ គឺមាន​ភាព​ ២ ​ផ្សេងគ្នា ដែល​ទាមទារ​នូវ​ការអត់ធ្មត់​ខ្លាំង​»​។

បើទោះជា​ការងារ​ទាំងនេះ​មាន​ផលវិបាក ប៉ុន្តែ​សម្រាប់​លោក គឺ​បាន​បំពេញការងារ​ក្នុងនាម​ជា​អ្នកនាំពាក្យ​បាន​យ៉ាង​ល្អ​ដោយ​យល់ថា តួនាទី​អ្នកនាំពាក្យ គឺ​ត្រូវតែមាន​ទំនាក់ទំនង​ល្អ ជាមួយ​អ្នកសារព័ត៌មាន​គ្រប់​ស្ថាប័ន ហើយ​មិនត្រូវ​ចាត់ទុក​អ្នកសារព័ត៌មាន​ជា​សត្រូវ​នោះទេ​។

ដូច្នេះ​លោក​ នេត្រ ភក្ត្រា បាន​ចែករំលែក​បទពិសោធរ​បស់​លោក​យ៉ាង​ដូច្នេះ​ថា ដើម្បី​ក្លាយជា​អ្នកនាំពាក្យ​ដ៏ល្អ បុគ្គល​ដែល​ចង់​ក្លាយ​ទៅ​ជា​អ្នក​នាំពាក្យ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សំខាន់ៗ​ជា​​ចម្បង​ហើយ​ត្រូវ​ពង្រឹង​សមត្ថភាព​ឱ្យបាន​ទូលាយ​។

គោលការណ៍​ទាំងនោះ​រួមមាន​ការរៀបចំ​ពេលវេលា​ឱ្យបាន​ត្រឹមត្រូវ​ការស្រាវជ្រាវ​ និង​ស្វែងយល់​ព័ត៌មាន​ឱ្យបាន​ទូលំទូលាយ​ការអត់ធ្មត់​ ខណៈ​ការអាន​ និង​ការស្តាប់ គឺជា​កិច្ចការងារ​ដ៏ចាំបាច់​បំផុត សម្រាប់​មន្ត្រី​ជា​អ្នកនាំពាក្យ​។

លោក​បាន​បន្តថា ជាពិសេស​នោះ​អ្នកនាំពាក្យ​ត្រូវ​ច្បាស់​ថា ខ្លួន​ជា​អ្នកនាំពាក្យ​របស់​ស្ថាប័ន ដែល​ត្រូវតែមាន​ការឆ្លើយតប​ជាមួយ​សាធារណជន ហើយ​រឹតតែ​ល្អ បើ​អ្នកនាំពាក្យ​ត្រូវបាន​តែងតាំង​ចេញពី​បុគ្គល​ដែល​ធ្លាប់​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​។

លោក​ នេត្រ ភក្ត្រា រំពឹងថា​៖ «​អ្នក​ដែល​ទទួល​បាន​ការតែងតាំង​ជា​មន្ត្រី​នាំពាក្យ​ហើយ​គួរតែមាន​ពាក្យ​នាំ​ហើយ​សហការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ យើង​ចាត់ទុកថា ក្រសួង​ស្ថាប័ន​របស់​យើង​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺជា​ដៃគូ​ដែល​ត្រូវការ​គ្នា​ទៅវិញ​ទៅមក​។ យើង​ត្រូវការ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​បញ្ជូន​ព័ត៌មាន​ពី​ក្រសួង​ស្ថាប័ន​របស់​យើង ទៅកាន់​ប្រជាពលរដ្ឋ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរតួនាទី​មួយ​ធានា​នូវ​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​»៕