ស្ទឹងត្រែងៈ គិត​ត្រឹម​រសៀល​ថ្ងៃទី​ ១០ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ ​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​អ្នកទោស​ ៣ ​នាក់​ ក្នុងចំណោម​ ៧ ​នាក់​បាន​មកវិញហើយ និង​កំពុង​បន្តធ្វើការ​ឡោមព័ទ្ធ និង​រុករក​ចាប់ខ្លួន​អ្នកទោស​ ៤ ​នាក់​ទៀត ដែល​កំពុង​រត់គេច​ទៅ​ក្នុងព្រៃ​មួយកន្លែង​ក្នុង​ភូមិសាស្ត្រ ស្រុក​ថាឡាបរិវ៉ាត់​។ នេះ​បើតាម​សម្ដី លោក អូត ស៊ីវុត្ថា ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​។

យោងតាម​របាយការណ៍​របស់​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​នៅ​វេលា​ម៉ោង​ ៣:២០ ​នាទី​ទៀបភ្លឺ​ថ្ងៃទី​ ៨ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ មាន​អ្នកទោស​ ៧ ​នាក់ ​ដែល​ក្នុងនោះ​មាន​ជនជាតិ​ឡាវ​ ២ ​នាក់ និង​ខ្មែរ​ ៥ ​នាក់​ បាន​នាំគ្នា​វាយ​ទម្លុះ​ជញ្ជាំង​គុក​ហើយ​​លួច​រត់​ចេញពី​គុក​។ តាមរយៈ​វត្ថុតាង​ដែល​ឆ្មាំ​ពន្ធនាគារ​បាន​រកឃើញ​នៅ​កន្លែងកើតហេតុ ក្រុម​អ្នកទោស​បាន​ប្រើ​ប្រដាប់​ខួង ដែក​ត្រសេះ កំណាត់ឈើ ខ្នើយ និង​ភួយ ដើម្បី​ខ្ទប់​វាយ​ជញ្ជាំង​គុក​នោះ​មិន​ឱ្យឮ​សំឡេង​។

របាយការណ៍​បាន​បន្តថា ក្រោយពី​បានដឹង​អំពី​ករណី​នោះ ឆ្មាំ​ពន្ធនាគារ បាន​ផ្ទុះអាវុធ​ ៤ ​គ្រាប់ ដើម្បី​បញ្ឈប់​សកម្មភាព​នៃ​ការលួច​រត់​របស់​អ្នកទោស​ផ្សេងទៀត​។ អ្នកទោស​ទាំងនោះ​ភាគច្រើន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​គ្រឿងញៀន និង​លួច​ប្លន់​មាន​ស្ថាន​ទម្ងន់ទោស​។

លោក អូត ស៊ីវុត្ថា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ព្រឹក​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​ថា គិត​មកដល់​រសៀល​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ចាប់​អ្នកទោស​ ៣ ​នាក់​ក្នុង​ចំណោម​អ្នកទោស​ ៧ ​នាក់ ដែល​បាន​លួច​រត់​ពី​ពន្ធនាគារ​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី ​៨ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​នោះ មកវិញហើយ​។ ក្នុងនោះ​អ្នកទោស​ឈ្មោះ ទូច រ៉ាត់ អាយុ​ ៤០ ​ឆ្នាំ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រាវជ្រាវ និង​ចាប់ខ្លួនបាន​មកវិញ​កាលពី​ល្ងាច​ថ្ងៃទី​ ៩ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ ​

អ្នកទោស​រូបនេះ​ត្រូវបាន​តុលាការខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃទី​ ២០ ខែមីនា ឆ្នាំ​ ២០២០ សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​ ៣០ ​ឆ្នាំ​ពី​បទជួញដូរ​គ្រឿងញៀន បន្ទាប់ពី​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ខេត្ត​ស្ទឹងត្រែង​ចាប់ខ្លួន​នៅ​ចំណុច​សង្កាត់​ស្រះ​ឫស្សី ក្រុង-ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​ ៧ ខែឧសភា ឆ្នាំ​ ២០១៩ ជាមួយ​វត្ថុតាង​គ្រឿងញៀន​ជាច្រើន​គីឡូក្រាម​។

ចំណែក​អ្នកទោស​ឈ្មោះ វ៉ាន់ ភូ ដែល​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ ២០ ​ឆ្នាំ​ពី​បទល្មើស​ជួញដូរ​គ្រឿងញៀន និង​អ្នកទោស​ឈ្មោះ កិន ងិន ដែល​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ ៤ ​ឆ្នាំ ពី​បទល្មើស​ជួញដូរ​គ្រឿងញៀន​ដែរនោះ ត្រូវបាន​ចាប់ខ្លួន​នៅវេលា​ម៉ោង​ ១២ ​ថ្ងៃត្រង់​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេលនេះ កម្លាំង​នគរបាល​ជំនាញ​យើង​កំពុង​បន្តធ្វើ​ការឡោមព័ទ្ធ និង​រុករក​តាម​ចាប់​​អ្នកទោស​ ៤ ​នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន​នៅក្នុង​ព្រៃ​នៅឡើយ​នោះ ដើម្បី​នាំយកមក​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ជា​បន្តទៀត និង​ដើម្បី​ឱ្យ​តុលាការ ចាត់វិធានការ​បន្ត​តាម​នីតិវិធី​លើ​ករណី​លួច​រត់​ចេញពី​គុក​នេះ​បន្ថែមទៀត​»​។

បើតាម​លោក ស៊ីវុត្ថា ក្រុម​អ្នកទោស​ទាំងនោះ​អាច​នឹង​នាំគ្នា​លួច​ចូលមក​ក្នុង​ភូមិ ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ ព្រោះ​ពួកគេ​ពេលដែល​លួច​រត់​ចេញពី​ក្នុង​គុក​នោះ​គឺ​គ្មាន​ស្បៀងអាហារ​ជាប់​ខ្លួន​នោះទេ ដូច្នេះ​ពួកគេ​មិនអាច​អត់ទ្រាំ​នៅក្នុង​ព្រៃ​បានយូរ​ឡើយ​។ ជាមួយ​គ្នា​នេះ លោក​បាន​ណែនាំ​ឱ្យ​គ្រប់​កងកម្លាំង​នគរបាល​ទាំងអស់ បង្កើន​ការត្រួតពិនិត្យ និង​ឃ្លាំមើល​គ្រប់​ច្រកចេញចូល​ទាំងអស់ ដោយ​សហការគ្នា​ឱ្យបាន​ល្អ​ពី​មូលដ្ឋាន​មួយ​ទៅ​មូលដ្ឋាន​មួយ ធ្វើយ៉ាងណា​ស្ទាក់ចាប់​ក្រុម​អ្នកទោស​ដែល​កំពុង​រត់គេចខ្លួន​ទាំងនោះ​មកវិញ​ឱ្យបាន​។

លោក ឈុន តារា ប្រធាន​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រុម​អ្នកទោស​ដែល​ទើប​ចាប់បាន​មកវិញ​នោះ នៅពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​បញ្ជូនមក​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​វិញ​ហើយ​។

លោក​បាន​និយាយ​ទៀត​ថា​៖ «​ទណ្ឌិត​ទាំង​ ៣ ​រូបនេះ​នឹង​ត្រូវ​ប្រឈម​ការដាក់​ទោសទណ្ឌ​បន្ថែមទៀត ក្នុង​បទល្មើស​លួច​រត់​ដោយ​វាយ​ទម្លាយ​ជញ្ជាំង​ពន្ធនាគារ​»​។

សម្រាប់​ឆ្នាំ​ ២០២១ ​នេះ ករណី​អ្នកទោស​លួច​រត់​ពី​ពន្ធនាគារ មិនមែន​កើតមាន​តែ​នៅ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​នេះ​ទេ​។ ករណី​ដូចគ្នានេះ​ក៏​កើត​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល មាន​អ្នកទោស​លួច​រត់​ចេញពី​ពន្ធនាគារ​ចំនួន​ ២ ​ដង​រួចមកហើយ​នៅក្នុង​ឆ្នាំ​ ២០២១ ​នេះ គឺ​ក្នុង​ខែមករា​ម្ដង និង​ក្នុង​ខែសីហា​ម្ដងទៀត ដោយមាន​អ្នកទោស​សរុប​ ៨ ​នាក់ ប៉ុន្តែ​ពួកគេ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន​មកវិញ​ភ្លាមៗ​ទាំង​ ២ ​លើក​៕

វីដេអូ៖