The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រី​បង្ហាញ​ពី​ឧបករណ៍​កសិក​កម្ម​ ដែល​ប្រើ​ពន្លឺព្រះអាទិត្យ

រដ្ឋមន្ត្រី​បង្ហាញ​ពី​ឧបករណ៍​កសិក​កម្ម​ ដែល​ប្រើ​ពន្លឺព្រះអាទិត្យ

Content image - Phnom Penh Post
ការប្រើ​សូឡា​បូមទឹក​ស្រោច​ដំណាំ​នៅតាម​ខេត្ត​កន្លងមក​។ រូបថត Veng Sakhon page

រដ្ឋមន្ត្រី​បង្ហាញ​ពី​ឧបករណ៍​កសិក​កម្ម​ ដែល​ប្រើ​ពន្លឺព្រះអាទិត្យ

ភ្នំពេញៈ ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​​បង្ហាញ​ពី​ឧបករណ៍​កសិកម្ម​ប្រើ​ថាមពលព្រះអាទិត្យ​ដែលមាន​សក្ដានុពល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែលមាន​ប្រសិទ្ធភាព​រួមចំណែក​កាត់បន្ថយ​ថ្លៃ​​ដើម​ក្នុង​ការផលិត​ និង​កាត់បន្ថយ​ការសាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស ជាពិសេស​ចូលរួម​កាត់បន្ថយ​ការចំណាយ​លើ​ការប្រើ​ថាមពល​ដែល​គ្មាន​និរន្តរភាព និង​សុវត្ថិភាព​។

តាមរយៈ​ហ្វេសប៊ុក​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​ ១០ ខែវិច្ឆិកា បានឱ្យដឹងថា ឧបករណ៍​ទាំងនោះ​រួមមាន ម៉ូទ័រ​បូមទឹក​ប្រើ​ថាមពលព្រះអាទិត្យ ទូ​ភ្ញាស់​ស៊ុតមាន់​ប្រើ​ថាមពលព្រះអាទិត្យ និង​ទូហាល​សម្ងួត​ប្រើ​ថាមពលព្រះអាទិត្យ​។

លោក​រដ្ឋមន្ត្រី​បានឱ្យដឹងថា ម៉ូទ័រ​បូមទឹក​ប្រើ​ថាមពលព្រះអាទិត្យ​ (Solar Water Pump) ​គឺ​សម្រាប់​ស្រោចស្រព​ដំណាំ​ជា​លក្ខណ​:​គ្រួសារ​។ ​ប្រយោជន៍​នៃ​ម៉ូទ័រ​នេះ​គឺអាច​ដំឡើង​ផ្ទាំង​សូឡា​ទៅតាម​កម្លាំង​ម៉ាស៊ីនបូមទឹក​ចាប់ពី​ ២ ​ទៅ​ ៥ ​គុប​/​ម៉ោង អាច​ប្រើប្រាស់​បូមទឹក​ពី​ស្រះ​អណ្តូង​ ឬ​ប្រភពទឹក​ធម្មជាតិ​ក្នុង​ជម្រៅ​ចាប់ពី​ ១៥ ​ទៅ​ ២០ ​ម៉ែត្រ អាច​ទាញយក​ថាមពលព្រះអាទិត្យ​នៅពេល​ថ្ងៃ​សម្រាប់​បូមទឹក​មាន​អាយុកាល​ប្រើប្រាស់​ចាប់ពី​ ១០ ​ទៅ​ ១៥ ​ឆ្នាំ និង​កាត់បន្ថយ​ការចំណាយ​ជួសជុល និង​ថែទាំ​ថែមទាំង​មិន​ចំណាយ​ថវិកា​ជាប្រចាំ​ថ្ងៃ និង​កាត់បន្ថយ​កម្លាំង​ពលកម្ម​។

ចំណែក​ប្រយោជន៍​នៃ​ទូភ្ញាស់​ស៊ុតមាន់​​ប្រើ​ថាមពលព្រះអាទិត្យ (Solar Egg Incubator) លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា អាច​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ​ភ្ជាប់​ជាមួយ​ផ្ទាំង​សូឡា​ និង​អាគុយ​សម្រាប់​យក​ភ្លើង​ទៅ​បើក​អំពូល​កម្ដៅ​ពងមាន់​ក្នុង​សីតុណ្ហភាព​ជា​មធ្យម ៣៧,៥ ​អង្សាសេ​ និង​សំណើម​ ៦៥% ដែល​កាត់បន្ថយ​ការចំណាយ​ប្រតិបត្តិការ​ដោយ​អាច​បង្កើន​ការភ្ញាស់​ចាប់ ពី​ ៣០០ ទៅ ១ ០០០ ​ពង​ក្នុង​រយ:ពេល ២១ ​ថ្ងៃ​តាម​ទំហំ​ទូភ្ញាស់​។

ដោយឡែក ទូ​ហាល​សម្ងួត​ប្រើ​ថាមពល​ព្រះអាទិត្យ​ (Solar Dryer) ​វិញ គឺ​ប្រើ​សម្រាប់​ហាល​សម្ងួត​ត្រី សាច់ បន្លែ និង​ផ្លែឈើ ដែល​អាច​រក្សា​គុណភាព និង​អនាម័យ​។ ទូ​នេះ​អាច​ស្រូបយក​កម្ដៅ​​ព្រះអាទិត្យ​សម្រាប់​ហាល​សម្ងួត​ចាប់ពី​ ៦០ ​ទៅ​ ៨០ ​អង្សាសេ និង​បំពាក់​ផ្ទាំង​​សូឡា​សម្រាប់​បង្វិល​កង្ហារ​ឱ្យមាន​ខ្យល់​ចេញចូល​ស្ងួត​ក្រៀម​បានល្អ ប្រើប្រាស់​ប្លាស្ទិក​បិទ​ជិត​ និង​អាច​ផ្លាស់ប្តូរ​ទីតាំង​បាន ថែមទាំង​មាន​អនាម័យ​ល្អ​ដោយ​មិនមាន​រុយ ឬ​សត្វល្អិត​ចូល​ទៀតផង ។

លោក វេង សាខុន លើកឡើង​ថា ដើម្បី​រួមចំណែក​កាត់បន្ថយ​ចំណាយ​ក្នុង​ផលិតកម្ម ការប្រែប្រួល​អាកាសធាតុ និង​ការបំពុល​បរិស្ថាន​ដោយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ការបញ្ជ្រាប​ការប្រើប្រាស់​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ​ក្នុង​ផលិតកម្ម​កសិកម្ម ក៏ដូចជា​ការកែច្នៃ​កសិផល​គឺជា​ជម្រើស​ដ៏ប្រសើរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ប្រទេស​ទាំងអស់​លើ​ពិភពលោក​បាន​ចាត់ទុក​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ គឺជា​ថាមពលបៃតង ឬ​ថាមពល​ស្អាត​ដែល​ត្រូវ​លើកកម្ពស់​ទាំងអស់គ្នា​។ ​ជា​ទិសដៅ​បន្ត​នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នឹង​សហការ​ជាមួយ​វិស័យ​ឯកជន អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ ដើម្បី​ផ្សព្វផ្សាយ​អំពី​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ​ឱ្យមាន​ភាពទូលំទូលាយ​ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​» ។

លោក​ សុខ ប្រុសតូច ប្រជាពលរដ្ឋ​នៅ​ភូមិ​ ២ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ថ្លែង​នៅ​ថ្ងៃទី​ ១០ ខែ​​វិច្ឆិកា​ថា ការប្រើប្រាស់​សូឡា​ផ្តល់​ភាពងាយស្រួល​សម្រាប់​ប្រើប្រាស់​នៅក្នុង​ផ្ទះ​ដែល​នៅ​ឆ្ងាយ​ពី​ទីតាំង​មាន​ភ្លើង អគ្គិសនី​។ លោក​ថា ភ្លើងអគ្គិសនី​សូឡា​ក៏បាន​ជួយ​សម្រួល​ដល់​កិច្ចការងារ​មួយចំនួន​ក្នុង​ចម្ការ​ផងដែរ ក្នុង​នោះ​មាន​​ដូចជា​ការបូមទឹក​ស្រោច​ដំណាំ​ជុំវិញ​ផ្ទះ និង​បូមទឹក​ចេញពី​អណ្តូង​យកមក​ប្រើប្រាស់​ប្រចាំថ្ងៃ​។

លោក​បញ្ជាក់ថា ការប្រើប្រាស់​សូឡា​វា​មាន​ភាពងាយស្រួល ប៉ុន្តែ​មិនមែន​មានន័យថា ឈប់​ប្រើ​ភ្លើងអគ្គិសនី​នោះ​​ទេ ហេតុនេះ បើ​ប្រើ​ទាំង​ ២ ​ប្រភេទ​ក៏​ជា​រឿង​ល្អ ព្រោះ​វា​អាច​ជំនួស​គ្នា​បាន​នៅពេល​មាន​បញ្ហា​កើតឡើង​។

លោក​ថ្លែងថា​៖ «​ជុំវិញ​ផ្ទះ​ខ្ញុំ​មាន​ដី​ជិត​ ២ ​ហិកតា ខ្ញុំ​ដាំ​ដំណាំ​ផ្សេងៗ សម្រាប់​រក​ចំណូល​ប្រចាំថ្ងៃ មាន​ត្រប់ ឆៃថាវ ម្ទេស និង​ដំណាំ​បន្ទាប់បន្សំ​ផ្សេងៗ​ទៀត អ៊ីចឹង​ខ្ញុំ​ប្រើ​សូឡា​វា​ងាយស្រួល​សម្រាប់​ខ្ញុំ មិនបាច់​ចំណាយលុយ​ដាក់​ភ្លើង​អគ្គិសនី​ព្រោះ​ត្រូវ​ចំណាយ​ថ្លៃ​ខ្សែភ្លើង ហើយ​បង់​ប្រចាំខែ​ទៀតផង ពេលខ្លះ​ដាច់​ភ្លើង​ធ្វើ​អី​មិនកើត តែ​សូឡា​ស្រួល​ទិញ​តែម្តង​ប្រើ​ ១០ ​ឆ្នាំ ឯណោះ​» ។

យ៉ាងណាក៏ដោយ លោក ហូ ដារីណា ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ថ្លែង​ថា ការប្រើ​សូឡារ​មិនបាន​ច្រើន​ដូច​អគ្គិស​នី​ទេ ប្រសិនបើ​យើង​ប្រើ​ដោយ​មាន​អាគុយ ហើយ​ការចំណាយ​អស់​ច្រើន​។ លោក​ថា ផ្ទះ​របស់លោក​ប្រើ​ផ្ទាំង​សូឡា ៨ ​សន្លឹក​អាគុយ​ ២០០ ​អំពែ​ ៨ ​គ្រាប់​។

លោក​បញ្ជាក់ថា ប្រសិនបើ​យើង​ប្រើតែ​សម្រាប់​ពេល​ថ្ងៃ ដោយ​មិនមាន​អាគុយ​បូក ជាមួយ​ភ្លើង​រដ្ឋ​ខ្លះ​ស្រួល​ជាង​មាន​អាគុយ តែ​វា​ត្រូវការ​ទីតាំង​ដំឡើង​ផ្ទាំង​សូឡា​ច្រើន​ទៅតាម​ចំនួន​គីឡូវ៉ាត់​ដែល​យើង​ចង់​ប្រើ​នៅក្នុង​ផ្ទះ​របស់​យើង​ក្នុង​ ១ ​ថ្ងៃ​ប៉ុន្មាន​គីឡូវ៉ាត់ ។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ប្រើ​សូឡា​ហ្នឹង​ដោយសារ​ពីមុនមក​ភ្លើង​ដាច់​ខ្លាំងពេក អ៊ីចឹង​រក​ធ្វើ​អី​អត់​កើត​ទើប​ខ្ញុំ​ដំឡើង​ប្រព័ន្ធ​សូឡា​ដោយមាន​អាគុយ ខ្ញុំ​អាច​ប្រើ​បាន​ដូចជា​ទូរទស្សន៍ អំពូល​ភ្លើង ឆ្នាំង​ដាំបាយ ពេលខ្លះ​ក៏​ប្រើ​ម៉ាស៊ីន​បោកគក់​ខោអាវ អ៊ីចឹង​ដែរ​ទៅ​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍