សៀមរាបៈ នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្ត​សៀមរាប​នៅ​រសៀល​ថ្ងៃទី​ ១០ ​វិច្ឆិកា បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​ ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​កូនស្រី​ចុង​អាយុ​ ១១ ​ឆ្នាំ ចំនួន​ ២ ​លើក ប្រព្រឹត្ត​នៅ​ឃុំ​បឹងមាលា ស្រុក​ស្វាយលើ។

លោកស្រី ដួង ថាវរី ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តសៀមរាប​ប្រាប់​នៅ​រសៀល​ថ្ងៃទី​ ១០ វិច្ឆិកា​ថា មន្ត្រីនគរបាល​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ឈន់ ឈី អាយុ ៥៤ ​ឆ្នាំ ទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃទី​ ១០ ​វិច្ឆិកា​។ លោកស្រី​ថា​៖ «​ជនសង្ស័យ​គាត់​សារភាពថា គាត់​ពិតជា​បាន​ប្រព្រឹត្ត​លើ​កូនស្រី​ចុង​របស់គាត់​មែន​»​។

លោក​ អឿម តូឡូ នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ ស្រុក​ស្វាយលើ​ប្រាប់​នៅ​រសៀល​ថ្ងៃទី​ ១០ ​វិច្ឆិកា​ថា ក្មេងរងគ្រោះ​ឈ្មោះ ស.ន អាយុ​ ១១ ឆ្នាំ​ជា​សិស្ស រស់នៅក្នុង​បន្ទុក​របស់​ជនសង្ស័យ​ក្នុង​ឃុំ​បឹងមាលា​ស្រុក​ស្វាយ​លើ​។ ​«​រឿងនេះ​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ដូច​អ្វីដែល​ក្មេងស្រី​និយាយ​»​។

លោក​បាន​រៀបរាប់​តាម​សម្តី​ស្ត្រី​ម្តាយ​ក្មេងរងគ្រោះ​ថា ជនសង្ស័យ​ឈ្មោះ ឈន់ ឈី បាន​ស្រឡាញ់​ និង​រួមរស់​ជាមួយ​ម្តាយ​ក្មេងស្រី​រងគ្រោះ​មិន​មាន​កូន​ទេ​។ ប៉ុន្តែ​ម្តាយ​ក្មេងរងគ្រោះ​មាន​កូន​ជាមួយ​ប្តី​មុន​ចំនួន​ ៣ ​នាក់​ប្រុស​ ២ ​នាក់ និង​ស្រី​ម្នាក់ ដែលជា​កូនពៅ​ (​ក្មេងរងគ្រោះ​)​។ ចំពោះ​អង្គហេតុ​ក្នុង​រឿងនេះ​លោក​ តូឡូ ​មិនបាន​បញ្ជាក់ប្រាប់​លម្អិត​ទេ​។

ទោះយ៉ាងណា បើតាម​មន្ត្រី​ម្នាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយលើ​ដែល​សុំ​មិន​បញ្ចេញឈ្មោះ​ប្រាប់​តាម​ចម្លើយ​របស់​ជនសង្ស័យ​ថា ករណី​ចាប់​កូនស្រី​ចុង​រំលោភ​នេះ​បាន​កើតឡើង​កាលពី​ដើម​ខែតុលា​ឆ្នាំ​ ២០២១​។ ដោយ​លើក​ទី​១ ​ជនសង្ស័យ បាន​ចាប់បង្ខំ​ក្មេងរងគ្រោះ​រំលោភ​នៅលើផ្ទះ​របស់ខ្លួន​រហូត​បានសម្រេច​ហើយ​ជនសង្ស័យ​គំរាម​មិនឱ្យ​ក្មេងរងគ្រោះ​និយាយប្រាប់​ម្តាយ ឬ​នរណា​ទេ បើ​ហ៊ាន​ប្រាប់​គឺ​សម្លាប់ចោល​។

បន្ទាប់មក​ជនសង្ស័យ​បាន​ចាប់​ក្មេងរងគ្រោះ​រំលោភ​ម្តងទៀត នៅ​ទ្រុងមាន់​ក្បែរ​ផ្ទះ​របស់ខ្លួន​បានសម្រេច​ជា​លើក​ទី​២​។ ប៉ុន្តែ​នៅ​ថ្ងៃទី​ ៨ ​វិច្ឆិកា ដោយ​ខ្លាច​ឪពុកចុង​របស់ខ្លួន​ចាប់រំលោភ​ទៀត ក្មេងស្រី​រងគ្រោះ​ក៏​និយាយប្រាប់​ម្តាយ​។

ក្រោយពី​បាន​ស្តាប់​ការរៀបរាប់​របស់​កូន​មក​ស្ត្រី​ជា​ម្តាយ​បាន​ទៅប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​បឹងមាលា ហើយ​នគរបាល​ប៉ុស្តិ៍ បាន​រាយការណ៍​បន្ត​ទៅ​លោក ស៊ុន អេង អធិការនគរបាល ស្រុក​ស្វាយលើ ហើយ​នៅ​ថ្ងៃទី​ ៩ ខែវិច្ឆិកា សមត្ថកិច្ច​បាន​ចុះមក​ចាប់ខ្លួន​ជនសង្ស័យ​នៅផ្ទះ​របស់គាត់​តែម្តង​៕