ភ្នំពេញៈ​ លោក​ ស​ ខេង​ រ​ដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​មន្ត្រី​ជា​ច្រើន​រូប​ទៀត​កាល​ពីថ្ងៃ​ទី ១១​ ខែ វិច្ឆិកា ​ឆ្នាំ ២​០២១ ​បាន​ចូលរួម ប្រកាស​បើក​ការ​ដ្ឋាន​សាង​សង់​អគារ​ថ្មី​នៃ​ទី​ស្ដី​ការ​ក្រសួង​មហា​ផ្ទៃ​កម្ពស់​ ៩​ ជាន់​ បណ្ដោយ​ជាង ​១៥០​ ម៉ែត្រ​ និង​ទទឹង​ជាង​ ៨០ ​ម៉ែត្រ​ ​នៅ​ក្នុង​បរិ​វេណ​ទី​តាំង​ចាស់​ ដែល​ចំណាយ​ថវិកា​រដ្ឋ​ប្រមាណ​ជាង ​៦០ ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេ​រិ​ក​។

លោក ​ខៀវ​ ​សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ថ្លែង​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ថ្ងៃ​ទី​ ១១ ​វិច្ឆិកា​នេះ​ថា ​អគារ​ទីស្ដី​ការ​ក្រសួង​មហា​ផ្ទៃថ្មី​នេះ​ ​មាន​កន្លែង​ការ​ងារ​សម្រាប់​មន្ត្រី​ប្រមាណ​ ​៨ ៥០០​ ​នាក់​ និង​មាន​កន្លែង​ចត​យាន​យន្ត​ប្រមាណ​​​ ៣៣០ ​គ្រឿង​។

​លោក​ថ្លែង​ថា​៖ «​​តាម​គម្រោង​របស់​យើង ​គឺ​ប្រើ​រយៈ​ពេល​ពេល​ ២​ ឆ្នាំ​ដើម្បី​សាង​សង់ ​និង​ចំណាយ​ថវិកា​ ៦០​ លាន​ដុល្លារ​អា​មេរិក​ ជា​ថវិការ​​បស់​រដ្ឋ​ទាំង​អស់​»​។

លោក ​ខៀវ​ ​សុភ័គ​ បាន​ឱ្យ​ដឹង​ថា៖ «​ប្លង់​ស្ថាបត្យ​កម្ម​នៃ​អគារ​ទីស្តី​ការ​ថ្មី​នេះ ​ជា​ប្រភេទ​ស្ថាបត្យ​កម្ម​ ក្លាសិក​ រចនា​ប័ទ្ម​​ខ្មែរ​លំនាំ​តាម​ប្រាសាទ​អង្គ​រវត្ត​កំពូល ​៥ និង​បាន​គិត​គូរ​យ៉ាង​ហ្មត់​ចត់​អំពី​ពន្លឺ ​ខ្យល់​ធម្ម​ជាតិ ​ចេញ​ចូល​គ្រប់​គ្រាន់​ ប្រកប​ដោយ​ផា​សុខ​ភាព​ ស័ក្តិ​សម​ជា​ទី​កន្លែង​ធ្វើ​ការ​បែប​សម័យ​ទំនើប​ថ្មី​»។​

លោក​បាន​បញ្ជាក់​ថា ​ការសាងសង់​ចាប់​ផ្ដើម​ដំណើរ​ការ​ពីខែ​វិច្ឆិកា​ ឆ្នាំ​ ២០២១ ​ហើយនឹង​បញ្ចប់​ការ​សាង​សង់​នៅ​ខែ​សីហា​ ឆ្នាំ​ ២០២៣ ​ដែលទទួល​សិទ្ធិ​ម៉ៅ​ការ​សាង​សង់​ដោយ​ក្រុម​ហ៊ុន​ឈ្មោះ ​គីម ​ម៉ិច​ ខន​ស្ត្រាក់​សិន​ និង​អ៊ិន​វេស​មេន​៕