ពោធិ៍សាត់ៈ​ នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្តពោធិ៍​សាត់​នៅ​ថ្ងៃទី ១១ ​វិច្ឆិកា​ កំពុង​ស្រាវជ្រាវ​តាម​ចាប់​ជន​សង្ស័យ​ម្នាក់ ​ករណី​ប្លន់​សម្លាប់​នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​​ក្នុង​ស្រុក​វាល​វែង​ខេត្តពោធិ៍​សាត់ ​ខណៈ​សមត្ថកិច្ច​បានកំណត់អត្ត​សញ្ញាណ​ជន​ល្មើស​រួច​ហើយ​។

លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉ូ​ លីដា ស្នង​ការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តពោធិ៍​សាត់​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​ ១១ ​វិច្ឆិកា​ថា ​ការ​ស្លាប់​របស់​លោក ​សេង វិសាល អាយុ ៥២ ឆ្នាំ​ ជា​នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ (ប្រមោយ) ជា​ករណី​ឃាត​កម្ម​ប្លន់​សម្លាប់​យក​ទ្រព្យ​សម្បត្តិ។​ ចំណែក​ជន​សង្ស័យ​វិញ​ក៏​សមត្ថកិច្ច​កំណត់​អត្ត​សញ្ញាណ​បាន​ហើយ​ដែរ​ និង​កំពុង​តាម​ចាប់​ខ្លួន​។

លោក​ថ្លែង​ថា៖​ «យើង​កំណត់​ជា​ករណី​ឃាត​កម្ម​ប្លន់​សម្លាប់​ព្រោះ​បាត់​ម៉ូតូ ១​ គ្រឿង ទូរស័ព្ទ​ដៃ ៣ គ្រឿង និង​ចិញ្ចៀន​ពេជ្រ ១ វង់​ តម្លៃ​ ២ ពាន់​ដុល្លារ​»។

លោក ​ធាង ឡេង អធិការ​នគរ​បាល​ស្រុក​វាលវែង​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី ១១ ​វិច្ឆិកា​ថា ការដឹង​ព័ត៌មានពី​ការស្លាប់​នេះ ​គឺ​ដោយ​សារ​ពេលថ្ងៃ​នៃថ្ងៃទី​ ៩ និង​ទី ១០ វិ​ច្ឆិ​កា​ ភរិយា​ជនរង​គ្រោះ​បាន​ទូរស័ព្ទ​ទាក់ទង​ជនរងគ្រោះ​មិន​ចូល។លុះ​នៅ​ប្រហែល​ម៉ោង​យប់​ថ្ងៃទី ១០ វិច្ឆិកា​ ភរិយារបស់​ជនរង​គ្រោះ​បាន​ទៅ​តាម​ប្តី​ដល់​ទី​ស្នាក់ការ​ស្ថិតនៅ​ភូមិស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុកវាលវែង​ ទើប​ប្រទះឃើញ​ជនរង​គ្រោះ​ដេក​ស្លាប់​ដែល​មាន​ឈាម​ជោកខ្លួនក៏​រាយ​ការណ៍​ទៅ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​ប្រ​មោយ​ទាំង​យប់​។

លោក​បានបន្តថា ​ភ្លាមៗ​នោះកម្លាំង​នគរ​បាល​ឃុំ​ប្រមោយ​សហ​ការ​ជាមួយ​នគរ​បាល​ស្រុក​វាលវែង​រួម​នឹងមន្ត្រី​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ។ជា​លទ្ធផល​ធ្វើ​កោសល្យ​វិច័យ​បង្ហាញ​ថា​ជនរង​គ្រោះ​ត្រូវ​បាន​ជនល្មើស​កាប់​នឹង​កាំបិត​ផ្គាក់ ឬអារក ព្រោះ​មាន​ស្នាម​ដាច់​សាច់​ជុំវិញ​ក។ រីឯ​កាំបិត​ផ្គាក់​ជា​មធ្យោ​បាយ​សម្លាប់​ក៏ត្រូវ​ជនដៃ​ដល់​ទុក​នៅ​កន្លែង​កើត​ហេតុ​ដែរ។

លោក​បន្តថា៖ «តាម​មន្ត្រី​កោសល្យ​វិច័យ​ពិនិត្យ​សាក​សព​ព្រឹក​មិញ​នេះ (ថ្ងៃទី ១១​ វិច្ឆិកា) សន្និដ្ឋាន​ថា ​សាក​សព​ស្លាប់​លើស​ពី​ ៣៦​ ម៉ោង​ហើយ»​។

លោក ធាង ​ឡេង​ បាន​ប្រាប់​ដោយ​យោង​តាម​សម្តី​របស់​ភរិយា​ជន​រងគ្រោះ​ថា ​ប្តី​របស់​គាត់​បាន​យក​មនុស្ស​ប្រុស​ម្នាក់​ដែល​មិនមែន​ជា​សាច់​ញាតិ​ទេឱ្យ​នៅជា​មួយ​នៅ​ស្នាក់​ការ​សង្កាត់រ​ដ្ឋបាល​ព្រៃឈើ​ ហើយ​ក្រោយ​កើត​ហេតុ​បុរស​ម្នាក់​នោះ​ក៏បាន​បាត់​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ដែរ។​ ហេតុ​ដូច្នេះ​សមត្ថ​កិច្ច​បាន​ដាក់​ការសង្ស័យ​ថា ​អ្នក​ដែល​សម្លាប់​ជនរង​គ្រោះ​មាន​តែ​ជន​ម្នាក់​នោះ​ទេ​៕

វីដេអូ៖