ព្រះសីហនុៈ​ អាជ្ញាធរខេត្ត​ព្រះសីហនុ​ កំពុង​រៀបចំ​ក្រុមការងារ​ចម្រុះ​ ដើម្បី​ចុះទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​រោង​ម៉ាស៊ីន រោង​សន្និធិ និង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន ២២ ទីតាំង​ ដែល​នៅក្នុង​និង​ក្បែរ​តំបន់ការពារធម្មជាតិ ​នៃ​ក្រុង​ស្រុក​ទាំង ៣ ក្នុង​ខេត្ត​ព្រះសីហនុ។

លោក ឡុង ឌី​ម៉​ង់​ អភិបាលរង​ខេត្ត​ព្រះសីហនុ ថ្លែង​នៅ​ថ្ងៃទី ១១ វិច្ឆិកា​ថា ក្រុមការងារ​ចម្រុះ​ក្នុង​ការចុះ​ប្រតិបត្តិ​ការពិនិត្យ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​នេះ មាន​រដ្ឋបាលខេត្ត​ព្រះសីហនុ រដ្ឋបាល​ស្រុក និង​ក្រុ​ងទាំង ៣ មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម ព្រម​ទាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ។ ក្រុមការងារ​នេះ ​នឹង​ចុះទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង​ម្តងមួយៗ យ៉ាងយូរ​ក្រោយ​រយៈពេល ២ សប្តាហ៍​ទៀត។

រោង​ម៉ាស៊ីន រោង​សន្និធិ និង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ ទាំង ២២ ទីតាំង​នោះ​ គឺ​សុទ្ធតែ​ស្ថិតនៅក្នុង និង​ក្បែរ​តំបន់​អភិរក្ស ហេតុនេះ​ការចុះទៅ​ពិនិត្យ ​គឺ​ដើម្បី​កំណត់ថា ទីតាំង​ណា​មានច្បាប់ ទីតាំង​ណា​អត់​ច្បាប់។ ចំពោះ​ទី​ទាំង​ដែល​អត់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ​គឺ​ត្រូវតែ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ និង​សុំ​គោលការណ៍​ដើម្បី​បិទ​ទីតាំង​តែម្តង ។

លោក ​ឡុង ឌី​ម៉​ង់ ប្រាប់ថា កាលពី​ថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ ២០២១ រូបលោក និងអភិបាលរង​ខេត្ត​ម្នាក់ទៀត​បាន ដឹកនាំ​កិច្ច​ប្រជុំ​​ពិភាក្សា​ពិនិត្យ និង​ត្រៀម​ចុះ​បញ្ឈប់​ទីតាំង​រោង​ម៉ាស៊ីន រោង​សន្និធិ និង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ក្នុងនិង​ក្បែរ​តំបន់ការពារធម្មជាតិ​ក្នុង​ក្រុង​ស្រុក​ទាំង ៣ នៃ​ខេត្ត​ព្រះសីហនុ ក្រោយ​ទទួល​ព័ត៌មាន​ថា មាន​រោង​សិប្បកម្ម​ខ្លះ មិន​សហការ​បង្ហាញ​លិខិតអនុញ្ញាត​នៅពេល​មន្ត្រី​ជំនាញ​បរិស្ថាន​ ចុះទៅពិនិត្យ​ក្នុងពេល​កន្លងទៅ។

លោក​ថ្លែងថា៖ «យើង​ប្រជុំគ្នា​ ដើម្បី​ត្រួត​ពិនិត្យថា កន្លែង​ណា​ មាន​កន្លែង​ណា​អត់​មានច្បាប់។ អ៊ីចឹង​ទេ​បានជា​ម្សិលមិញ ​(១០ វិច្ឆិកា) ​យើង​បានកំណត់​គ្នា​បង្កើត​ក្រុមការងារ​រដ្ឋបាល​ឯកភាព​មួយ​ ដើម្បី​ចុះ​ពិនិត្យ ២២ ទីតាំង​នោះ​ឡើងវិញ តែ​លើក​នេះ ​គឺមាន​ការណែនាំ​ពី​ខាង​រដ្ឋបាលខេត្ត បាន​ន័យ​ថា លើក​នេះ​ចម្រុះ​មិនមែន​ដូច​លើក​មុន​ទេ» ។

ទីតាំង​ណា​មានច្បាប់​ត្រឹមត្រូវ និង​សិប្បកម្ម​ខ្លះ​ជា​សិប្បកម្ម​កែច្នៃ​ឈើ ជា​លក្ខណៈ​គ្រួសារ ជា​លក្ខណៈ​សហគមន៍ នោះ​គឺ​មិន​មាន​បញ្ហា​អ្វី​ទេ ឱ្យ​តែមាន​ក្រដាស​ស្នាម​ត្រឹមត្រូវ ឬ​មាន​អាជ្ញា​បណ្ណ​ពី​ស្ថាប័ន​ជំនាញ ។

លោក​ថ្លែងថា៖ «យើង​និង​ពិនិត្យ​មើល​​ជាក់ស្តែង​ថា​ តើ​ប្រភេទ​ឈើ​យ៉ាងម៉េច ហើយ​យើង​នឹង​អប់រំ​ណែនាំ​គាត់​ឱ្យ​បិទ​ទីតាំង និង​មិនត្រូវ​ឱ្យ​ធ្វើ​ទៀត។ ក៏ប៉ុន្តែ​អាស្រ័យទៅលើ​កន្លែង​ខ្លះ​ដែរ បើសិន​ជាការ​ល្មើស​ខ្លាំង ធ្ងន់ធ្ងរ​ ខ្ញុំ​មិនទាន់​ហ៊ាន​ថា មាន​ទោស​ទណ្ឌ​យ៉ាងណាទេ សំខាន់​ពិនិត្យមើល​ឯកសារ​ឱ្យ​បាន​គ្រប់​អស់​សិន»។

លោក ឡុង ឌី​ម៉​ង់ បញ្ជាក់ថា ការបង្កើត​ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ គឺ​ដើម្បី​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​ឱ្យនៅ​គង់វង្ស និង​មាន​និរន្តរភាព​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន។

លោក​ថ្លែងថា៖ «ខ្ញុំ​នឹង​ប្រឹង​ធ្វើ​​ការ​លុបបំបាត់​ភាព​អសកម្ម ឬក៏​ខុសច្បាប់​ទាំងអស់​ហ្នឹង​ឡើងវិញ​ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​របស់​យើង ឱ្យ​បាន​ត្រឹមត្រូវ»។

លោក វ៉ាន់ លី មន្ត្រី​អង្គការ​លីកាដូ​ ប្រចាំខេត្ត​ព្រះសីហនុ ថ្លែង​នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា​ថា ការដែល​រដ្ឋបាលខេត្ត​លើកយក​វិធាន​ការ​ដើម្បី​ចុះ​ពិនិត្យ​ទីតាំង​កែច្នៃ​ឈើ​ខុសច្បាប់​នោះ គឺជា​រឿង​ល្អ ដើម្បី​ទប់ស្កាត់​ការកាប់​ដើមឈើ​យកមក​ធ្វើការ​កែច្នៃ ខណៈ​​កន្លងមក ​មិនមាន​ការចុះ​ហាមឃាត់​នោះទេ ។

លោក​ថ្លែងថា៖ «វា​ជា​រឿង​ល្អ ដែល​ជួយ​រក្សា​ព្រៃឈើ​ ឱ្យ​បាន​នៅ​គង​វង់​ ប៉ុន្តែ​មួយទៀត ​ទាក់ទង​ការគ្រប់គ្រង មានន័យថា​ទាក់ទង​និង​តំបន់​ព្រៃឈើ ​តំបន់​ដែលជា​សមត្ថកិច្ច​របស់​មន្ត្រី​ជំនាញហ្នឹង​ គាត់​គួរតែមាន​ការបង្កើន​នូវ​ការដើរ​ល្បាត ឬក៏​មាន​វិធានការ​ ទៅលើ​ជនខិលខូច អ្នក​លួច​កាប់​ព្រៃឈើ បន្ថែមទៀត​ ដើម្បី​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព»៕