ភ្នំពេញៈ ក្រសួង​ការ​បរទេស​និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិកម្ពុជា​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​សៀវ​ភៅ​សិក្សា​ស្រាវ​ជ្រាវ​គាំទ្រ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-​អឺរ៉ុប​លើក​ទី១៣​ សម្រាប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ប្រើ​ប្រាស់​ជា​ប្រយោជន៍។​ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​វិទ្យា​ស្ថាន​ជាតិ​ការ​ទូត​និង​ទំនាក់​ទំនង​អន្ត​រជាតិ​នៅ​ថ្ងៃទី ១១​ ខែ វិច្ឆិកា ​ឆ្នាំ ២០២១​។

លោក​ ប្រាក់ ​សុខុន ឧបនា​យករដ្ឋ​មន្ត្រី​រដ្ឋមន្ត្រី​ការ​បរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិនៃ​កម្ពុជា​ថ្លែង​ថា ពិធី​ផ្សព្វ​ផ្សាយ​សៀវ​ភៅ​សិក្សា​ស្រាវ​ជ្រាវ​គាំទ្រ​កិច្ចប្រជុំ​កពូ​ល ASEM13 ធ្វើ​ឡើង​ក្រោម​ចំណង​ជើង​ថា «កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី១៣៖​ កិច្ចសហ​ប្រតិ​បត្តិការ​ពហុ​ភាគី​និយម​ ដើម្បី​អនាគត​ដែល​មាន​ភាព​ធន់​ មាន​ចីរភាព​និង​ផ្អែកលើ​ច្បាប់​សម្រាប់ ASEM»។

លោក​ថា​ សៀវភៅ​នេះ គឺជា​ការបោះ​ពុ​ម្ពផ្សាយ​រួមគ្នារ​វាង​រាជរដ្ឋាភិ​បាល​កម្ពុជា ​និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន​និង​អាស៊ី​បូព៌ា (ERIA) ដោយ​ទទួល​បានការ​សាទរ​យ៉ាង​ខ្លាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា។ ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​នេះ​គោល​បំណង​បង្ហាញ​នូវ​ម​ហិ​ច្ឆតា​របស់ ASEM ក្នុងការ​ត្រួសត្រាយ​ផ្លូវ​របស់​ស្ថាប័ន​មួយ​នេះតាម​រយៈ​កាលានុវត្តភាព​ និង​បញ្ហា​ប្រឈម​ទូទៅ​នានា​នៅក្នុង​ពិភព​លោកដែល​កំពុង​មាន​ការប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​នា​ពេល​បច្ចុប្បន្នសំដៅ​សម្រេច​បាន​អនា​គត​មួយ​ប្រកប​ដោយ​បរិ​យា​ប័ន្ន ចីរភាព​ភាព​ធន់ និង​ផ្អែក​លើ​វិធាន​ច្បាប់​សម្រាប់ ASEM។

លោក ​ប្រាក់​ សុខុន បាន​លើក​ឡើង​ទៀត​ថា សៀវ​ភៅ​នេះ​ក៏បាន​គូស​បញ្ជាក់​ជា​ចម្បង​លើ​មាគ៌ា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ពហុ​ភាគី​និយមសម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​អា​ស៊ី​អឺរ៉ុ​បឲ្យ​បាន​កាន់​តែ​ប្រសើរ ​និង​រឹងមាំ​ថែម​ទៀត។ សៀវ​ភៅ​នេះ​បានរួម​ប​ញ្ចូល​នូវ​ការគិត​ដ៏​​ហ្មត់​ចត់​តាមរ​យៈ​អត្ថបទ​នានា​ដែល​ផ្តោត​លើ​ទិដ្ឋភាព​សំខាន់ៗ​ដោយ​រាប់​ចាប់​តាំងពី​ការ​តភ្ជាប់​ផ្នែក​នយោ​បាយ​ និង​រូប​វ័ន្តកិច្ច​សហ​ប្រតិ​បត្តិការ​សេដ្ឋកិច្ច​ និង​ហិរញ្ញវ​ត្ថុ ការ​តភ្ជាប់​រវាង​ស្ថាប័ន​ និង​ប្រជា​ជនរហូតដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។

លោក​ថ្លែងថា៖ «ខ្ញុំ​ជឿ​​ជា​ក់ថា ការបោះ​ពុ​ម្ពផ្សាយ​សៀវភៅ​នេះនឹង​ក្លាយជា​សមិទ្ធផល​មួយ​ក្នុង​ចំណោម​សមិទ្ធផល​សំខាន់​ជាច្រើន​ទៀត​នៃ​កិច្ចប្រជុំ​កំពូល ASEM13 ពោលគឺ​ការបោះពុម្ព​ផ្សាយ​នេះ​អាច​ផ្តល់​នូវ​ធាតុ​ចូល​ដ៏​មាន​តម្លៃ​ជាច្រើន​សម្រាប់​ដៃគូ ASEM និង​ភាគី​ពាក់ព័ន្ធ​នានា ធ្វើការ​រួមគ្នា​យ៉ាង​មាន​ប្រសិទ្ធ​ភាព ដើម្បី​ប្រែក្លាយ ASEM ទៅជា​សហគមន៍​មួយ​ប្រកប​ដោយ​ថា​ម​វន្ត​មាន​ភាព​ធន់​និង​ចីរភាព​សម្រាប់​ប្រជាជន​ក្នុង​តំបន់​អាស៊ីនិង​អឺរ៉ុបក្នុង​រយៈ ២៥ ឆ្នាំ​ខាង​មុខ​នេះ និង​ទៅ​អនាគត»​។

លោក ​ប្រាក់ សុខុន​ បាន​ឲ្យ​ដឹង​ថា រយៈពេល ​២៥ ឆ្នាំ កន្លង​មកនេះ ASEM បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ស្ថាន​ប័ន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ ​និង​បាន​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ស្មុគ​ស្មាញ​នានា​នៅក្នុង​តំបន់​និងសកល​ដែល​ទាម​ទារ​ឱ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជិត​ស្និទ្ធ រវាង​បណ្តា​ប្រទេស​នៃ​ទ្វីប​ទាំង ​២​។

បើតាម​លោក​ ប្រាក់​ សុខុន​ ទោះជា​យ៉ាង​ណាក៏​ដោយ​ ASEM មិន​ធ្លាប់​ជួប​ប្រទះ​ក្នុងការ​ដោះ​ស្រាយ​វិបត្តិ​សង្គម​ សេដ្ឋកិច្ច​ និង​សុខ​ភាព​ដ៏​ធ្នន់​ធ្ងរ​មិន​ធ្លាប់​មាន​ក្នុង​កម្រិត​ពិភព​លោក​ដូច​បច្ចុប្បន្ន​នេះ​ទេ។ជំងឺ​រាត​ត្បាត​កូ​វីដ ១៩​ បង្ហាញ​ឲ្យ​ឃើញ​ថា ប្រ​ធាន​បទ​នៃ​កិច្ច​ប្រជុំ​កំពូល​ ASEM13​ គឺ «ការ​ពង្រឹង​ពហុ​ភាគី​និយម​សម្រាប់​កំណើន​រួម» ពិត​ជាមាន​សារៈ​សំខាន់​ជាងពេល​ណាៗ​ទាំង​អស់ ។

លោក​ថ្លែងថា៖ «ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ ១៩​ បាន​ជ្រាបចូល​គ្រប់​ផ្នែក​ទាំង​អស់នៃ​សង្គម​របស់​យើង​ហើយ​ការ​ស្តារ​ឡើង​វិញ ពី​ជំងឺ​នេះគឺជា​ដំណើរ​ដ៏​វែង​ឆ្ងាយ ​និង​លំបាក​យ៉ាង​ពិត​ប្រាកដ។អនាគត​មិនមាន​ភាព​ប្រាកដ​ប្រជា​ឡើយហើយ​សៀវភៅ​នេះ បាន​គូស​បញ្ជាក់​ពី​សកម្ម​ភាព​រួមគ្នា​លើក​កម្ពស់​ពហុភាគី​និ​យតាម​រយៈមធ្យោ​បាយ​កាន់​តែមាន​ប្រសិទ្ធ​ភាព​ជាង​មុន​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ស្តារ​ឡើង​វិញ​ក្រោយ​ជំងឺ​រាត​ត្បាត​នេះ»​ ។

ឧបនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ ការធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​កំពូល ASEM13 ក្នុង​អំឡុង​ពេល​នៃ​ជំងឺ​រាតត្បាត​នេះ គឺ​ជា​ឱកាស​ពិសេស​សម្រាប់​កម្ពុជា ​ដើម្បី​លើក​កម្ពស់​កិច្ច​ប្រជុំ​កំពូល​នេះឲ្យ​ក្លាយ​ជា​វេទិកា​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​ ASEM ​ទាំង​អស់ដោះ​ស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​តំបន់​ និង​សកល​ជាអាទិ៍​សុខភាព សាធា​រណៈការប្រែ​ប្រួល​អាកាស​ធាតុ កំណែ​ទម្រង់​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក ​(WTO) បញ្ហា​ការងារ​របស់​យុវជន​និង​យេនឌ័រ​ជាដើម​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​។

លោក​ថា​ ការ​សង្កត់​ធ្ងន់​លើការ​តភ្ជាប់​រវាង​ទ្វីប​អាស៊ីនិង​អឺរ៉ុប​តែងតែ​ជា​វិស័យ​អាទិភាព​មួយរបស់ A​SEM។ ដូ​ច្នេះ​នេះ ​គឺជា​ពេលវេ​លា​ដែល​ត្រូវ​ប្រែ​ក្លាយ​ការ​ប្តេជ្ញា​ចិត្ត​ទាំង​នេះ​ទៅជា​សកម្ម​ភាព​ជាក់​ស្តែង។ ជា​ចុង​ក្រោយ​ទ្វីប​ទាំង២​ចាំបាច់​ត្រូវ​ផ្តោត​លើ​អភិ​ក្រម​រួម​មួយ​ដើម្បី​​ឲ្យ​កា​រតភ្ជាប់​អាស៊ី អឺរ៉ុប​ក្លាយ​ជា​ស្ពាន​ត​ភ្ជាប់​ទ្វីប​ទាំង ២ ​លើ​គ្រប់​វិស័យ​ទាំង​អស់​៕