ភ្នំពេញៈ រដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ ស្តីពី​ការបើកបរ​ដោយ​សុវត្ថិភាព​លើក​ទី​ ៥ ឆ្នាំ​ ២០២១ ដើម្បី​ផ្សព្វផ្សាយ និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ខណៈ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ជា​មូលហេតុ​នាំមុខគេ​នៃ​ការស្លាប់ និង​របួស​នៅក្នុង​ប្រទេស​កម្ពុជា​។

យុទ្ធនាការ​នេះ​បង្កើតឡើង​ដោយ​មាន​ការចូលរួម​ពី​ក្រសួង​អប់រំ យុវជន​ និង​កីឡា ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​អង្គការ SIPAR និង​បណ្តា​វិស័យ​ឯកជន​ជាច្រើន​ទៀត​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ស្ថាប័ន​ទាំងនេះ​ឲ្យ​ដឹងថា យុទ្ធនាការ​នេះ​មាន​រយៈពេល​ ៥ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១០ ដល់​ថ្ងៃទី​ ១២ វិច្ឆិកា និង​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ១៦ វិច្ឆិកា ឆ្នាំ​ ២០២១ នៅ​ភ្នំពេញ និង​ធ្វើឡើង​នៅតាម​បណ្តា​ស្ថាប័ន​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ ក្រសួង​សាធារណការ និង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។

សេចក្តីប្រកាស​រួម​បញ្ជាក់ថា​៖ «​យុទ្ធនាការ​នេះ​មាន​ឈ្មោះថា​ “​បើកបរ​ដោយ​សុវត្ថិភាព​” ផ្តោតលើ​ការគោរព​ច្បាប់​ចរាចរណ៍​ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្រោម​ពាក្យស្លោក​“ ​មួកសុវត្ថិភាព​មួយ ជីវិត​មួយ​»​។

តាមរយៈ​យុទ្ធនាការ​នេះ ក្រុមហ៊ុន​តូតាល់​កម្ពុជា និង​ដៃគូ​នានា​នឹង​ចូលរួម​ចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការធានា​សុវត្ថិភាព​ផ្លូវថ្នល់ តាមរយៈ​ការជំរុញ​ឱ្យ​អ្នកប្រើប្រាស់​យានជំនិះ​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍​។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «​យុទ្ធនាការ​បើកបរ​ដោយ​សុវត្ថិភាព​នេះ​គឺធ្វើឡើង​ដើម្បី​ដាស់តឿន​ដល់​អ្នកបើកបរ​ និង​អ្នកបើកបរ​ថា ការគោរព​ច្បាប់​ចរាចរណ៍​នឹង​ជួយ​សន្សំសំចៃ​ដល់​ពួកគេ ខណៈ​ការបំពាន​អាច​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​»​។

អង្គការ SIPAR បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​មូលហេតុ​នាំមុខគេ នៃ​ការស្លាប់ និង​របួស​នៅក្នុង​ប្រទេស​កម្ពុជា​ ខណៈ​គិត​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១ ៨៨៨ ករណី ក្នុងនោះ ១ ០៥៨ នាក់​បាន​ស្លាប់​។

«​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ នៅតែមាន​ឥទ្ធិពល បញ្ហា​ចរាចរណ៍​របស់​កម្ពុជា គឺជា​បន្ទុក​បន្ថែម​សម្រាប់​ប្រទេសជាតិ​។ ចាប់តាំងពី​ឆ្នាំ​ ២០២០ មក គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាននិង​កំពុង​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​»​។

អង្គការ​នេះ​រំពឹងថា យុទ្ធនាការ​នេះ​នឹងចូលរួម​លើកកម្ពស់​ការយល់ដឹង និង​ការប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ក្នុង​អំឡុងពេល​ និង​ក្រោយ​ជំងឺ​កូវីដ​ ១៩ ខណៈ​យុទ្ធនាការ​បើកបរ​ប្រកបដោយ​សុវត្ថិភាព​លើក​ទី​ ៥ របស់​បណ្តា​ដៃគូ​នានា​នឹង​រៀបចំ​សកម្មភាព​ផ្សេងៗ​ពេញ​ ១ ​សប្តាហ៍​។

សូមជម្រាបថា ជាមួយនឹង​យុទ្ធនាការ​នេះ បណ្តា​ដៃគូរ​នានា​បាន​អនុវត្ត​សកម្មភាព​ជាច្រើន​តាមរយៈ​ព្រឹត្តិការណ៍​នានា​តាម​គោលដៅ​ និង​តាមរយៈ​អនឡាញ ខណៈ​សកម្មភាព​ចូលរួម​មាន​ជា​កម្រង​សំណួរ និង​ការលេង​ហ្គេម​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​ស្តីពី​ចរាចរណ៍​ផ្លូវគោក​របស់​កម្ពុជា​។

លោក​ សុខ ទិវ័ន្ត អ្នកបើកបរ​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ថ្លែងថា ការបង្កើត​ព្រឹត្តិការណ៍​ទាំងនេះ​គឺ​បាន​ចូលរួម​ឱ្យ​ពលរដ្ឋ​កាន់តែ​មាន​ការចង់ដឹង​ចង់ឮ​បន្ថែមទៀត​អំពី​ច្បាប់ ដែល​ពួកគេ​មិនទាន់​​មានការ​យល់ដឹង​។ លោក​ចង់ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​បង្កើត​យុទ្ធនាការ និង​កម្មវិធី​បែបនេះ​ឱ្យបាន​ធំ​ទូលាយ​ជាង​នេះ ដើម្បី​ងាយស្រួល​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម និង​ទទួលបាន​ចំណេះដឹង​ស្តីពី​ច្បាប់​ចរចារណ៍​គ្រប់​ទីកន្លែង​។

លោក​ថា​៖ «​ពេល​ខ្ញុំ​ចូលរួម​ឆ្លើយ​សំណួរ​នេះ ពេល​ខ្ញុំ​មិនដឹង​កន្លែង​ណា វា​ធ្វើឱ្យ​ខ្ញុំ​កាន់តែ​ចង់ដឹង ពី​ច្បាប់​ហ្នឹង​បន្ថែមទៀត​ដូច​អ្នកបើកបរ​ខ្លះ​គាត់​ស្គាល់​ស្លាក​សញ្ញា​តិច​ទេ គាត់​អាច​ស្គាល់​មិន​អស់ ពេល​មាន​យុទ្ធនាការ​បែបនេះ​ធ្វើឱ្យ​គាត់​ចង់ដឹង​បន្ថែម​»៕