ភ្នំពេញៈ ប្រទេស​កម្ពុជា​ប្រឈម​នឹង​ភាពងាយ​រងគ្រោះ​ខ្លាំង​ពាក់ព័ន្ធ​នឹង​គ្រោះមហន្តរាយ​ដោយ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤ នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដែល​ស្ថិតនៅក្នុង​ប្រភេទ​មាន​ហានិភ័យ​ខ្ពស់​បំផុត និង​ទី​១៥ ​នៅ​ទូទាំង​ពិភពលោក​។ យោងតាម​សេចក្ដី​ថ្លែងការណ៍​រួមការ​ប្រែប្រួល​អាកាសធាតុ​នៅក្នុង​សន្និសីទ​ភាគី​ចូលរួម​អនុសញ្ញា​ក្របខ័ណ្ឌ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​ ២៦​។

សេចក្ដី​ថ្លែងការណ៍​រួម​នេះ​បានឱ្យ​ដឹងថា​៖ «​ទឹកជំនន់ គ្រោះរាំងស្ងួត និង​ខ្យល់ព្យុះ សុទ្ធតែជា​មូលហេតុ​ចម្បង​នៃ​គ្រោះមហន្តរាយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ទឹកជំនន់​បង្កឡើង​ដោយ​ព្យុះ និង​ភ្លៀង​ធ្លាក់​ខ្លាំង​គឺជា​ទម្រង់​គ្រោះមហន្តរាយ​ទូទៅ​បំផុត​ដែល​ប្រទេស​នេះ​ជួបប្រទះ​ជាប្រចាំ​ពោលគឺ ៦៥ ​ភាគរយ​នៃ​គ្រោះមហន្តរាយ​ដែល​ប៉ះពាល់​ដល់​ប្រទេសជាតិ​»​។

សេចក្ដី​ថ្លែងការណ៍​រួម​នេះ​បង្ហាញ​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ ទឹកជំនន់ បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាង​ ១ ​សែន​ ៧ ​ម៉ឺន​ ៥ ​ពាន់​គ្រួសារ នៅ​ទូទាំង ១៤ ​ខេត្ត ដែល​តំបន់​ទាំងនោះ​ត្រូវការ​នូវ​ជំនួយ​ស្បៀងអាហារ​។

សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​ធ្វើ​សកម្មភាព​រួម​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​នៃ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​រួមគ្នា ដើម្បី​ពង្រឹង​ភាពធន់​នឹង​គ្រោះមហន្តរាយ​នៅ​កម្ពុជា​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១១ វិច្ឆិកា​ថា​៖ «​យើង​បាន​សង្កេត​យ៉ាង​ដិតដល់​ទៅលើ​បញ្ហា​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ផលប៉ះពាល់​របស់​វា​ទៅលើ​សហគមន៍ ដែល​ងាយ​រងគ្រោះ​បំផុត រួមមាន​គ្រួសារ​ក្រីក្រ អ្នកមាន​ពិការភាព ជនជាតិដើម​ភាគតិច និង​កុមារ​។

យើង​ទទួលស្គាល់​ថា បច្ចុប្បន្នភាព​ការចូលរួម​ចំណែក​ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​» របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​តម្រូវការ​របស់ខ្លួន សម្រាប់​ទសវត្សរ៍​ក្រោយ​ ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​នៃ​សង្គម ដែល​មាន​ភាពធន់ និង​កាបូន​ទាប​»​។

ក្រៅពី​បង្ហាញ​ក្តី​ខ្វល់ខ្វាយ​ក្រុម​ធ្វើ​សកម្មភាព​រួម​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ទាំងនោះ​ក៏​ស្នើឱ្យ​រដ្ឋាភិបាល​ធានាបាន​នូវ​ការ​កៀរគរ​ធនធាន ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​និរន្តរភាព និង​ការរក្សា​គណនេយ្យភាព ដោយ​ការបែងចែក​មូលនិធិ សម្រាប់​ទូទាត់​ការខូចខាត និង​សំណង ការពង្រឹង​គំរូ​អាជីវកម្ម​ប្រកបដោយ​ក្រមសីលធម៌ ដែល​ផ្តោតលើ​ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ ព្រមទាំង​គាំទ្រ​ទៅលើ​ការសិក្សា​ដែល​ផ្អែកលើ​ភ័ស្តុតាង ស្តីពី​ផលប៉ះពាល់​អាកាសធាតុ​នៅក្នុង​ប្រទេស​ផងដែរ​។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​រួម​។

លោក រស់ ចាន់បូរិទ្ធិ តំណាង​អង្គការ Save the Children ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា​ក្រៅពីនេះ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​ត្រូវ​ធានាថា គោលនយោបាយ​សកល​ត្រូវ​បាន​ផ្តោតលើ​សហគមន៍ រួមទាំង​រង្វាន់​ឥណទាន​កាបូន សម្រាប់​ការអភិរក្ស​ព្រៃឈើ និង​ការដាំ​ដើមឈើ​ឡើងវិញ ដោយ​គិតគូរ​ដល់​ជីវភាព​រស់នៅ​របស់​សហគមន៍ និង​ហានិភ័យ​ដែល​ប្រឈម​នឹង​វិបត្តិ​អាកាសធាតុ ក៏ដូចជា​ការលើកកម្ពស់​បច្ចេកវិទ្យា ដែលមាន​តម្លៃ​ទាប និង​អាច​ប្រើប្រាស់​បាន ដើម្បី​កាត់បន្ថយ​វិបត្តិ​អាកាសធាតុ​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​អះអាងថា ក្នុងនាម​តំណាងឱ្យ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​យ៉ាងច្បាស់​ហើយ​ថា កម្ពុជា​មិន​បោះបង់​ការទទួល​ខុសត្រូវ​រួម​របស់ខ្លួន​ចំពោះ​សកម្មភាព​អាកាសធាតុ​ទេ​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​ ២៦ ​នៃ​បណ្តាភាគី​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP26) នៅ​ទីក្រុង​ក្លាសហ្គោ ចក្រភព​អង់គ្លេស​កាលពី​ព្រឹក​ថ្ងៃទី​ ១០ ខែវិច្ឆិកា លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ថ្លែងថា​៖ «​ការប្រែប្រួល​អាកាសធាតុ​ក៏ដូចជា​ជំងឺ​រាតត្បាត​សកល​ផងដែរ​មិន​បញ្ឈប់​ត្រឹម​ព្រំដែន​របស់​យើង​ទេ ហើយ​វត្តមាន​របស់​យើង​នៅ​ទីនេះ​ជា​សញ្ញា​ដែល​ធានាថា​ក្នុង​នាម​ជា​មេដឹកនាំ​ពិភពលោក យើង​មិន​បោះបង់​ការទទួល​ខុសត្រូវ​រួម​របស់​យើង​ចំពោះ​សកម្មភាព​អាកាសធាតុ​ទេ​»៕

វីដេអូ៖