ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ព្រមាន​ដល់​ម្ចាស់​កាស៊ីណូ​មួយ​ឈ្មោះថា វ៉ាន់ឆាវ ករណី​យក​កាកសំណល់​ផ្ទះបាយ​ជាច្រើន​មក​ដាក់​លើ​ចំណីផ្លូវ​ខុស​ពេលវេលា​បញ្ចេញ​សំរាម​របស់​ក្រុមហ៊ុន​សំរាម​ KSWM ធ្វើឱ្យ​ប៉ះពាល់​សោភណភាព សណ្តាប់ធ្នាប់ និង​បាន​បង្កឱ្យមាន​ខ្លាញ់​ហៀរហូរ​ប្រឡាក់​ពេញ​លើ​ការ៉ូឡា​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១១ ខែវិច្ឆិកា​ថា ករណីនេះ​ត្រូវបាន​ក្រុមការងារ​ចម្រុះ​ខេត្ត​ចុះទៅ​ត្រួតពិនិត្យ​នៅ​កាស៊ីណូ​នេះ​ពីថ្ងៃ​ទី​ ១០ ​ខែ​វិច្ឆិកា ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​លេខ​ ១០០ (​វិថី​ឯករាជ្យ​) ​ភូមិ​ ៤ សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ ហើយ​​បាន​រកឃើញ​មាន​ការបញ្ចេញ​សំរាម​ និង​សំណល់​ផ្ទះបាយ​ខុសពេល ដែល​ផ្ទុយ​ពី​ការណែនាំ​របស់​អាជ្ញាធរ​ និង​ក្រុមហ៊ុន​ប្រមូល​សំរាម KSWM​។

លោក​បន្តថា អ្នក​ទទួលខុស​​ត្រូវ​កាស៊ីណូ​នេះ​មិនបាន​វេចខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ទេ បណ្តាលឱ្យ​ហៀរ​ទឹក​ប្រឡាក់​ពេញ​ផ្លូវ​ថ្មើរជើង​ (​កម្រាល​ថ្ម​ក្រានីត​) ​ប៉ះពាល់​ដល់​ការធ្វើ​ដំណើរ​របស់​ពលរដ្ឋ សណ្តាប់ធ្នាប់​សាធារណៈ បរិស្ថាន និង​សោភណភាព​ទីក្រុង​ជាខ្លាំង​។

លោក​បានឱ្យដឹង​ដែរ​ថា ករណី​​នេះ ក្រុមការងារ​ចម្រុះ​បាន​​ណែនាំ​ដល់​ម្ចាស់​កាស៊ីណូ​ឱ្យ​ប្រមូល​កាកសំណល់​ទាំងនោះ​ទៅ​ទុកដាក់​ និង​វេចខ្ចប់​ឱ្យបាន​ត្រឹមត្រូវ ហើយ​បាន​តម្រូវឱ្យ​លាង​សម្អាត​កម្រាល​ថ្ម​ក្រានីត​ឱ្យ​ស្អាត​ឡើងវិញ ព្រមទាំង​បាន​​អប់រំ​ឱ្យ​បញ្ចេញ​សំរាម​ទៅតាម​ម៉ោង​ដែល​អាជ្ញាធរ​ និង​ក្រុមហ៊ុន​ប្រមូល​សំរាម​បានកំណត់​។

លោក​បញ្ជាក់ថា​៖ «​ករណី​ម្ចាស់កាស៊ីណូ​ខាងលើ​មិន​ព្រមធ្វើ​​តាម​ការណែនាំ នោះ​ក្រុមការងារ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល ព្រមទាំង​ធ្វើការ​ផាកពិន័យ​ដោយ​គ្មាន​ការលើកលែង​ឡើយ​»​។

បើតាម​លោក ឃាង ភារម្យ ទាំង​អ្នក​បញ្ចេញ​សំរាម​ខុសពេល​ និង​ក្រុមហ៊ុន​ដែល​មិន​ទៅ​ប្រមូល​សំរាម​តាម​ការកំណត់​គឺ​ត្រូវ​រង​នូវ​ការពិន័យ​ដូចគ្នា​ទៅតាម​អនុក្រឹត្យ​លេខ​ ១១៣ ​ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​នៅក្នុង​ទីប្រជុំជន​។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ​ប្រចាំខេត្ត​ព្រះសីហនុ​បានឱ្យ​ដឹងថា បច្ចុប្បន្ននេះ ការទុកដាក់​សំរាម​ និង​ការដឹកជញ្ជូន​សំរាម​នៅ​ក្រុងព្រះសីហនុ​មាន​ភាពប្រសើរ​ជាង​មុន ប៉ុន្តែ​ទាំង​អាជ្ញាធរ​ទាំង​ក្រុមហ៊ុន​ និង​ពលរដ្ឋ​​ត្រូវខិតខំ​ធ្វើឱ្យ​ល្អ​បន្ថែមទៀត ព្រោះ​សេវា​សំរាម គឺជា​បរិស្ថាន និង​សោភណភាព​។

លោក​បន្តថា ប្រសិនបើ​ទុក​សំរាម​ឱ្យ​កាន់តែ​យូរ​ដោយ​មិនមាន​ការយក​ចេញ​វា​នឹង​ធ្វើឱ្យ​​ប៉ះពាល់​សុខភាព​ពលរដ្ឋ ក៏​ដូច​ភ្ញៀវទេសចរ​ទូទៅ​ដែល​មក​កម្សាន្ត​​នៅ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​​ និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ផងដែរ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​បាន​ថា បញ្ហា​បរិស្ថាន​គឺ​អ្វីៗ​ដែល​ស្ថិតនៅ​ជុំវិញខ្លួន​យើង​ឱ្យ​ស្រស់​​បំព្រង​ឱ្យ​បរិស្ថាន​ល្អ ទើប​មាន​សុខភាព​ល្អ ហើយ​ជីវភាព​គ្រួសារ​នៅក្នុង​សង្គម​មាន​ការរីកចម្រើន តែបើ​កាលណា​អ្វីៗ​នៅ​ជុំវិញខ្លួន​យើង អួអាប់ វា​អួអាប់​តាម​ហ្នឹងហើយ​»​។

បើតាម​លោក សុខ សុខុម បច្ចុប្បន្ននេះ អាជ្ញាធរ​បានរៀបចំ​ឱ្យមាន​ការប្រមូល​សំរាម​ចេញពី​ហាង​ពី​គេហដ្ឋាន​ និង​ពី​កាសីណូ​តាម​ពេលវេលា​ដែល​បានកំណត់​​ និង​រថយន្ត​ដឹក​សំរាម​ម៉ោង​ណា​ទៅយក​នៅ​ទីតាំង​ណា​ក៏ត្រូវ​បានកំណត់​ត្រឹមត្រូវ​ផងដែរ​។

យ៉ាងណាក្ដី​លោក​ថា មាន​ម្ចាស់​​ផ្ទះ​ និង​ហាង​មួយចំនួន​តូច​នៅ​​តែ​ល្មើស​ដោយ​មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​ពេលវេលា​ឡើយ​។

ជាមួយ​គ្នា​នេះ រថយន្ត​ដឹកសំរាម​ក៏មាន​ការខកខាន និង​យឺត​ពេល​មក​ប្រមូល​សំរាម​ឱ្យ​​បាន​ទាន់​ពេលខ្លះ​ដែរ ជាហេតុ​ធ្វើឱ្យ​សំរាម​ពេលខ្លះ​មាន​ក្លិនស្អុយ ជាពិសេស​គឺ​គ្រឿង​សមុទ្រ វា​ឆាប់​ធុំក្លិន​ណាស់ ហើយ​វា​ប៉ះពាល់​បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​ទៀតផង​។

ជុំវិញ​ករណីនេះ ភ្នំពេញ​ ប៉ុស្ដិ៍​​ មិនអាច​ទាក់ទង​អ្នក​ទទួល​ខុសត្រូវ​កាស៊ីណូ វ៉ាន់ឆាវ ដើម្បី​សុំការបំភ្លឺ​បានឡើយ កាលពី​​ថ្ងៃទី​ ១១ វិច្ឆិកា​៕